ច្បាប់សន្តិសុខជាតិទីក្រុងហុងកុងជាច្បាប់មួយដ៏ចម្រូងចម្រាសមួយ និងត្រូវបានប្រជាជនហុងកុងភាគច្រើនចាត់ទុកថាជាវិធានការសម្រាប់រឹតត្បិតសិទ្ធិសេរីភាពដើរផ្ទុយនឹងគោលការណ៍ប្រទេសមួយ ប្រព័ន្ធពីរ»។ យ៉ាងណាមិញ មន្ត្រីជាន់ខ្ពស់ហុងកុង និងទីក្រុងប៉េកាំងបន្តបកស្រាយថា ច្បាប់នេះជាឧបករណ៍ដើម្បីការពារទីក្រុងហុងកុង និងមានគោលដៅ ការពារគោលការណ៍ប្រទេសមួយប្រព័ន្ធពីរទៅវិញ»។ តើច្បាប់នេះត្រូវបានបង្កើតឡើងក្នុងគោលដៅបែបណាឲ្យប្រាកដ?
តាមការរំពឹងទុក គណៈអចិន្ត្រៃយ៍សភាប្រជាជនចិន នឹងសម្រេចអនុម័តសេចក្តីស្នើច្បាប់សន្តិសុខជាតិក្រុងហុងកុង ឲ្យបានមុនខួបអង់គ្លេសប្រគល់ហុងកុងឲ្យចិន នៅថ្ងៃទី១ ខែកក្កដា។ ក្រោយ អនុម័តហើយ អំណាចធានានីតិវិធីតាក់តែងសេចក្តីស្នើច្បាប់ ក៏ដូចជាការអនុម័តនឹងធ្លាក់លើគណៈអចិន្ត្រៃយ៍នៃសភាប្រជាជនចិន។ អ្វីដែលសំខាន់នោះ ក្នុងពេលដែលបទបញ្ញត្តិនេះចូលជាធរមាន វានឹងផ្តល់អំណាចឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំងបង្កើតទីភ្នាក់ងារមួយ។ នោះគឺ ទីភ្នាក់ងារដែលដឹកនាំដោយប្រធានប្រតិបត្តិហុងកុងនេះដែលមានឈ្មោះថា «ការិយាល័យស្នងការសន្តិសុខជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ទទួលបន្ទុកដែនដីរដ្ឋបាលពិសេសទីក្រុងហុងកុង»។ ស្ថាប័នថ្មីនេះមានសមាជិកជាទីប្រឹក្សាមួយក្រុម ដែលតែងតាំងដោយទីក្រុងប៉េកាំង។ ចំណែកក្រុមប្រឹក្សានៃអង្គចៅក្រម ដែលទទួលបន្ទុកក្នុងរឿងក្តីក្តាំនានាពាក់ព័ន្ធនឹងបញ្ហាសន្តិសុខជាតិ នឹងត្រូវជ្រើសតាំងដោយប្រធានប្រតិបត្តិទីក្រុងហុងកុង។
បើតាមទីភ្នាក់ងារព័ត៌មានXinhua ប្រធានប្រតិបត្តិទីក្រុងហុងកុង នឹងដឹកនាំការិយាល័យស្នងការសន្តិសុខជាតិមួយនេះ។ រាល់ជនល្មើសដែលរងការចោទប្រកាន់ពីបទល្មើសមួយចំនួនដូចជា វិទ្ធង្សនា ការបង្កើតអបគមន៍ ចលនាភេរវកម្ម និងបទសមគំនិតជាមួយបរទេសជាដើមនោះ នឹងត្រូវកាត់ទោសដោយក្រុមប្រឹក្សានៃអង្គចៅក្រម ដែលត្រូវបានតែងតាំងដោយប្រធានប្រតិបត្តិទីក្រុងហុងកុង។
សេចក្តីស្នើច្បាប់សន្តិសុខជាតិហុងកុងនៅពេលនេះ មិនមែនជាសេចក្តីស្នើច្បាប់លើកទីមួយទេ។ នៅក្នុងឆ្នាំ២០០៣ រដ្ឋាភិបាលហុងកុង បានធ្វើសេចក្តីស្នើច្បាប់មួយ ដែលមានលក្ខណៈស្រដៀងនឹងសេចក្តីស្នើច្បាប់សន្តិសុខជាតិហុងកុងក្នុងពេលបច្ចុប្បន្នដែរ ប៉ុន្តែនៅក្នុងសម័យនេះ វាត្រូវបានគេហៅថា សេចក្តីស្នើច្បាប់ប្រឆាំងវិទ្ធង្សនា (Anti-subversion Bill)។ ទាក់ទិននឹងបញ្ហានេះ ប្រជាជនហុងកុងជាច្រើនម៉ឺននាក់ បានចេញមកធ្វើបាតុកម្ម ហើយសេចក្តីស្នើច្បាប់នេះត្រូវគេលុបចោលវិញ។
