ដោយ៖ ប៉ូ សុភា
ភ្នំពេញ៖ ពលរដ្ឋជាច្រើនក្រុម នាំគ្នាទៅហែលទឹកទន្លេ នៅជិតមជ្ឈមណ្ឌលកោះពេជ្រជារៀងរាល់ព្រឹក។ ពួកគេ យល់ឃើញថា ទន្លេជាអាងហែលទឹកធម្មជាតិមួយ ដែលជួយព្យាបាលជំងឺ និងសុខភាពពួកគេ។
ម៉ោង៥ព្រឹក មេឃមិនទាន់ភ្លឺស្រួលបួលផង មានប្រជាពលរដ្ឋវ័យកណ្ដាល និងវ័យចំណាស់ជាច្រើនក្រុម ដែលមានអាយុចាប់ពី ៣០ឆ្នាំ ដល់៧០ឆ្នាំ បាននាំគ្នាធ្វើដំណើរមកដល់កោះពេជ្រហើយ ដោយអ្នកខ្លះយួរ និងកាន់ថង់ដាក់ឧបករណ៍ និងសម្លៀកបំពាក់ សម្រាប់ចុះងូតទឹកទន្លេ នៅជាប់ទីនោះ។ ដៃម្ខាងកាន់ពោងហែល រីឯដៃមួយទៀតកាន់ដបទឹកនោះ លោក ស៊ូ ផល្លី បានបញ្ជាក់ថា មូលហេតុដែលលោក និងចាស់ៗផ្សេងទៀត បានណាត់គ្នា មកហែលទឹកទន្លេនៅទីនេះរៀងរាល់ព្រឹកនោះ ដោយសារយល់ឃើញថា ការហែលទឹកនេះ វាជួយព្យាបាលបញ្ហាសរសៃ និងជំងឺក្នុងខ្លួន។ និយាយទាំងទឹកមុខញញឹមតិចៗ បុរសវ័យ៥៩ឆ្នាំ បាននិយាយដូច្នេះថា៖ «នៅពេលខ្ញុំបានមកហែលទឹកធ្វើឲ្យយើងបាត់ឈឺខ្លួន ឈឺប្រាណ បាត់ឈឺចង្កេះហើយសុខភាពខ្ញុំក៏ល្អជាងមុនដែរ»។
មុនផ្ទុះជំងឺកូវីដ-១៩ តាមបណ្ដោយមាត់ទន្លេជាប់កោះពេជ្រនេះ មានពលរដ្ឋចាប់ពីវ័យកណ្ដាលឡើងទៅ ប្រមាណ១០០នាក់ នាំគ្នាហែលទឹកជាប្រចាំ។ ប៉ុន្តែបច្ចុប្បន្ននេះ មានពលរដ្ឋជាង៥០នាក់ប៉ុណ្ណោះ ដែលនៅបន្តសកម្មភាពហែលទឹកទន្លេនេះ។ ពួកគេភាគច្រើនមកពីតំបន់ផ្សេងគ្នាជាក្រុមៗ ដោយអ្នកខ្លះមកពីតំបន់ច្រាំងបាក់ ខណ្ឌច្បារអំពៅ , ម្ដុំទួលសង្កែ ខណ្ឌឫស្សីកែវ, ម្ដុំចំការដូង ខណ្ឌដង្កោ និងម្ដុំចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញជាដើម។
ជិត៣ឆ្នាំហើយ ដែលលោក អ៊ូ បូរ៉ា អាយុ ៤២ឆ្នាំ បានមកហែលទឹកទន្លេរាល់ព្រឹក ជាមួយអ្នកភូមិដទៃទៀត។ លោកជ្រើសរើសការហែលទឹកទន្លេនេះ ដោយសារគិតថា ទន្លេជាទឹកបែបធម្មជាតិ ហើយចរន្ដទឹកផ្លាស់ប្ដូរជារៀងរាល់ថ្ងៃ ធ្វើឲ្យទឹកមានសភាពស្អាតជាងទឹកអាង នៅតាមមជ្ឈមណ្ឌលកម្សាន្តឯកជននានា។
«ការហែលនៅក្នុងទឹករបស់ខ្ញុំជារៀងរាល់ព្រឹកនៅទីនេះ វាដូចជាការលេបថ្នាំបំបាត់ការឈឺចាប់នៅក្នុងខ្លួនដូច្នេះ។ និយាយទៅ អាចនិយាយបានថា ហែលទឹកនេះ ដើម្បីជំនួសការប្រើថ្នាំពេទ្យរបស់ខ្ញុំ»។ នេះបើតាមលោក អ៊ូ បូរ៉ា។
