​សំរាម​តាម​ទី​សារ​ធា​រណៈ​នៅ​ភ្នំពេញ កើនឡើង​ដូចដើម ក្រោយ​មនុស្ស​ហាក់ដូចជា​ភ្លេចខ្លួន​រឿង​ឆ្លង​កូ​វីដ​-១៩
COVID-19
ជាតិ
​សំរាម​តាម​ទី​សារ​ធា​រណៈ​នៅ​ភ្នំពេញ កើនឡើង​ដូចដើម ក្រោយ​មនុស្ស​ហាក់ដូចជា​ភ្លេចខ្លួន​រឿង​ឆ្លង​កូ​វីដ​-១៩
29, Jun 2020 , 3:09 pm        
រូបភាព
លោក ផល ភន កម្មករប្រមូលសំរាមតាមផ្ទះ របស់ក្រុមហ៊ុនស៊ីនទ្រី
លោក ផល ភន កម្មករប្រមូលសំរាមតាមផ្ទះ របស់ក្រុមហ៊ុនស៊ីនទ្រី
​ចាប់តាំងពី​ដើមខែ​ឧសភា​មក សំរាម​នៅ​រាជធានី​ភ្នំពេញ កើនឡើង​វិញ​នៅ​ចន្លោះ​ពី​២,៧០០​ទៅ​ជាង​៣,០០០​តោន​មួយថ្ងៃ​។ បរិមាណ​សំរាម​ដែល​កើន​ឡើងវិញ​នេះ គឺ​បន្ទាប់​ពលរដ្ឋ​ខ្មែរ​គិតថា ស្ថានភាព​កូ​វីដ​-១៩ ស្ងប់ស្ងាត់ ដោយសារ​ករណី​ឆ្លង​ថ្មី សុទ្ធតែ​ករណី​នាំចូល​។ កាលពី​អំឡុង​ពេលដែល​ស្ថានភាព​កូ​វីដ​-១៩ រាលដាល​ខ្លាំង ក្រុមហ៊ុន​ប្រមូល​សំរាម ក៏ដូចជា​កម្មករ​ផ្ទាល់​វាយតម្លៃថា សំរាម​ដែល​បន្សល់​ពី​ការប្រើប្រាស់​របស់​ពលរ​ដ្ឋ​នៅ​ភ្នំពេញ​នោះ មាន​បរិមាណ​ធ្លាក់ចុះ​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ជាពិសេស​នៅ​ទីសាធារណៈ​។

 
​លោក ទួន ស៊ី​ផេង ប្រធាន​ក្រុមហ៊ុន​ស៊ីន​ទ្រី បាន​អះអាងថា ចាប់ពី​ខែមករា​ដល់​ខែមេសា មក ពេលដែល​កម្ពុជា​ក៏​ដូច​ពិភពលោក មាន​ភាពចលាចល​ខ្លាំង​នៃ​ជំងឺ​កូ​វីដ​-១៩​ខ្លាំង​នោះ  សំរាម​នៅ​ភ្នំពេញ​មានការ​ធ្លាក់ចុះ​ច្រើន ពិសេស​សំរាម​នៅតាម​ទីសាធារណៈ​។ លោក​បាន​បន្ត​ប្រាប់​សារព័ត៌មាន​ថ្មីៗ​(ThmeyThmey) ថា ក្នុងអំឡុង​កម្ពុជា​ប្រឈម​ខ្លាំង​នឹង​កូ​វីដ​-១៩ សំរាម​នៅ​ទីក្រុង​ភ្នំពេញ​មាន​ត្រឹម​២,៤០០​ទៅ​២,៥០០​តោន​ប៉ុណ្ណោះ ក្នុង​មួយថ្ងៃ​។​
 
​ប៉ុន្តែ​ចំនួន​សំរាម​ទាំងនេះ​បាន​ត្រលប់មក​នៅ​ចំនួន​៣,០០០​តោន​វិញ​ក្នុង​មួយថ្ងៃ ដោយ លោក  ទួន ស៊ី​ផេង បាន​និយាយ​ដូច្នេះ​៖«​ឥឡូវ​ហ្នឹង​សំរាម​បាន​កើនឡើង​វិញ​ជាង​៣,០០០​តោន​ក្នុង​មួយថ្ងៃ​»​។ លោក​បាន​បន្តថា​៖«​កាល​មុន​ពី​នឹងមាន​ជំងឺ​កូ​វីដ​-១៩ នៅ​ភ្នំពេញ​មាន​សំរាម​ខ្ទង់​៣,១០០​ទៅ​៣,២០០​តោន ក្នុង​មួយថ្ងៃ​»​។​
 
