អន្តរជាតិ
វៀតណាម បញ្ឈរជើង​ពី​ឡុ​ត​ប៉ា​គី​ស្ថាន​ទាំងអស់ ក្រោយ​បែកធ្លាយ​ប្រើ​អាជ្ញា​បណ្ណ​បើកបរ​សេះ​ហោះ​
29, Jun 2020 , 10:59 pm        
រូបភាព
យន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍វៀតណាម Vietjet ។ រូបភាព​ AFP
យន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍វៀតណាម Vietjet ។ រូបភាព​ AFP
​អាជ្ញាធរ​អាកាសចរណ៍​វៀតណាម នៅ​ថ្ងៃទី​២៩ ខែមិថុនា បានប្រកាស​បញ្ឈរជើង​អ្នកបើកបរ​យន្តហោះ​ជនជាតិ​ប៉ា​គី​ស្ថាន​ទាំងអស់ ដែល​កំពុង​បម្រើការ​ក្នុង​តាម​អាកាសចរណ៍​ក្នុងស្រុក​។ ការដក​បញ្ឈរជើង​នេះ ធ្វើឡើង​ក្រោយ​ការបង្ហាញ​ក្ដីបារម្ភ​ពី​និយ័ត​ករ​អាកាសចរណ៍​អន្តរជាតិ​ដែល​រកឃើញ​បញ្ហា​ក្នុង​ការចេញ​អាជ្ញា​បណ្ណ​បើកបរ​យន្តហោះ​ក្នុងចំណោម​អ្នកបើក​ជនជាតិ​ប៉ា​គី​ស្ថាន​។ នៅ​ប៉ា​គី​ស្ថាន អ្នកបើកបរ​យន្តហោះ​ចំនួន​២៦២​នាក់ ត្រូវបាន​ដក​រួចហើយ​។​

 
​ប្រធាន​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​វៀតណាម បាន​បញ្ជា​ឲ្យ​ផ្អាក​ការងារ​របស់​អ្នកបើកបរ​យន្តហោះ​ដែល​កំពុងធ្វើការ​ឲ្យ​អាកាសចរណ៍​វៀតណាម​។ នេះ​ជា​ប្រកាស​របស់​អាជ្ញាធរ​អាកា​ស​ចរណ៍​ស៊ីវិល​វៀតណាម (CAAV) នៅ​ថ្ងៃទី​២៩ ខែមិថុនា​។ នេះ​ជា​វិធានការ​ទប់ស្កាត់​របស់​ក្រុង​ហាណូយ ក្រោយ​ការ​ផ្ទុះឡើង​ក្ដីបារម្ភ​ពី​សុវត្ថិភាព​ផ្លូវអាកាស បន្ទាប់ពី​សមាគម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ (IATA) រកឃើញ​ភាពមិនប្រក្រតី​ក្នុង​ការចេញ​អាជ្ញា​បណ្ណ​បើកបរ​យន្តហោះ​របស់​អា​កាស​ចរណ៍​ប៉ា​គី​ស្ថាន​អន្តរជាតិ​។ 
 
​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន CAAV ការព្យួរ​ការងារ​នេះ នឹងមាន​សុពលភាព​របស់​រហូត​ដល់​មានការ​ជូនដំណឹង​ជាថ្មី​។ ជាមួយនេះ វៀតណាម ក៏បាន​ទាក់ទង​ជាមួយ​ប៉ា​គី​ស្ថាន​ដើម្បី​តាមដាន​ប្រវត្តិរូប​អ្នកបើកបរ​ដែល​ធ្វើការ​នៅ​វៀតណាម​។​
 
​អ្នកបើកបរ​យន្តហោះ​សញ្ជាតិ​ប៉ា​គី​ស្ថាន​២៧​នាក់ បាន​បំពេញការងារ​នៅ​វៀតណាម​។ ក្នុងចំណោម​នេះ ១២​នាក់ កំពុង​បំពេញការងារ ហើយ​១៥​នាក់​ទៀត កំពុង​សម្រាក​ដោយសារ COVID-19 ។ ម្នាក់​ក្នុងចំណោម​១២​នាក់ បើក​យន្តហោះ​ឲ្យ​អាកាសចរណ៍ Jetstar Pacific ឯ​១១​នាក់​ទៀត ធ្វើ​នៅ​អាកាសចរណ៍ Vietjet ។ អាកាសចរណ៍​ជាតិ​របស់​វៀតណាម Vietnam Airlines និង Bamboo Airways មិនបាន​ជួល​អ្នកបើកបរ​យន្តហោះ​ប៉ា​គី​ស្ថាន​ឡើយ​។ នេះ​ជាការ​បញ្ជាក់​របស់ CAAV ។ 
 
​អា​ជ្ញ​ធរ​អាកាសចរណ៍​វៀតណាម​ដដែល​នេះ បន្តថា សព្វថ្ងៃនេះ វៀតណាម​មាន​អ្នកបើកបរ​ចំនួន​១២៦០​នាក់ ហើយ​ពាក់កណ្ដាល ជា​ជនបរទេស​។​
 
​កាលពី​សប្ដាហ៍​មុន ប៉ា​គី​ស្ថាន​និយាយថា ខ្លួន​នឹង​បញ្ឈរជើង​អ្នកបើកបរ​យន្តហោះ​២៦២​នាក់ ដែល​សង្ស័យថា បាន​បន្លំ​អាជ្ញា​បណ្ណ​បើកបរ​របស់​ពួកគេ​៕   

Tag:
 វៀតណាម​
  ប៉ា​គី​ស្ថាន​
  យន្តហោះ
© រក្សាសិទ្ធិដោយ thmeythmey.com