កីឡាអន្តរជាតិ
អន្តរជាតិ
Pep Guardiola ថា Man City នឹង​ផ្តល់​កិត្តិយស​ពិសេស​ដល់​ក្រុម​ជើងឯក Liverpool
29, Jun 2020 , 3:44 pm        
រូបភាព
​លោក Pep Guardiola អះអាងថា​ក្រុម Manchester City នឹង​ផ្តល់​ការអបអរ​ជា​កិត្តិយស​ដោយ​ការ​ឈរ​ទះដៃ​ទៅកាន់​សមាជិក​ក្រុម Liverpool ដែល​បាន​ក្លាយជា​ជើងឯក Premier League រដូវ​កាល​នេះ នៅពេល​ក្រុម​ទាំងពីរ​ជួបគ្នា​នៅ​សប្តាហ៍​ក្រោយ​។


​ពានរង្វាន់​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស​រដូវ​កាល ២០១៩-២០ ត្រូវ Liverpool ដណ្តើម​បានជា​លើកដំបូង​ក្នុង​រយៈពេល ៣០ ឆ្នាំ​ចុងក្រោយ ទាំង​នៅសល់​ការប្រកួត​ចំនួន​៧​លើក​ទៀត​។ លទ្ធផល​ម្ចាស់​ជើងឯក​នេះ ដឹង​ច្បាស់ បន្ទាប់ពី Man City បាន​ប្រកួត​ចាញ់ Chelsea ២-១ ដែល​ធ្វើ​ឲ្យ​ហង្ស​ក្រហម​មាន​ពិន្ទុ​នាំមុខ​ដាច់​ដល់​ទៅ​២៣​ពិន្ទុ​។​
 
​ក្នុងជំនួប​ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​កីឡដ្ឋាន Etihad នៅ​យប់​ថ្ងៃទី​២ ខែកក្កដា លោក Guardiola ក្នុងនាម​ជា​អ្នកចាត់ការ​ក្រុម​ម្ចាស់​ជើងឯក​ចាស់ បាន​និយាយថា Liverpool សម​នឹង​ទទួលបាន​ការផ្តល់​កិត្តិយស​តាមរបៀប​ដែល​ក្រុម​នៅ​អង់គ្លេស​តែងតែ​ធ្វើ​កន្លងមក​។​
 
​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ រៀបរាប់ថា​៖ «​ជាការ​ពិត​យើង​នឹងធ្វើ​វា​។ យើង​នឹង​ធ្វើជា​អ្នកការពារ​កិត្តិយស​។ យើង​នឹង​ទទួល Liverpool នៅពេល​ពួកគេ​មកកាន់​ទឹកដី​យើង​តាមរបៀប​ដែល​មិនគួរ​ឲ្យ​ជឿ​។ ពួកគេ​មិន​បដិសេធ​ឡើយ ហើយ​ជាការ​ពិត​យើង​នឹងធ្វើ​វា​ពីព្រោះ​ពួកគេ​សម​នឹង​ទទួលបាន​»​។​
 
​ការជួបគ្នា​រវាង Man City និង Liverpool ក្នុង​សប្តាហ៍​ទី​៣២ គឺជា​ការជួបគ្នា​លើក​ទី​២​ក្នុង​រដូវ​កាល​នេះ ខណៈ​ជើង​ទី​១​នៅ​ដី Anfield ហង្ស​ក្រហម យកឈ្នះ​ក្នុង​លទ្ធផល ៣-១​។​
 
​ឆ្លងកាត់​ការប្រកួត​៣១​លើក ក្រុម​របស់លោក Jürgen Klopp រកបាន​៨៦​ពិន្ទុ ខណៈ Man City ដែល​ឈរ​លេខ​រៀង​ទី​ពីរ​ក្នុង​តារាង Premier League ទទួលបាន​៦៣​ពិន្ទុ​។ ការប្រកួត​នៅសល់​៧​លើក​ទៀត នឹង​បញ្ចប់​រដូវ​កាល​នេះ​ដោយ​ជោគជ័យ​៕

Tag:
 Premier League
  Pep Guardiola
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com