​ក្នុងអំឡុងពេល​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​កំពុង​តានតឹង​ខ្លាំង​នោះ សំរាម​ពិសេស​សំរាម​នៅ​ទីសាធារណៈ​នៅ​ទីក្រុង​ភ្នំពេញ​មានការ​ធ្លាក់ចុះ​ច្រើន​គួរសម​ដែរ​។ លោក ឈុន សាវង្ស  ជា​កម្មករ​ប្រមូល​សំរាម​តាមផ្លូវ​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី បាន​សង្កេតឃើញថា ក្នុង​រយៈពេល​ដែល​មនុ​ស្ស​ម្នា មិនសូវ​ហ៊ាន​ចេញពី​ក្រៅ​ផ្ទះ​ដោយសារតែ​ទទួលរង​នៃ​ឥទ្ធិពល​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​ភ្លាមៗ​នោះ សំរាម​នៅ​ទីសាធារណៈ​មាន​មិនសូវ​ច្រើន​ដូច​មុនពេល​មាន​ជំងឺ​កូ​វីដ​-១៩​ឡើយ ដែល​ធ្វើឱ្យ​ក្រុម​ប្រមូល​សំរាម​តាម​គោលដៅ​របស់លោក សាវង្ស ងាយស្រួល​បំពេញការងារ​នឹង​ឆាប់​បាន​ត្រឡប់ទៅផ្ទះ​វិញ​ផងដែរ​។ 
 
​សំរាម​តិចជាង​មុន និង​ងាយស្រួល​ប្រមូល​សំរាម​របស់​កម្មករ​ប្រមូល​សំរាម​ទាំងនោះ បានត្រឹមតែ​មួយរយៈ​ពេល​ខ្លី​ប៉ុណ្ណោះ បន្ទាប់ពី​កម្ពុ​ជាមាន​ភាពស្ងប់ស្ងាត់​នៃ​ជំងឺ​កូ​វីដ​-១៩​មក បានធ្វើឱ្យ​សំរាម មានការ​កើនឡើង​ច្រើន​ដូច​ពីមុន​វិញ​។ លោក ឈុន សាវង្ស បាន​និយាយ​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​៖«​មួយរយៈ​ចុងក្រោយ​នេះ តាំងពី​ដើមខែ​៦(​មិថុនា​) សំរាម​បាន​កើនឡើង​ខ្លាំង​វិញ​ប្លែក​តែម្តង​»​។ លោក​បាន​អះអាងថា​៖«​កាល​កូ​វីដ​-១៩​កំពុង​រាលដាល​ខ្លាំង​នោះ សំរាម​គឺ​អត់​មាន​កើន​ប៉ុន្មាន​ទេ​ដែល​ល្មម​សម្រាប់​យើង​ធ្វើ​ការងារ​បាន តែ​ឥឡូវ​តាំងពី​គេ​បើកហាង​វិញ​មក សំរាម​មាន​ច្រើន​។ និយាយ​ទៅ​គឺ​សំរាម​មាន​កើនឡើង​ច្រើន​វិញ​តែម្តង​»​។​
 
​លោក ឈុន សាវង្ស បន្ត​បញ្ជាក់ថា សម្រាប់​គោលដៅ​របស់លោក​ដែល​ប្រមូល​សំរាម​តាម​ផ្លូវធំៗ​ក្នុង​ខណ្ឌចំការមន ដឹក​មក​ដាក់​ក្នុង​ធុងសំរាម​ដែល​ធ្វើ​ពី​ដែក​មាន​ចំណុះ ១,៥​តោន​នៅក្បែរ​ផ្សារ​បឹងត្របែក បាន​កើន​រហូតដល់​ ៣​ធុង​នេះ ឬ​លើសពីនេះទៅទៀត ក្នុង​មួយៗ​ថ្ងៃ​។  បើតាម​កម្មករ​ប្រមូល​សំរាម​វ័យ​ជាង​៣០​ឆ្នាំ​រូបនេះ បច្ចុប្បន្ន​បរិមាណ​សំរាម​ដែល​ក្រុម​របស់លោក​ប្រមូល​នោះ បាន​កើន​ឡើងដល់​ជិត​៥​តោន​វិញ​ក្នុង​មួយថ្ងៃៗ​។ ចំនួន​នេះ បើ​ធៀប​នឹង​រយៈ​ពេលដែល​ជំងឺ​កូ​វីដ​-១៩​កំពុង​រាតត្បាត​ខ្លាំង សំរាម​ក្នុង​តំបន់​គោលដៅ​ដែល​ក្រុម លោក សាវង្ស ប្រមូលបាន មាន​ជាង​៣​តោន​ប៉ុណ្ណោះ ក្នុង​មួយៗ​ថ្ងៃ​។ 
 
