អន្តរជាតិ
វៀតណាម បញ្ឈរជើងពីឡុតប៉ាគីស្ថានទាំងអស់ ក្រោយបែកធ្លាយប្រើអាជ្ញាបណ្ណបើកបរសេះហោះ យន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍វៀតណាម Vietjet ។ រូបភាព AFP
× អាជ្ញាធរអាកាសចរណ៍វៀតណាម នៅថ្ងៃទី២៩ ខែមិថុនា បានប្រកាសបញ្ឈរជើងអ្នកបើកបរយន្តហោះជនជាតិប៉ាគីស្ថានទាំងអស់ ដែលកំពុងបម្រើការក្នុងតាមអាកាសចរណ៍ក្នុងស្រុក។ ការដកបញ្ឈរជើងនេះ ធ្វើឡើងក្រោយការបង្ហាញក្ដីបារម្ភពីនិយ័តករអាកាសចរណ៍អន្តរជាតិដែលរកឃើញបញ្ហាក្នុងការចេញអាជ្ញាបណ្ណបើកបរយន្តហោះក្នុងចំណោមអ្នកបើកជនជាតិប៉ាគីស្ថាន។ នៅប៉ាគីស្ថាន អ្នកបើកបរយន្តហោះចំនួន២៦២នាក់ ត្រូវបានដករួចហើយ។
ប្រធានអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម បានបញ្ជាឲ្យផ្អាកការងាររបស់អ្នកបើកបរយន្តហោះដែលកំពុងធ្វើការឲ្យអាកាសចរណ៍វៀតណាម។ នេះជាប្រកាសរបស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) នៅថ្ងៃទី២៩ ខែមិថុនា។ នេះជាវិធានការទប់ស្កាត់របស់ក្រុងហាណូយ ក្រោយការផ្ទុះឡើងក្ដីបារម្ភពីសុវត្ថិភាពផ្លូវអាកាស បន្ទាប់ពីសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) រកឃើញភាពមិនប្រក្រតីក្នុងការចេញអាជ្ញាបណ្ណបើកបរយន្តហោះរបស់អាកាសចរណ៍ប៉ាគីស្ថានអន្តរជាតិ។
ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន CAAV ការព្យួរការងារនេះ នឹងមានសុពលភាពរបស់រហូតដល់មានការជូនដំណឹងជាថ្មី។ ជាមួយនេះ វៀតណាម ក៏បានទាក់ទងជាមួយប៉ាគីស្ថានដើម្បីតាមដានប្រវត្តិរូបអ្នកបើកបរដែលធ្វើការនៅវៀតណាម។
អ្នកបើកបរយន្តហោះសញ្ជាតិប៉ាគីស្ថាន២៧នាក់ បានបំពេញការងារនៅវៀតណាម។ ក្នុងចំណោមនេះ ១២នាក់ កំពុងបំពេញការងារ ហើយ១៥នាក់ទៀត កំពុងសម្រាកដោយសារ COVID-19 ។ ម្នាក់ក្នុងចំណោម១២នាក់ បើកយន្តហោះឲ្យអាកាសចរណ៍ Jetstar Pacific ឯ១១នាក់ទៀត ធ្វើនៅអាកាសចរណ៍ Vietjet ។ អាកាសចរណ៍ជាតិរបស់វៀតណាម Vietnam Airlines និង Bamboo Airways មិនបានជួលអ្នកបើកបរយន្តហោះប៉ាគីស្ថានឡើយ។ នេះជាការបញ្ជាក់របស់ CAAV ។
អាជ្ញធរអាកាសចរណ៍វៀតណាមដដែលនេះ បន្តថា សព្វថ្ងៃនេះ វៀតណាមមានអ្នកបើកបរចំនួន១២៦០នាក់ ហើយពាក់កណ្ដាល ជាជនបរទេស។
កាលពីសប្ដាហ៍មុន ប៉ាគីស្ថាននិយាយថា ខ្លួននឹងបញ្ឈរជើងអ្នកបើកបរយន្តហោះ២៦២នាក់ ដែលសង្ស័យថា បានបន្លំអាជ្ញាបណ្ណបើកបររបស់ពួកគេ៕
Tag:
វៀតណាម
ប៉ាគីស្ថាន
យន្តហោះ
© រក្សាសិទ្ធិដោយ thmeythmey.com