សង្គមអន្តរជាតិ​
អន្តរជាតិ
ប្រមុខ​ការទូត​អាមេរិក​៖ សមុទ្រ​ចិន​ខាងត្បូង មិនមែនជា​អាណាចក្រ​សមុទ្រ​របស់​ចិន​ទេ​
29, Jun 2020 , 10:19 pm        
រូបភាព
លោក ម៉ៃ ប៉ុមប៉េអូ រដ្ឋមន្រ្តីការបរទេសអាមេរិក។ រូបភាព៖ AFP
លោក ម៉ៃ ប៉ុមប៉េអូ រដ្ឋមន្រ្តីការបរទេសអាមេរិក។ រូបភាព៖ AFP
​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ នៅ​ថ្ងៃទី​២៨ ខែមិថុនា បាន​លើកឡើងថា ចិន មិនអាច​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាត់ទុក​សមុទ្រ​ចិន​ខាងត្បូង ជា​អាណាចក្រ​សមុទ្រ (Maritime Empire) របស់ខ្លួន​ឡើយ​។ ការអះអាង​របស់​ប្រមុខ​ការទូត​អាមេរិក​បែបនេះ ធ្វើឡើង​បន្ទាប់ពី​អាស៊ាន បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ជុំវិញ​ការប្រើប្រាស់​អនុសញ្ញា​ស្តីពី​ច្បាប់​សមុទ្រ​នៃ​អង្គការសហប្រជាជាតិ (UNCLOS) ឆ្នាំ​១៩៨២ ជា​មូលដ្ឋាន​នៃ​ការប្រើប្រាស់​សិទ្ធិ​លើ​សមុទ្រ​ចិន​ខាងត្បូង​។ 




​តាមរយៈ​សំណេរ​លើ​បណ្តាញ​សង្គម​Twitter របស់ខ្លួន លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ រដ្ឋមន្ត្រីការបរទេស​អាមេរិក បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ចិន មិនអាច​ត្រូវបាន​អនុ​ញ្ញា​ឲ្យ​ចាត់ទុក​សមុទ្រ​ចិន​ខាងត្បូង ជា​អាណាចក្រ​សមុទ្រ​របស់ខ្លួន​ឡើយ​»​។ ជាមួយគ្នានេះ លោក ប៉ុ​ម​ប៉េ​អូ បាន​បន្តថា អាមេរិក នឹង​ជជែក​ពី​បញ្ហា​នេះ​បន្ថែមទៀត នៅក្នុងពេល​ឆាប់ៗ​ខាងមុខ​។ 
 
​ក្រៅពី​លើកឡើង​ពី​ការមិន​អនុញ្ញាត​ឲ្យ​ចិន​អុង​អាត់​តែឯង​នៅ​សមុទ្រ​ចិន​ខាងត្បូង ប្រមុខ​ការទូត​អាមេរិក​រូបនេះ ក៏បាន​សម្តែង​ស្វាគមន៍​ចំពោះ​សេចក្តីថ្លែងការណ៍​រួម​របស់​ថ្នាក់ដឹកនាំ​អាស៊ាន ដែល​ជំរុញ​ឲ្យ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គួរតែ​ដោះស្រាយ​ដោយ​ផ្អែក​ទៅតាម​ច្បាប់​អន្តរជាតិ ជាពិសេស​គឺ​អនុសញ្ញា UNCLOS ឆ្នាំ​១៩៨២ ផងដែរ​។ 
 
​អនុសញ្ញា​ស្តីពី​ច្បាប់​សមុទ្រ​នៃ​អង្គការសហប្រជាជាតិ​ឆ្នាំ ១៩៨២ គឺជា​លិខិតបទដ្ឋាន​គតិយុត្តិ​អន្តរជាតិ​មួយ ដែល​កំណត់​សិទ្ធិ​របស់​ប្រទេស​នីមួយៗ​នៅលើ​ដែនសមុទ្រ កំណត់​ពី​ព្រំដែន​សមុទ្រ នាវាចរណ៍ តំបន់​នេសាទ និង​ចំណុច​សំខាន់​ជាច្រើន​ទៀត​ទាក់ទិន​សមុទ្រ​។​
 
​នា​កិច្ចប្រជុំ​កំពូល​អាស៊ាន​នា​ថ្ងៃទី​២៦ ខែមិថុនា ប្រធានាធិបតី​ហ្វីលីពីន លោក​រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​លើកឡើងថា ទោះបី​តំបន់​អាស៊ីអាគ្នេយ៍​កំពុងតែ​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស Covid-19 ក៏ដោយ នៅតែមាន​ករណី​នៃ​ការប៉ះទង្គិច​គ្នា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង បន្ត​កើតឡើង ដែល​បង្កដោយ​ភាគី​ខ្លះ​។ ចំណែក​នាយករដ្ឋមន្ត្រី​វៀតណាម​វិញ ដែល​បានលើកឡើង​ស្រដៀង​ទៅនឹង​ហ្វីលីពីន ដែរនោះ បាន​អះអាងថា ក្នុងពេល​ពិភពលោក កំពុង​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺឆ្លង​សកល វា​មាន​សកម្ម​ភាពមិន​ទទួលខុសត្រូវ ការបំពានច្បាប់​អន្តរជាតិ ដែល​ប៉ះពាល់​ដល់​ស្ថិរភាព និង​សន្តិសុខ​នៅក្នុង​តំបន់​កើតឡើង​។ 
 
​នៅ​ខែមេសា​កន្លងទៅ ទាំង​ហ្វីលីពីន និង​វៀតណាម បានដាក់​បណ្តឹងតវ៉ា​ទៅកាន់​ចិន បន្ទាប់ពី​ចិន បានប្រកាស​ដោយ​ឯកតោភាគី​ក្នុងការ​បង្កើត​តំបន់​រដ្ឋបាល​ថ្មី​នៅក្នុង​ប្រជុំ​កោះ ដែលជា​ផ្នែក​មួយ​នៃ​សមុទ្រ​ចិន​ខាងត្បូង ដែល​ហ្វីលីពីន និង​វៀតណាម ក៏បាន​ទាមទារ​ជា​តំបន់​កម្មសិទ្ធិ​របស់ខ្លួន​ផងដែរ​។​
 
​សូមបញ្ជាក់ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​របៀបវារៈ​មួយ​ដ៏​សំខាន់ ក្នុងចំណោម​របៀបវារៈ​ផ្សេងទៀត នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៦ ក្រោម​មូលបទ «​ភាពស្អិតល្មួត និង​ការឆ្លើយតប​» ដែល​ធ្វើឡើង​តាម​វីដេអូ Conference​។ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​នេះ វៀតណាម​គឺជា​ប្រធាន​ផ្លាស់​វេន​៕ 

Tag:
 អាមេរិក​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com