ការទៅហែលទឹកទន្លេនេះ មិនមែនមានន័យថា ពួកគាត់ទាំងនោះ គ្មានប្រាក់បង់ឱ្យក្លិបហែលទឹក នៅតាមមជ្ឈមណ្ឌលនានាទេ ។ ដើរបណ្ដើរ និយាយគ្នាបណ្ដើរ ទាំងទឹកមុខរីករាយ អ្នកស្រី អ៊ាវ ស៊ូ បានបោះបង់ចោលសកម្មភាពហែលទឹកក្នុងអាង ហើយងាកមកហែលទឹកទន្លេជាមួយស្ត្រីដទៃទៀតវិញម្ដង។ ស្ត្រីមានវ័យ៦២ឆ្នាំ ដែលជាសមាជិកក្នុងក្លិបហែលទឹកឯកជនមួយកន្លែងក្នុងក្រុងភ្នំពេញនោះ តែងតែចំណាយថវិកាប្រមាណ ២០០ទៅ៣០០ដុល្លាក្នុងមួយឆ្នាំៗ សម្រាប់បង់ឱ្យក្លិបហែលទឹក។ បើតាមអ្នកស្រី អ៊ាវ ស៊ូ ការហែលទឹកទន្លេធម្មជាតិនេះ ធ្វើឱ្យអារម្មណ៍អ្នកស្រីស្រស់ស្រាយ និងកាត់បន្ថយជំងឺតូចតាចផ្សេងៗទៀតផង។
លោកស្រីបានបន្តថា៖ « មកហែលទឹកនៅទីនេះ ស្រួលហែលណាស់។ អត់ទើសគ្នាទេ។ ខ្ញុំហែលតែមួយរយៈ បាត់ឈឺកជើង និង ស្រួលសរសៃជាងមុនច្រើន ក៏ដោយសារថា ក្នុងទន្លេមានទីធ្លាធំស្រួលធ្វើចលនា»។
នៅក្បែរគ្នានោះដែរ លោក ឡាយ មុន្នី ដែលទើបងើបឡើងពីទឹកទន្លេនោះ បានឆ្លៀតប្រាប់សារព័ត៌មានថ្មីៗថា លោកបានផ្អាកទៅព្យាបាលជំងឺសរសៃ នៅក្រៅប្រទេសជិត១ឆ្នាំហើយ ក្រោយឧស្សាហ៍ព្យាយាមហែលទឹកជារៀងរាល់ថ្ងៃនេះ។ « ខ្ញុំធ្លាប់ទៅ ព្យាបាលជំងឺសរសៃច្រើនកន្លែងណាស់ហើយ ទៅដល់ទាំងស្រុកគេផង តែដូចជាមិនសូវទទួលបានផលទេ ។ ក៏ប៉ុន្តែបន្ទាប់ពីមកហែលទឹកនៅទីនេះ បញ្ហាសរសៃរបស់ខ្ញុំ បានធូរស្បើយជាលំដាប់»។ នេះជាការបញ្ជាក់របស់បុរសវ័យ៦០ឆ្នាំរូបនេះ។
ដ្បិតការហែលទឹកជួយដល់សរសៃ និងសន្លាក់ក្តី។ ប៉ុន្តែការហែលទឹកនេះ ក៏តម្រូវឲ្យមានការកម្ដៅសាច់ដុំ ទាំងមុនពេលហាត់ និងក្រោយពេលហាត់ ដើម្បីសម្រួលដល់រាងកាយនៅពេលធ្វើចលនា ទើបមានប្រសិទ្ធភាពខ្ពស់ដល់សុខភាព។ នេះបើតាមលោក លន់ ចន្ធូ ដែលទើបតែបញ្ចប់សិក្សាបរិញ្ញាប័ត្រជាន់ខ្ពស់ ផ្នែកវិជ្ជសាស្ត្រពីប្រទេសថៃ លើជំនាញសរសៃនិងចលនាទូទៅ។
លោក លន់ ចន្ធូ បានបញ្ជាក់ដូច្នេះថា៖«ការហែលទឹកវាពិតជាអាចជួយកាត់បន្ថយ ដល់ឈឺចាប់ដែលបង្កដោយបញ្ហាសរសៃមែន។ តែកត្តាដែលថា ហែលទឹកអាង ឬទឹកទន្លេមួយណាល្អសម្រាប់សុខភាពជាង ខ្ញុំមិនអាចនិយាយបានទេ។ តែបើនិយាយ លើសុវត្ថិភាពនោះ ពលរដ្ឋគួរតែជ្រើសរើសទៅអាងហែលទឹកទៅ មានសុវត្ថិភាពជាង»។
ទាំងលោក ស៊ូ ផល្លី លោក អ៊ូ បូរ៉ា លោក ឡាយ មុន្នី និងអ្នកស្រី អ៊ាវ ស៊ូ សុទ្ធតែដឹងពីហានិភ័យនៃការហែលទឹកទន្លេនេះ ប៉ុន្តែពួកគាត់បានអះអាងដូចគ្នាថា ពួកគាត់មានការប្រុងប្រយ័ត្ន និងការពារសុវត្ថិភាពដោយខ្លួនឯងជានិច្ច ខណៈអ្នកការពារនៅទីនោះ អនុគ្រោះឱ្យពួកគាត់ហែលទឹកទន្លេនេះ៕