រថយន្ត
អន្តរជាតិ
ជម្លោះព្រំដែនចិន-ឥណ្ឌាបង្កឧបសគ្គដល់បច្ចេកវិទ្យា 5G និងពាណិជ្ជកម្មរថយន្ត
× វិបត្តិព្រំដែនរវាងចិន និងឥណ្ឌា នារយៈពេលចុងក្រោយនេះ បានធ្វើឲ្យពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរជួបបញ្ហា ដោយរដ្ឋាភិបាលឥណ្ឌា ចាប់ផ្តើមរឹតត្បឹត និងដំឡើងពន្ធលើការនាំចូលទំនិញរបស់ចិន ជាពិសេសរថយន្ត និងបច្ចេកវិទ្យា 5G។
ជម្លោះព្រំដែនដែលបណ្តាលឲ្យមានមនុស្សស្លាប់បានកើតឡើងលើកដំបូងរវាងមហាយក្សអាស៊ីទាំងពីរសម្រាប់រយៈពេល៤៥ឆ្នាំចុងក្រោយនេះ។ លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi មិនចង់បង្ហាញភាពកម្សោយនៅចំពោះមុខចិននោះឡើយ ដោយលោកបានរឹតត្បិតការវិនិយោគរបស់បណ្តាក្រុមហ៊ុនចិន ខណៈការសម្រេចនេះ ក៏កាន់តែធ្វើឲ្យសេដ្ឋកិច្ចឥណ្ឌា ប្រឈមបញ្ហាផងដែរ។
យោងតាមការផ្សាយរបស់ Nikkei Asian Review ឥណ្ឌាបានចាប់ផ្តើមរារាំងការប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍របស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei និង ZTE ពោលគឺបច្ចេកវិទ្យា 5G រួមទាំងការរឹតត្បិត និងការដំឡើងពន្ធលើវិស័យយានយន្ត។
រដ្ឋ Maharashtra ត្រូវបានរាយការណ៍ថា ផ្អាកកិច្ចចរចាជាមួយក្រុមហ៊ុន Great Wall Motor របស់ចិន លើប្រតិបត្តិការផលិតយានយន្ត។ Great Wall បានចំណាយអស់៤៩៨លានដុល្លារអាមេរិក លើដំណើរការរោងចក្រកាលពីខែមករា ហើយគ្រោងចេញរថយន្តនៅឆ្នាំបន្ទាប់។
រដ្ឋឧស្សាហកម្មរបស់ឥណ្ឌាមួយនេះ ក៏ព្យាយាមរឹតត្បិតប្រតិបត្តិការរបស់ក្រុមហ៊ុនចិន លើគម្រោងរថយន្តក្រុងអគ្គិសនី និងគ្រឿងម៉ាស៊ីនផងដែរ។
វិធានការតឹងតែងនេះ បានចាប់ផ្តើមអនុវត្តបន្ទាប់ពីជម្លោះប្រដាប់អាវុធនៅព្រំដែន ដែលចាប់ផ្តើមនៅដើមខែឧសភា រវាងទ័ពឥណ្ឌា និងចិន ហើយកាលពីថ្ងៃទី១៥ ខែមិថុនា ភាគីខាងឥណ្ឌា២០នាក់បានស្លាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com