​បច្ចុប្បន្ន​សំរាម​មិន​ថា​នៅ​ទីសាធារណៈ និង​ភោជនីយដ្ឋាន​បាន​កើន​ឡើងវិញ​នោះទេ សូម្បីតែ​សំរាម​នៅតាម​ផ្ទះ​ក៏មាន​កើនឡើង​វិញ​ផងដែរ​។ លោក ផល ភន ជា​កម្មករ​ដើរ​តាម​ផ្ទះ​ប្រមូល​សំរាម​តាម​ផ្ទះ ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ក៏បាន​លើកឡើង​ពី​កំណើន​សំរាម​ឡើងវិញ​ក្រោយ​មាន​សភាព​ស្ងប់ស្ងាត់​ពី​ជំងឺ​កូ​វីដ​-១៩ មិន​ខុសគ្នា​ពី​កម្មករ​ប្រមូល​សំរាម​នៅតាម​ផ្លូវ​ខាងលើ​ប៉ុន្មាន​ដែរ​។ 


 
​លោក​បាន​និយាយ​ដូច្នេះ​៖«​ចំពោះ​គោលដៅ​ខ្ញុំ​ដែល​ប្រមូល​សំរាម​តាម​ផ្ទះ​ចឹ​ង គឺមាន​ការកើនឡើង​។ ពីមុន​ក្នុង​រយៈពេល​កូ​វីដ​-១៩​ឆ្លង​រាលដាល​ខ្លាំង​[​ពី​ខែមករា​-​មេសា​] សំរាម​ក្នុង​មួយថ្ងៃ​យើង​ប្រមូលយក​ពីរ​ដង​នៅ​ទាន់ តែ​ដល់​ឥឡូវ​តាំ​ងពី​ស្ងាត់​កូ​វីដ​-១៩​ហ្នឹង​មក សំរាម​បាន​កើនឡើង​វិញ ហើយ​យើង​ប្រមូល​សំរាម​ពីរ​ដង​ដដែល​ក្នុង​មួយ​នោះ គឺ​ប្រមូលយក​អត់​ទាន់​ដោយសារ​សំរាម​ច្រើនពេក ហើយ​ឡាន​សំរាម​យើង​មាន​ចំនួន​ដដែល​»​។  បើតាម​លោក ភន ក្នុង​មួយថ្ងៃ​ឡាន​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី​ប្រមូល​សំរាម​នៅតាម​ផ្ទះ​ពី​រដង​នៅតាម​គោលដៅ​នីមួយៗ គឺ​ពេលព្រឹក និង​ពេល​ល្ងាច​។ 
 
​ក្នុង​មួយឆ្នាំៗ កម្ពុ​ជាមាន​សំរាម​ជាង ៤​លាន​តោន​។  ក្នុងនោះ​មាន ២០​ភាគរយ​ជា​សំណល់​ប្លា​ស្ទិ​ក​។ ដោយឡែក ខេត្ត​-​រាជធានី​ធំៗ​ដែល​បង្កើត​បរិមាណ​សំរាម​ច្រើន​រួមមាន​៖ រាជធានី​ភ្នំពេញ​មាន​សំរាម​រហូត​ទៅដល់​ប្រមាណ​៣,០០០​តោន​ក្នុង​មួយថ្ងៃ ដែល​នៅ​ក្នុងនោះ ២០​ភាគរយ​ជា​សំណល់​ប្លា​ស្ទិ​ក​។ ក្រុងព្រះសីហនុ មាន​បរិមាណ​សំរាម​ប្រមាណ​៧០០​តោន​ក្នុង​មួយថ្ងៃ និង​ក្រុង​សៀមរាប មាន​ប្រមាណ ៤០០​តោន​ក្នុង​មួយថ្ងៃ​។ នេះ បើ​យោងតាម​របស់​ក្រសួងបរិស្ថាន​ដែល​ចេញ​កាលពី​ចុងឆ្នាំ​២០១៩​កម្ល​ង​មក​៕ 
 

Tag:
 សំរាម​
  ប្លា​ស្ទិ​ក​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម