COVID-19
អន្តរជាតិ
UN ព្រមាន​ពី​ការកើនឡើង​ការប្រយុទ្ធ​គ្នា​រវាង​យោធា​មី​យ៉ាន់​ម៉ា​និង​ក្រុម​ឧទ្ទាម​នៅ​រ៉ា​ក់​ឃី​ន​
29, Jun 2020 , 4:10 pm        
រូបភាព
ប្រជាជនរស់នៅក្នុងតំបន់រ៉ាក់ឃីនដែលបានភៀសខ្លួនចេញពីក្រុង Rathedaung ដោយសារជម្លោះដែលកំពុងបន្តរវាងយោធាមីយ៉ាន់ម៉ា និងក្រុមឧទ្ទាម Arakan Army ពេលមកដល់ទីក្រុង Sittwe កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ (AFP)
ប្រជាជនរស់នៅក្នុងតំបន់រ៉ាក់ឃីនដែលបានភៀសខ្លួនចេញពីក្រុង Rathedaung ដោយសារជម្លោះដែលកំពុងបន្តរវាងយោធាមីយ៉ាន់ម៉ា និងក្រុមឧទ្ទាម Arakan Army ពេលមកដល់ទីក្រុង Sittwe កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ (AFP)
ដោយ:
​អង្គការសហប្រជាជាតិ (UN) បាន​ទទូច​ឲ្យ​មាន​វិធានការ​ជាបន្ទាន់​ដើម្បី​ការពារ​អាយុជីវិត​ប្រជាជន​ស៊ីវិល ក្នុង​តំបន់​ភាគ​ពាយព្យ​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​ហ៊ុមព័ទ្ធ​ដោយ​ជម្លោះ​ប្រដាប់អាវុធ ។ អង្គការ​អន្តរជាតិ​មួយ​នេះ អះអាងថា សមរភូមិ​ប្រយុទ្ធ​គ្នា បាន​បន្ត​ឡើងក​ម្ពៅ​កាន់តែខ្លាំង​រវាង​កង​យោធា​និង​ក្រុម​ឧទ្ទាម​។

 
​កង​យោធា​មី​យ៉ាន់​ម៉ា បាន​ប្រយុទ្ធ​តតាំង​ជាមួយ​ក្រុម​ឧទ្ទាម​ទាមទារ​ស្វ័យភាព ដែល​ហៅ​ខ្លួនឯង​ថា Arakan Army (AA) របស់​ជនជាតិភាគតិច Arakan កាន់​ពុទ្ធសាសនា​ក្នុង​តំបន់​រ៉ា​ក់​ឃី​ន​។ ការប៉ះទង្គិច​ប្រដាប់អាវុធ​នៅ​រដ្ឋ​នេះ បាន​ចាប់​ផ្ទុះ​តានតឹង​ខ្លាំង តាំងពីដើម​ខែមករា​ឆ្នាំនេះ​មក​។ 
 
​ប្រជាជន​ស៊ីវិល​រាប់រយ​នាក់ ត្រូវបាន​រាយការណ៍​ថា បាត់បង់​ជីវិត​ក្នុងការ​ប៉ះទង្គិច​គ្នា​ក្នុង​តំបន់​នេះ ហើយ​រាប់ពាន់​ត្រូវបាន​បង្ខំ​ឲ្យ​ភៀសខ្លួន​ចេញពីផ្ទះ​សម្បែង​។ ទាំង​ភាគី​ខាង​យោធា​មី​យ៉ាន់​ម៉ា (Tatmadaw) និង​ក្រុម​ឧទ្ទាម​បន្ត​ចង្អុលមុខ​ដាក់គ្នា​ពាក់ព័ន្ធ​ការផ្ទុះអាវុធ​ទាំងនេះ​។​
 
​យ៉ាងណាមិញ ការ​ស្ថិតក្រោម​បញ្ជា​បិទ​ប្រទេស​ដោយ COVID-19 និង​ការ​កាត់ផ្ដាច់​ប្រព័ន្ធ​អ៊ីនធឺណិត​ពាសពេញ​តំបន់​ជម្លោះ ធ្វើ​ឲ្យ​ការរាយការណ៍​ពី​តំបន់​នេះ ពិតជា​ពិបាក​នឹង​ផ្ទៀងផ្ទាត់​។​
 