ពិតណាស់ នៅក្នុងក្រសែភ្នែករបស់ប្រជាជនហុងកុង ជាពិសេសក្រុមអ្នកប្រឆាំង ច្បាប់សន្តិសុខជាតិ គ្មានលទ្ធផលល្អឡើយសម្រាប់ពួកគេក្នុងពេលខាងមុខ។ ច្បាប់នេះ គឺគ្រាន់តែជាវិធានការសម្រាប់ដាក់ទោសទណ្ឌក្រុមអ្នកប្រឆាំង ឬក្រុមបាតុករតែប៉ុណ្ណោះ។ កន្លងមកលោក Joshua Wong សកម្មជនប្រជាធិបតេយ្យហុងកុងដ៏ល្បីល្បាញនោះ បានអះអាងថា ខ្លួនក្លាយជាគោលដៅសំខាន់នៃច្បាប់សន្តិសុខជាតិ ដ្បិតថាលោកធ្លាប់ប្រមូលផ្ដុំមនុស្សតវ៉ាប្រឆាំងនឹងការលូកដៃរបស់ចិនក្នុងកិច្ចការហុងកុង ប្រមូលមនុស្សធ្វើបាតុកម្មប្រឆាំងចិននៅបរទេស រួមទាំងជួបពិភាក្សាជាមួយក្រុមអ្នកនយោបាយអាមេរិក និងអឺរ៉ុបជាដើមទៀត។
លើសពីនេះទៅទៀតនោះ ច្បាប់នេះ គឺប្រៀបដូចជាដកហូតសិទ្ធិសេរីភាពរបស់ប្រជាជនហុងដូច្នេះដែរ។ នោះក៏ដោយសារ ទោះចង់ ឬមិនចង់ សិទ្ធិសេរីភាពរបស់ប្រជាជនហុងកុងខ្លះប្រហែលជាត្រូវគេរឹតត្បិតហើយ ដោយសារសកម្មភាពមួយចំនួនស្ថិតក្រោមការហាម បើផ្អែកលើច្បាប់សន្តិសុខជាតិនេះ។
ម្យ៉ាងវិញទៀត វាក៏ប្រៀបដូចជាចំណាត់ការមួយដែលមានគោលដៅបំផ្លាញគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ»ដែរ។ កន្លងមក ទីក្រុងប៉េកាំង នឹងអាចបន្តលូកដៃចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់ហុងកុងតាមរយៈទីភ្នាក់ងាររបស់ខ្លួន ដែលត្រូវតាំងមូលដ្ឋាននៅក្នុងទីក្រុងស្វយ័តមួយនេះ។ ឥទ្ធិពលចិន នឹងកើនឡើងថែមទៀត។ ដូចឃើញស្រាប់ ដើម្បីបម្រើប្រយោជន៍ខ្លួននេះហើយ ទីក្រុងប៉េកាំងព្យាយាមពន្លឿនទាំងដំណើរការបង្កើតច្បាប់ជារួមជារួម ទាំងការតាក់តែង ក៏ដូចជាអនុម័តដែរ។ គិតមកត្រឹមពេលនេះ វាមានរយៈពេលជាង ១ខែប៉ុណ្ណោះ។ ឯបញ្ហាមេរោគឆ្លង COVID-19 នោះក៏ត្រូវបានក្រុងប៉េកាំងប្រើប្រាស់ជា ឱកាសសម្រាប់ពន្លឿននីតិវិធីនេះដែរ។
វាច្បាស់ណាស់ថា ប្រជាជនហុងកុង អាចចេញមកធ្វើបាតុកម្ម ប៉ុន្តែដោយសារមេរោគ ប្រជាជនហុងកុងមិនច្រើនឡើយដែលសម្រេចចិត្តចេញតវ៉ា។ ក្នុងបរិបទនេះទៀត អាជ្ញាធរហុងកុង ក៏កាន់តែមានលទ្ធភាពកំណត់ចំនួនមនុស្សជួបប្រជុំរួច ដោយលើកហេតុផលថា ខ្លួនព្យាយាមការពារ និងបង្ការការរាតត្បាតនៃ មេរោគឆ្លង។
យ៉ាងណាក៏ដោយចុះ ការអនុម័តច្បាប់សន្តិសុខជាតិហុងក៏មិនមែនជាវិធីសាស្ត្រល្អសម្រាប់ក្រុងប៉េកាំងដែរ ព្រោះដូចឃើញស្រាប់ហើយ រដ្ឋាភិបាលនេះបន្តរងការទិតៀនខ្លាំងពីសំណាក់បណ្តាប្រទេសនានាជាច្រើន ទាំងគូប្រជែងដូចជាអាមេរិក និងទាំងដៃគូរកស៊ីជាមួយផងដូចជាអឺរ៉ុប។ កន្លងមកអឺរ៉ុប រិះគន់ចិនម្តងហើយជុំវិញបញ្ហាច្បាប់សន្តិសុខជាតិនេះ ហើយវាក៏អាចប៉ះពាល់ដល់កិច្ចព្រមព្រៀងវិនិយោគរវាងចិន និងអឺរ៉ុប ជាពិសេសគឺទំហំពាណិជ្ជកម្មជាច្រើនពាន់លានដុល្លារ។
