COVID-19
ជាតិ
ទូត​ខ្មែរ​ប្រាប់​ពលរដ្ឋ​រស់នៅ​ម៉ាឡេស៊ី ដែល​ចង់​មក​កម្ពុជា ទិញ​សំបុត្រ​យន្តហោះ សម្រាប់​ជើងយន្តហោះ​ថ្ងៃទី​៣ កក្កដា​
29, Jun 2020 , 9:59 pm        
រូបភាព
រូបពីហ្វេសប៊ុកស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី
រូបពីហ្វេសប៊ុកស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី
​ភ្នំពេញ​៖ ស្ថានទូត​កម្ពុជា​ប្រចាំ​ម៉ាឡេស៊ី ប្រាប់​ឱ្យ​ពលរដ្ឋ​ខ្មែរ​រស់នៅ​ទីនោះ ហើយ​មានបំណង​ចង់​មក​កម្ពុជា​នោះ ប្រញាប់​ទិញ​សំបុត្រ​យន្តហោះ សម្រាប់​ជើងយន្តហោះ​ថ្ងៃទី​៣ កក្កដា​។

 
​ស្ថានទូត​កម្ពុជា បាន​បញ្ជាក់ថា ជើងយន្តហោះ​ពាណិជ្ជកម្ម Malaysian airlines នឹង​ហោះ​ទៅកាន់​ទីក្រុង​ភ្នំពេញ តាម​ជើងហោះហើរ​លេខ MH 754​។ បើតាម​ស្ថានទូត ជើងយន្តហោះ​ពាណិជ្ជកម្ម​ធម្មតា​នេះ មិនមែនជា​ជើងយន្តហោះ​ពាណិជ្ជកម្ម​ពិសេស​ដូច​កន្លងមក​ទេ​។​
 
​ចំពោះ​ការទិញ​សំបុត្រ​យន្តហោះ​នេះ​វិញ ស្ថានទូត​កម្ពុជា ក៏​រំឭក​ពលរដ្ឋ​ខ្មែរ​ឱ្យ​ពិនិត្យមើល​លិខិត​ឆ្លង​ដែរ ហើយ​បើ​លិខិត​ឆ្លង​អស់​សុពលភាព (passport ងាប់​) ត្រូវ​ទាក់ទង ឬ​មក​ស្ថានទូត ដើម្បី​ទទួលបាន​ការពន្យល់​ណែនាំ​។ 
 
​ចំណែក​លិខិតឆ្លងដែន​ត្រូវមាន​ទិដ្ឋាការ (visa) ត្រឹមត្រូវ ឬ​ទិដ្ឋាការ​នោះ​អស់​សុពលភាព (visa ងាប់​) គិត​ចាប់ពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២០​។ ប៉ុន្តែ​ប្រសិនបើ visa អស់​សុពលភាព​មុន​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២០ ត្រូវ​ទៅ​ដោះស្រាយ​ជាមួយ​អន្តោប្រវេសន៍​ម៉ាឡេស៊ី​ឱ្យបាន​រួចរាល់​ជាមុនសិន​។ នេះ​ជាការ​បញ្ជាក់​របស់​ស្ថានទូត​កម្ពុជា​។​
 
​ស្ថានទូត​កម្ពុជា​ប្រចាំ​ម៉ាឡេស៊ី បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា​៖«​ក្នុងករណី​មាន​គ្រប់​លក្ខខណ្ឌ​ខាងលើ សូម​ទិញ​សំបុត្រ online ដោយផ្ទាល់​នៅលើ​គេហទំព័រ​របស់​ក្រុមហ៊ុន Malaysian Airlines ហើយ​អាច​សាកសួរ​ព័ត៌មាន​បន្ថែម​ដោយ WhatsApp ទៅកាន់​លេខ​ទូរ​សព្ទ +60122605359 »​។​
 
​បន្ថែម​ពីនេះ ស្ថានទូត​ខ្មែរ ក៏​ផ្ដាំ​ពលរដ្ឋ​ឱ្យមាន​ការប្រុងប្រយ័ត្ន ចំពោះ​ការទិញ​សំបុត្រ​នេះដែរ ខណៈ​ជន​ឆបោក​មួយចំនួន កំពុង​ឆ្លៀតឱកាស​បោកប្រាស់​យកប្រាក់​ពលរ​ដ្ឋ តាមរយៈ​ការទិញ​សំបុត្រ​យន្តហោះ​នេះ​។​«​សូមកុំ​ជឿ​តាម​ការឃោសនា​របស់​ពួក​មេខ្យល់ ដែល​ធានា​ទិញ​សំបុត្រ​ឱ្យ​បងប្អូន​ត្រឡប់​ទៅវិញ​ប្រសិនបើ​មិនមាន​គ្រប់​លក្ខខណ្ឌ​ខាងលើ​ពីព្រោះ​កន្លងមក មាន​បងប្អូន​ខ្លះ​បាន​ចាញ់បោក​មេខ្យល់​ខាតបង់​លុយកាក់​ជាច្រើន ប៉ុន្តែ​ពុំ​អាច​ត្រឡប់​ទៅវិញ​បាន​»​។ នេះ​បើតាម​ស្ថានទូត​ខ្មែរ​។​
 
​បើ​គិត​ចាប់ពី​ថ្ងៃទី​១២ មិថុនា​មក និស្សិត និង​ពលរដ្ឋ​ខ្មែរ​ជាង​៣០០​នាក់ និង​ជនបរទេស​ជាង​១០០​នាក់ ពី​ម៉ាឡេស៊ី បាន​វិល​ត្រឡប់មក​កម្ពុជា តាមរយៈ​កិច្ចសម្របសម្រួល និង​ការបើក​ជើងហោះហើរ រវាង​រដ្ឋាភិបាល​ទាំងពីរ​។​
 
​គិត​ត្រឹម​ថ្ងៃទី​២៩ មិថុនា​នេះ កម្ពុជា មាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន​១៤១​នាក់ ដោយ​ក្នុងនោះ​ជាសះស្បើយ​១៣០​នាក់​។ ចំណែក​ម៉ាឡេស៊ី មាន​អ្នកជំងឺ​កូ​វីដ​-១៩ ជាង​៨,៦​ពាន់​នាក់ ជាសះស្បើយ​ជាង​៨,៣​ពាន់​នាក់ និង​ស្លាប់​ជាង​១២១​នាក់​៕
 
 

Tag:
 COVID-19
  ជើងហោះហើរ
© រក្សាសិទ្ធិដោយ thmeythmey.com