​នៅ​ថ្ងៃទី​២៨ ខែមិថុនា អង្គការសហប្រជាជាតិ បានបង្ហាញ​កង្វល់​លើ​របាយការណ៍​នៃ​ការប្រយុទ្ធ​គ្នា​តានតឹង​ក្នុង​ក្រុង Rathedaung នៃ​រដ្ឋ​រ៉ា​ក់​ឃី​ន​។ ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លូន UN គូសបញ្ជាក់ថា តំបន់​នេះ គឺជា​ផ្ទះ​សម្រាប់​ប្រជាជន​ស៊ីវិល​ជាង​១​ម៉ឺន​នាក់ ហើយ​ប្រភពព័ត៌មាន​ក្នុងស្រុក​ជាច្រើន រាយការណ៍​ថា ពួកគេ​កំពុង​ជម្លៀស​ខ្លួន​ចេញពីផ្ទះ ឬ​កំពុង​ជាប់គាំង​ក្នុងផ្ទះ ដោយសារ​ជម្លោះ​ដែល​កំពុង​បន្ត​នេះ​។ 
 
​បន្ថែម​ពី​ការទទូច​ឲ្យ​ភាគី​ទាំងសងខាង​ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​ការពារ​អាយុជីវិត​ប្រជាជន​ស៊ីវិល អង្គការសហប្រជាជាតិ ក៏បាន​ស្នើ​ឲ្យ​ពួកគេ​គោរព​ច្បាប់​មនុស្សធម៌​អន្តរជាតិ ក៏ដូចជា​អះអាង​ជាថ្មី​ថា​ម្តងទៀត​នូវ​តម្រូវការ​សម្រាប់​ប​ទ​ឈប់​បាញ់​មួយ ក្នុង​បរិយាកាស​ជំងឺ​រាតត្បាត​សកល​ដែល​កំពុង​បន្ត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
Arakan Army (AA) គឺជា​ក្រុម​ឧទ្ទាម​ធំ​បំផុត​ក្នុង​រដ្ឋ​រ៉ា​ក់​ឃី​ន ដែល​បង្កើតឡើង​ក្នុង​ខែមេសា ឆ្នាំ​២០០៩​។ តំបន់​ប្រតិបត្តិការ​របស់​ក្រុម​នេះ គឺ​ស្ថិតក្នុង​រដ្ឋ Chin, Kachin, រ៉ា​ក់​ឃី​ន​, Shan និង​តាម​ព្រំដែន​បង់​ក្លា​ដែ​ស​-​មី​យ៉ាន់​ម៉ា​។ កម្លាំង​របស់​ក្រុម​នេះ ត្រូវប៉ាន់​ស្មានថា ចន្លោះ​ពី​៧-៨​ពាន់​នាក់ ហើយ​សុទ្ធតែ​ក្រុមយុវជន​ពេញកម្លាំង​។​
 
​សេចក្តីថ្លែងការណ៍​នេះ ធ្វើឡើង​ក្រោយ​អាជ្ញាធរ​ក្នុងស្រុក បានដាក់​ចេញ​បញ្ជា​កាលពី​សប្តាហ៍​មុន​ឲ្យ​ប្រជាជន​ជាង​៤០​ភូមិ​ជម្លៀស​ខ្លួន​ចេញ មុនពេល «​ប្រតិបត្តិការ​បោសសម្អាត​» ។ នេះ​គឺ​ពាក្យ​ដែល​ផ្ដើម​ប្រើ​ក្នុង​ឆ្នាំ​២០១៧ មុន​ពេលដែល​កងទ័ព​មី​យ៉ាន់​ម៉ា​បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ព្រៃផ្សៃ​ក្នុង​រដ្ឋ​រ៉ា​ក់​ឃី​ន​ប្រឆាំង​ជនជាតិភាគតិច​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​។ 
 
​ជា​លទ្ធផល ជនជាតិ​រ៉ូ​ហ៊ីង​យ៉ាង​ជាង​៧៥​ម៉ឺន​នាក់ បាន​បង្ខំចិត្ត​ភៀសខ្លួន​ទៅ​ប្រទេស​ក្បែរ​ខាង បង់​ក្លា​ដែ​ស ហើយ​ធ្វើ​ឲ្យ​មាន​ករណី​ប្ដឹង​ចោទប្រកាន់​លើ​បទ​ប្រល័យពូជសាសន៍​ក្នុងប្រទេស​កាន់​ពុទ្ធសាសនា​មី​យ៉ាន់​ម៉ា​ទៅដល់​ដៃ​តុលាការអន្តរជាតិ​ក្រុងឡាអេ​៕
 

Tag:
 មី​យ៉ាន់​ម៉ា​
  UN
  រ៉ា​ក់​ឃី​ន
© រក្សាសិទ្ធិដោយ thmeythmey.com