ចំណែកអាមេរិកដែលកំពុងមានទំនាក់ទំនងអាក្រក់ជាមួយជាមួយគ្នាស្រាប់នោះកំពុងរកវិធីបន្ថែមសម្ពាធប្រឆាំងចិនកាន់តែខ្លាំងថែមទៀត។ ជាក់ស្តែងព្រឹទ្ធសភាអាមេរិក បានអនុម័តសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មលើមន្ត្រីចិនមួយចំនួន ដោយលើកយកបញ្ហាសន្តិសុខជាតិហុងកុងនេះជាសម្អាងដែរ។ ចំណែកប្រមុខការទូតអាមេរិកវិញ បានប្រកាសពីវិធានការរឹតបន្តឹងទិដ្ឋាការសម្រាប់មន្ត្រីបក្សកុម្មុយនិស្តចិន និងអតីតមន្ត្រីបក្សកុម្មុយនិស្តចិន ដែលមានពាក់ព័ន្ធនឹងច្បាប់នេះដូចគ្នា។
យ៉ាងណាក៏ដោយចុះ ច្បាប់សន្តិសុខជាតិហុងកុងមិនមែនសុទ្ធតែអាក្រក់ទាំងស្រុងដែរ។ និយាយបែបនេះដោយសារ វាក៏អាចជាឧបករណ៍មួយសម្រាប់រក្សាស្ថិរភាពនៅក្នុងទីក្រុងប៉េកាំង និងទប់ស្កាត់ចលនាបះបោរនៅក្នុងទីក្រុងហុងកុងក្នុងកាលៈទេសៈមិនច្បាស់លាស់ដូចសព្វថ្ងៃនេះ។ កន្លងមកទីក្រុងហុងកុង មិនមានឡើយច្បាប់សន្តិសុខជាតិ ហើយវាចាំបាច់ណាស់ដែលទីក្រុងនេះត្រូវបង្កើតវិធានការជាក់លាក់ខ្លះដើម្បីធានាស្ថិរភាព សណ្តាប់ធ្នាប់ និងសន្តិភាពជារួមដែរ។ សូម្បីតែ មហាសេដ្ឋីលំដាប់ទី២ ប្រចាំទីក្រុងហុងកុង លោកលី កាស៊ីង ក៏ធ្លាប់បានលើកឡើងដែរថា ប្រជាជនហុងកុង មិនគួរគិតហួសខ្លាំងពេកទេចំពោះច្បាប់ប្រភេទនេះ ដ្បិតថា នៅប្រទេសណាក៏ដោយក៏សុទ្ធតែមានវិធានការផ្លូវច្បាប់ស្រដៀងគ្នានេះដែរដើម្បីការពារសន្តិសុខជាតិនិងផលប្រយោជន៍ជាតិ។
ជារួម ច្បាប់សន្តិសុខជាតិហុងកុង មិនមែនអាក្រក់ខ្លាំងសម្រាប់ប្រជាជនហុងកុង ហើយក៏មិនមែនល្អបំផុតសម្រាប់រដ្ឋាភិបាលទីក្រុងប៉េកាំងដែរ។ វាមានភាពវិជ្ជមាន និងអវិជ្ជមាន ហើយគ្រប់យ៉ាង វាអាស្រ័យលើការអនុវត្តជាក់ស្តែងពីសំណាក់អាជ្ញាធរនៅក្នុងទីក្រុងនេះប៉ុណ្ណោះ។ កន្លងមកសកម្មភាពបាតុកម្មមួយចំនួន នៅក្នុងទីក្រុងហុងកុងក៏បង្កផលប៉ះពាល់ខ្លាំងដល់សណ្តាប់ធ្នាប់និងធ្វើឲ្យកកស្ទះដល់ការងារមួយចំនួន ជាពិសេសទីក្រុងមួយនេះប្រឈមខ្លាំងនឹងការបាត់បង់កំណើនសេដ្ឋកិច្ចផង។ ចំណែកទីក្រុងប៉េកាំងវិញនោះ ក៏មិនសូវទទួលបានចំណេញដែរពីការជំរុញអនុម័តច្បាប់សន្តិសុខជាតិសម្រាប់តំបន់រដ្ឋបាលពិសេសនេះ ដោយហេតុថា ខ្លួនត្រូវបន្តប្រឈមមុខជាមួយសហគមន៍អន្តរជាតិ និងអាចឈានទៅបាត់បង់ប្រយោជន៍ពីដៃគូពាណិជ្ជកម្មដែលមានសក្តានុពលដូចជាអឺរ៉ុប និងអាមេរិកជាដើមដែរ៕