វៀតណាម ប្តេជ្ញា​ប្រែក្លាយ រដ្ឋធានី​ហាណូយ​ជា​«​មជ្ឈមណ្ឌល​ប្រចាំ​អាស៊ី​បូព៌ា​» នៅ​ឆ្នាំ​២០៤៥
សេដ្ឋកិច្ច
អន្តរជាតិ
វៀតណាម ប្តេជ្ញា​ប្រែក្លាយ រដ្ឋធានី​ហាណូយ​ជា​«​មជ្ឈមណ្ឌល​ប្រចាំ​អាស៊ី​បូព៌ា​» នៅ​ឆ្នាំ​២០៤៥
30, Jun 2020 , 8:29 am        
រូបភាព
រូបភាព VNA
រូបភាព VNA
​ប្រមុខ​រដ្ឋាភិបាល​វៀត​ណា​ម បានដាក់​គោលដៅ និង​ប្តេជ្ញា​មុតមាំ​ក្នុងការ​តម្រែតម្រង់​រដ្ឋ​ធានី​របស់ខ្លួន​ឲ្យ​ក្លាយ​ជាម​មជ្ឈមណ្ឌល​រួមមួយ​ប្រចាំ​តំបន់ នៅពេល​ប្រទេស​របស់ខ្លួន ក្លាយជា​ប្រទេស​អភិវឌ្ឍន៍​។ ដើម្បី សម្រេច​គោលដៅ​នេះ ប្រមុខ​ដឹកនាំ​វៀតណាម នឹង​បន្តធ្វើ​កំណែទម្រង់​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ដើម្បី​ធានា ដល់​ភាពងាយស្រួល​សម្រាប់​ការវិនិយោគ និង​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ដៃគូ​ជាដើម​។

 
​លោកនាយក​រដ្ឋមន្ត្រី Nguyen Xuan Phuc តាមរយៈ​សន្និសីទ​ស្តីពី​កិច្ចសហប្រតិបត្តិការ​វិនិយោគ និង​អភិវឌ្ឍន៍ ហាណូយ ឆ្នាំ​២០២០ នៅ​ថ្ងៃ​២៧ មិថុនា បាន​លើកឡើងថា ហាណូយ ត្រូវតែ​ប្រែក្លាយជា​មជ្ឈមណ្ឌល​នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌ ប្រចាំ​តំបន់​អាស៊ី​បូព៌ា​នៅ​ឆ្នាំ​២០៤៥ នៅពេល​វៀតណាម ក្លាយជា​ប្រទេស​ជឿនលឿន​ផង​នោះ​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Vietnam News លោកនាយក​រដ្ឋមន្ត្រី​រូបនេះ បាន​លើកឡើងថា អាជ្ញាធរ​ក្រុង​ហាណូយ បាន​បង្កើត​លក្ខខណ្ឌ​ជម្រើស​ជាច្រើន​សម្រាប់​ដៃគូ​សេដ្ឋកិច្ច និង​អភិវឌ្ឍ ហើយ​សក្តានុពល​នេះ កន្លងមក​បាន​ទាក់ទាញ​គម្រោង​វិនិយោគ​បរទេស​ទ្រង់ទ្រាយ​ធំ​ជា​បន្តបន្ទាប់​ផងដែរ​។​
 
​ប្រមុខ​ដឹកនាំ​វៀតណាម បន្តទៀតថា កេរ្តិ៍ឈ្មោះ​ថ្មី​នេះ ធ្វើ​ឲ្យ​ហាណូយ បច្ចុប្បន្ន​មិន​ត្រឹមតែ​ជា​មជ្ឈមណ្ឌល​នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌​របស់​វៀតណាម​ប៉ុណ្ណោះ​នោះទេ ក៏ប៉ុន្តែ​ជា​មជ្ឈមណ្ឌល​មួយ​ប្រចាំ​អាស៊ីអាគ្នេយ៍ ហើយ​ត្រឹម​ឆ្នាំ​២០៤៥ ហាណូយ ក៏​នឹង​ក្លាយជា​មជ្ឈមណ្ឌល​មួយ​ប្រចាំ​អាស៊ី​បូព៌ា​ទៀតផង​។ 
 
​លោកនាយក​រដ្ឋមន្ត្រី អះអាងថា គោលដៅ​អភិវឌ្ឍន៍​ក្រុង​ហាណូយ លែង​ប្រកួតប្រជែង​ជាមួយនឹង​តំបន់​ក្នុងស្រុក​របស់​វៀតណាម​ទៀតហើយ ក៏ប៉ុន្តែ​ជាមួយនឹង​ទីក្រុង​ទំនើប​ផ្សេងទៀត​ក្នុង​តំបន់​ដូចជា បាងកក​របស់​ថៃ ហ្សា​ការ​តា​របស់​ឥណ្ឌូណេស៊ី សៀង​ហៃ​របស់​ចិន និង​ម៉ានីល​របស់​ហ្វីលីពីន​។​
 
​ជាមួយនឹង​ការដាក់​គោលដៅ​កែទម្រង់ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម​រូបនេះ បាន​លើកទឹកចិត្ត​ឲ្យ​អាជ្ញាធរ​ក្រុង​ហាណូយ បង្កើន​គុណភាព​ស្ថាប័ន និង​ផ្តោត​សំខាន់​លើ​ដំណោះស្រាយ​លើ​បញ្ហា​ប្រឈម​ដើម្បី​ជា​ផ្នែក​មួយ ក្នុង​ការកសាង​ផែនការមេ​សម្រាប់​រៀបចំ​គោលនយោបាយ​រដ្ឋធានីរ​បស់​ប្រទេស ។ ជាពិសេស​នោះ លោក ចង់ឃើញ ហាណូយ កាន់តែ​បុ​រេ​សកម្ម ក្នុងការ​ផ្សារភ្ជាប់​ខ្លួន​ជាមួយនឹង​សង្វាក់​ផលិតកម្ម​សកល​៕ 
 
 
 

Tag:
 វៀតណាម​
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com