ជាតិ
បទវិភាគ
លិខិតមិត្តអ្នកអាន៖ ៦៩​ឆ្នាំ នៃ​ដំណើរ​ឡើង​-​ចុះ គណបក្ស​ប្រជាជន​កាន់តែ​រួបរួម ​កាន់តែ​រឹងមាំ និង​នៅតែ​ជា​ជម្រើស​តែមួយគត់​របស់​ប្រជាជន​កម្ពុជា​
29, Jun 2020 , 11:50 am        
រូបភាព
​ដោយ លោក សំ រិទ្ធី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​
 
​ថ្ងៃអាទិត្យ ទី​២៨ ខែមិថុនា ឆ្នាំ ២០២០​នេះ គឺជា​ខួប​លើក​ទី​៦៩ នៃ​កំណើត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ថ្ងៃនេះ​ផ្ទាល់​មហាជន​សង្កេតឃើញ​មានការ​អបអរសាទរ​ពី​សំណាក់​ថ្នាក់ដឹកនាំ សមាជិក សមាជិកា និង​យុវជន​របស់​គណបក្ស​ប្រជាជន តាមរយៈ​ការ​បង្ហោះ​សារ​ដឹងគុណ និង​អបអរសាទរ​លើ   បណ្តាញ​ទំនាក់ទំនង​សង្គម​យ៉ាង​សន្ធឹកសន្ធាប់​។ ផ្តើមចេញពី​ចលនា​តស៊ូ​របស់​ប្រជាជន​កម្ពុជា ក្នុង​បុព្វហេតុ​ទាមទារ​ឯករាជ្យ​ពី​អាណានិគម​បារាំង គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ចាប់បដិសន្ធិ​នា​ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ​១៩៥១ បាន​ឆ្លងកាត់​ដំណើរ​ឡើង​-​ចុះ​ជាច្រើន​បន្តបន្ទាប់​ក្នុង​រយៈពេល​៦៩​ឆ្នាំ និង​បានបង្ហាញ​យ៉ាងច្បាស់​ពី​ភាព​កាន់តែ​រួបរួម និង​កាន់តែ​រឹងមាំ​របស់ខ្លួន ជាពិសេស​ការបន្ត​ជា​ជម្រើស​តែមួយគត់​របស់​ប្រជាជន​កម្ពុជា​។


 
​បើ​មើលទៅ​ដំណើរ​របស់​គណបក្សកាន់អំណាច​មួយ​នេះ​ក្នុង​រយៈពេល​៤២​ឆ្នាំ​ចុងក្រោយ បន្ទាប់ពី​ការរំដោះ​ប្រជាជាតិ​ពីរ​បប​ប្រល័យពូជសាសន៍ ប៉ុល ពត គណបក្ស​ប្រជាជន​កម្ពុជា​តែង​បង្ហាញ​ភាពរឹងមាំ និង​មោះមុត​របស់ខ្លួន​ក្នុងការ​ដឹកនាំ​ដោយ​ការប្រកាន់​ខ្ជាប់​នូវ​បុព្វហេតុ​បម្រើប្រជាជន ការពារ​សុខសន្តិភាព និង​រក្សា​និរន្តរភាព​នៃ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។

ដោយឡែក បើ​ពិនិត្យ និង​កត់សម្គាល់​លើ​ការលើកឡើង​ជារឿយៗ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន  សារសំខាន់ៗ​ដែល​បង្ហាញ​ពី​សមិទ្ធផល ឬ​ស្នាដៃ​ដែល​សម្រេចបាន តែង​រំលេច​ភ្ជាប់​ជាមួយនឹង​ការឆ្លងកាត់​ឧបសគ្គ និង​ការលំបាក​ជាច្រើន​។ ជាក់ស្តែង ព្រឹត្តិការណ៍​ធំៗ​មួយចំនួន ត្រូវបាន​រៀបរាប់​ដើម្បី​ឆ្លុះបញ្ចាំង​ពី​ការកសាង និង​ស្តារ​ប្រទេស ឡើងវិញ​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​។ 
 
