ជាតិ
សង្គមជាតិ
មន្ត្រី ពន្យល់​ពី​ការធ្វើ​បណ្ណ​ក្រីក្រ ដើម្បី​ទទួល​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​
29, Jun 2020 , 10:39 pm        
រូបភាព
ជនក្រីក្រដែលទទួលបាន​អំណោយ និង​ថវិកា ពី​រាជ​រដ្ឋាភិបាល រូបភាពពីក្រសួង​ផែនការ​
ជនក្រីក្រដែលទទួលបាន​អំណោយ និង​ថវិកា ពី​រាជ​រដ្ឋាភិបាល រូបភាពពីក្រសួង​ផែនការ​
ដោយ:
​ភ្នំពេញ​៖ ពលរដ្ឋ​ក្រីក្រ ដែល​អាច​ទទួលបាន​ថវិកា​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​បាន គឺ​តម្រូវ​ឲ្យ​មាន​បណ្ណ​សមធម៌ (​បណ្ណ​ក្រីក្រ ) ដើម្បី​ឲ្យ​កុំ​ឲ្យ​មាន​ជនខិលខូច​ក្លែងបន្លំ​ធ្វើជា​ជនក្រីក្រ​។ ដើម្បី​ទទួលបាន​បណ្ណសម​ធម៌ ពលរដ្ឋ​ត្រូវមាន​អត្តសញ្ញាណ​បណ្ណ សៀវភៅ​គ្រួសារ និង សៀវភៅ​ស្នាក់នៅ​។ ក្នុងករណី​មិនមាន​ឯកសារ​ទាំងនេះ​ទេ ពលរដ្ឋ​អាច​សុំ​ការបញ្ជាក់​ពី​មេភូមិ ឬ ឃុំ​-​សង្កាត់​។

 
​លោក អ៊ុច គឹម​នី អនុប្រធាននាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា លើកឡើងថា ពលរដ្ឋ​ដែលមាន​សិទ្ធិ​ទទួលបាន​ថវិកា​ពី​រាជរដ្ឋាភិបាល គឺ​ពលរដ្ឋ​ដែលមាន​មាន​បណ្ណ​សមធម៌​បញ្ជាក់​ពី​ភាពក្រីក្រ ដើម្បី​ជៀសវាង​ការ​ក្លែងបន្លំ​ពី​ជនណាម្នាក់​។ តែ​មុននឹង​ទទួលបាន​បណ្ណ ពលរដ្ឋ​ត្រូវមាន​ឯកសារ​មួយចំនួន រួមមាន អត្តសញ្ញាណ​បណ្ណ សៀវភៅ​គ្រួសារ និង សៀវភៅ​ស្នាក់នៅ ហើយ​ត្រូវ​បង្ហាញ​ពី​ទីលំនៅ និង​ស្ថានភាព​ជាក់ស្តែង​។ 
 
​បើតាម លោក អ៊ុច គឹម​នី ពលរដ្ឋ​ក្រីក្រ​ណា​ដែល​មិនមាន​ឯកសារ​គ្រប់គ្រាន់​សម្រាប់ធ្វើ​បណ្ណសម​ធម៌​ទេ ពលរដ្ឋ​អាច​ទៅសុំ​ឲ្យ​មេភូមិ ឬ​មេឃុំ ឬក៏​ចៅសង្កាត់ ដើម្បី​ធ្វើលិខិត​បញ្ជាក់ថា​ជា​ជនក្រីក្រ​ពិតប្រាកដ​មែន​។ លោក បន្តថា ដើម្បី​ជៀសវាង​ការ​ក្លែងបន្លំ មន្ទីរ​ផែនការ​នៅតាម​តំបន់​នីមួយៗ នឹង​ចុះទៅ​ត្រួតពិនិត្យ​ស្ថានភាព​ជាក់ស្តែង​របស់​ព​ល​រដ្ឋ​ក្រីក្រ​។  


 រូបភាពពីក្រសួង​ផែន​ការ

​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ នៅ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២០ មន្ត្រី​ផ្នែក​សង្គមកិច្ច​រូបនេះ មានប្រសាសន៍ថា​៖«​ពលរដ្ឋ​ក្រីក្រ​ដែល​ត្រូវបាន​សម្ភាស​ពី​មន្ទីរ​ផែនការ​របស់​រាជធានី​ខេត្ត​នីមួយៗ ត្រូវ​ជាប់​នៅក្នុង​កម្រិត​ក្រីក្រ​១ ឬក៏​ក្រីក្រ​២ ទើប​ពួកគាត់​អាច​ចូលទៅក្នុង​កម្មវិធី​ឧបត្ថម្ភ​ទឹកប្រាក់​ពី​រាជរដ្ឋាភិបាល​បាន​ហើយ​។ តែបើ​គាត់​សម្ភាស​អត់​ជាប់​ក្នុង​កម្រិត​ក្រីក្រ​១ ឬ​ក្រីក្រ​២​ទេ ពួកគាត់​មិនអាច​ទទួលបាន​ថវិកា​ឡើយ​»​។​
 
 
​ក្រសួងផែនការ បានប្រកាស​លេខ​ទូរ​សព្ទ​២​ខ្សែ គឺ​០៩៥ ៣៦៣ ៦៨៨ និង ០១២ ៣៩១ ០១៦  ដើម្បី​ឲ្យ​ពលរដ្ឋ​ក្រីក្រ រាយការណ៍​ក្នុងករណី​ពលរដ្ឋ​បាត់​បណ្ណ​សមធម៌ ឬ​បណ្ណ​រហែក ឬ​ក្នុងករណី​ដែល​ពលរដ្ឋ​មិនបាន​ទទួល​ថវិកា​។ ជាមួយគ្នានេះដែរ ក្រសួង នឹង​សហការ​ជាមួយនឹង​ក្រុមការងារ​មន្ទីរ និង​អាជ្ញាធរ ចុះ​ត្រួតពិនិត្យ​លើ​ភាពមិនប្រក្រតី​ណា ដែល​កើតឡើង​ក្នុង​ដំណើរ​ការធ្វើ​បណ្ណ​សមធម៌​។​
 
​លោក អ៊ុច គឹម​នី អះអាងថា មាន​ពលរដ្ឋ​ជិត​១​ម៉ឺន​គ្រួសារ​ហើយ​ដែល​ទទួលបាន​បណ្ណសម​ធម៌ និង​មាន​ពលរដ្ឋ​ជិត​មួយ​លាន​នាក់​ហើយ​ដែល​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​៕  
 
 
 

Tag:
 ក្រសួងផែនការ​
 ​បណ្ណ​សមធម៌​
 ​ថវិកា​
 ​ក្រីក្រ
© រក្សាសិទ្ធិដោយ thmeythmey.com