​ចន្លោះ​ឆ្នាំ​១៩៧៨ ដល់​១៩៩៣ ការរំដោះ​ប្រទេស​ពី​សង្គ្រាម​ផ្ទៃក្នុង​ដ៏​រ៉ាំ​រៃ និង​ការដឹកនាំ​ប្រទេស​ខណៈដែល​សង្គម​បន្ត​មាន​អស្ថិរភាព ការគ្រប់គ្រង​ប្រទេស​ដែល​មិនទាន់មាន​ការរួបរួម​ពេញលេញ​នៃ​រដ្ឋអំណាច និង​កងកម្លាំងប្រដាប់អាវុធ  ក៏ដូចជា​ការព្យាយាម​យ៉ាង​មោះមុត​ដើម្បី​ដឹកនាំ​ប្រទេស​ក្នុងស្ថានភាព​ដែល​កម្ពុជា​បន្ត​ទទួលរង​សម្ពាធ​ពី​បណ្តា​ប្រទេស​មួយចំនួន​។ ក្នុងដំណាក់កាល​នោះ ទាមទារ​ឱ្យ    រដ្ឋាភិបាល ត្រូវ​គិតគូរ​គ្រប់​ជ្រុងជ្រោយ​ទាំង​ការទប់ស្កាត់​ការពារ​កុំឱ្យ​របប​ខ្មែរក្រហម​វិល​ត្រលប់​មកវិញ​ផង និង​មួយផ្នែក​ត្រូវ​ស្តារ កសាង និង​អភិវឌ្ឍ​ប្រទេសជាតិ​ឆ្ពោះទៅមុខ​ផង​។ បើ​មើល​ទៅលើ​ទិដ្ឋភាព​ការបរទេស​វិញ រដ្ឋាភិបាល​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តរជាតិ គឺ​មិនទាន់មាន​ការទទួលស្គាល់​ជា​ផ្លូវការ​នៅឡើយ នៅពេលនោះ​។

បន្ទាប់មក នៅ​ឆ្នាំ​១៩៩៧ មានការ​ផ្ទុះអាវុធ​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ និង​បញ្ហា​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី ដែល​កម្ពុជា​ផ្ទាល់​បាន​រង​ការប៉ះពាល់​យ៉ាងខ្លាំង​ទាំង​សង្គម និង​សេដ្ឋកិច្ច​។ សង្គ្រាម​បាន​បង្ក​ការខាតបង់​ជាច្រើន​ស្ទើរ​គ្រប់​វិស័យ រីឯ​ប្រជាជន​នៅតែមាន​ការភ័យខ្លាច ខណៈ​វិបត្តិ​ហិរញ្ញវត្ថុ​ក្នុង​តំបន់ ធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​កម្ពុ​ជាមាន​ថមថយ​គួរឱ្យកត់សម្គាល់​។ ក្នុង​ឆ្នាំ​២០០៨  វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី និង​ពិភពលោក បានកើត​ឡើង ដែល​ពេលនោះ​លំនឹង​សេដ្ឋកិច្ចកម្ពុជា​ផ្ទាល់​មិនទាន់មាន​សភាព​ច្បាស់លាស់​នៅ    ឡើយ​។ អំឡុង​ពេលដែល​ដៃ​ម្ខាង​របស់​កម្ពុជា​កំពុង​ខិតខំ​ទប់ទល់​ការលំបាក​ផ្នែក​សេដ្ឋកិច្ច ដៃ​ម្ខាង​ទៀត​ត្រូវការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​ក្នុង​ព្រឹត្តិការណ៍​ប្រាសាទព្រះវិហារ និង​ថែមទាំង​ត្រូវ​គិតគូរ​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៤ ដែលជា​កាតព្វកិច្ច​ខាន​ពុំបាន​ស្របតាម​គោលការណ៍​លិ​ទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
 
​ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ឆ្លងកាត់​ព្រឹត្តិការណ៍​ប៉ុនប៉ង​ជា​បន្តបន្ទាប់​នៃ​ការធ្វើ​បដិវត្តន៍​ពណ៌​ប្រឆាំង និង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឆ្នាំ​២០១៣​។  ដោយឡែក ថ្មីៗ​នេះ គិត​ចាប់ពី​ដើមឆ្នាំ​២០២០ ខណៈ​ប្រទេស​ក្នុង​ពិភពលោក​ជួប​វិបត្តិ​នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ កម្ពុជា​ក៏​ទទួលរង​នូវ​ផលប៉ះពាល់​ទាំង​ផ្នែក​សង្គម និង​សេដ្ឋកិច្ច​ផងដែរ​។​


 
​បើទោះបី​ជាមាន​ឧបសគ្គ និង​ការលំបាក​ដូច​បាន​ឆ្លុះបញ្ចាំង​ខាងលើ​ក៏ពិតមែន តែ​ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​បង្ហាញ​ជំហរ​រួបរួម រឹងមាំ ជាមួយនឹង​ការសម្រេចបាន​ស្នាដៃ និង​សមិទ្ធផល​នានា​ដែល​បម្រើ​ដល់​ប្រយោជន៍​ប្រជាជន​កម្ពុជា ដោយ​ប្រកាន់ខ្ជាប់​នៅ​ទិស​ស្លោក​៖ «​គណបក្ស​ប្រជាជន ជា​របស់​ប្រជាជន ដោយសារ​ប្រជាជន និង​ដើម្បី​ប្រជាជន​»​។ 
 
​ឆ្នាំ​១៩៩៨ សង្គ្រាម​រ៉ាំ​រៃ​ក្នុងប្រទេស​ត្រូវបាន​បញ្ចប់​ទាំងស្រុង​ក្រោម​ការអនុវត្ត​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​មូលដ្ឋាន​នៃ​សុខសន្តិភាព​នេះ បានធ្វើឱ្យ​សេដ្ឋកិច្ចកម្ពុជា កើន​ជា​មធ្យម​ក្នុង​រង្វង់​៧% ក្នុង​មួយឆ្នាំ ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​ចុង​ក្រោយនេះ​។ អ្វីដែល​គួរឱ្យកត់សម្គាល់​ថែមទៀត​នោះ គឺ​ការអភិវឌ្ឍ​ពី​ប្រទេស​ចំណូល​ទាប មកជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ទាប គិត​ត្រឹម​ឆ្នាំ​២០១៥​។  រីឯ​អត្រា​ភាពក្រីក្រ​នៅ​កម្ពុជា បាន​បន្ត​ធ្លាក់ចុះ​ជា​លំដាប់​ពី​ជាង​៥៣.២%  មក​នៅក្រោម​១០% គិត​ត្រឹម​ឆ្នាំ​២០១៩​។ ទន្ទឹមនេះ​កម្ពុជា មានឱកាស​បង្ហាញ​សក្តានុពល ដែល​មិន​ធ្លាប់មាន​សម្រាប់​ការអភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច​លើ​គ្រប់ផ្នែក គ្រប់​វិស័យ ក្នុងនាម​ជា​ម្ចាស់​លើ​ជោគវាសនា​របស់ខ្លួន ខណៈ​ទទួលបាន​ភាព​ស្មើមុខ​មាត់​ទាំង​ថ្នាក់​តំបន់ និង​នៅលើ​ឆាក​អន្តរជាតិ​។ 
 
​ពាក់ព័ន្ធ​នឹង​ស្ថានភាព​បច្ចុប្បន្ន​ក្នុងដំណាក់កាល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន បានបង្ហាញ​ភាព​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ប្រជាជន​របស់ខ្លួន តាមរយៈ​ការដាក់ចេញ​នូវ​វិធានការ និង​យន្តការ​ជា​បន្តបន្ទាប់​ស្របតាម​ស្ថានភាព​ជាក់ស្តែង​, ការរៀបចំ​ឱ្យមាន​កម្មវិធី​សប្បុរស​កៀរគរ​ការចូល​រួម​ពី​សាធារណជន ដើម្បី​រួមគ្នា​ទប់ស្កាត់ និង​បង្ការ​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​។ ត្រង់ចំណុច​ការចូលរួម​នេះ បន្ទាប់ពី​មានការ​ប្រកាស​ពី​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ សមាជិក សមាជិកា​របស់​គណបក្ស​ប្រជាជន បានបង្ហាញ​ស្មារតី គាំទ្រ​ចូលរួម​យ៉ាង​ខ្លាំងក្លា ដោយ​ការស្ម័គ្រចិត្ត​កាត់​ប្រាក់បៀវត្ស​របស់ខ្លួន​តា​ម​លទ្ធភាព ឧបត្ថម្ភ​ចូលរួម​ក្នុង​យុទ្ធនា​ការប្រឆាំង​ជំងឺ​កូ​វីដ​១៩ ជាមួយ​រាជរដ្ឋាភិបាល​។ ជាមួយនេះ នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​ដាក់ឱ្យអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ផងដែរ​។ 
 
​ជារួម​ក្នុង​ដំណើរ​ឡើង​-​ចុះ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឆ្លងកាត់ គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្សកាន់អំណាច​នេះ បាន​បន្តដំណើរ​ទៅមុខ​កាន់តែ​រឹងមាំ ជាមួយនឹង​ការរួបរួម គាំទ្រ​ឥត​ងាករេ​របស់​សមាជិក សមាជិកា​របស់ខ្លួន​ក្រោម​ស្មារតី​នៃ​ការលះបង់ និង​ការដាក់​ប្រយោជន៍​ប្រជាជន និង​ប្រទេសជាតិ​ជា​ចម្បង ។ បើទោះបីជា​បាន​ឆ្លងកាត់​កត្តា​ប្រឈម​ជាច្រើន មិន​ថា​កត្តា​សន្តិសុខ​ជាតិ កត្តាសេដ្ឋកិច្ច កត្តា​ក្នុងស្រុក និង​អន្តរជាតិ ឬ​បញ្ហា​ពិភពលោក អ្វី​ដែលជា​ជោគជ័យ​មួយ​ក្នុងចំណោម​ជោគជ័យ​នានា​នោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​បន្ត​ជា​ជម្រើស​តែមួយគត់​របស់​ប្រជាជន​កម្ពុជា ក្នុង​រយៈពេល​៤២ ឆ្នាំ​ចុងក្រោយ​៕



© រក្សាសិទ្ធិដោយ thmeythmey.com