ថៃ​ពន្យារ​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​ដល់​ដំណាច់ខែ​កក្កដា តែ​បន្ធូរ​ការ​រឹតត្បិត​កាន់តែច្រើន​
COVID-19
អន្តរជាតិ
ថៃ​ពន្យារ​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​ដល់​ដំណាច់ខែ​កក្កដា តែ​បន្ធូរ​ការ​រឹតត្បិត​កាន់តែច្រើន​
29, Jun 2020 , 11:39 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​ថៃ បានសម្រេច​ពន្យារពេល​ដាក់​ប្រទេស ក្នុងស្ថានភាព​អាសន្ន រហូតដល់​ដំណាច់ខែ​កក្កដា ប៉ុន្តែ​មានការ​បន្ធូរបន្ថយ​ច្រើន​នៅក្នុង​ប្រទេស​ដូចជា សាលារៀន វិទ្យាស្ថាន​អប់រំ កន្លែង​កម្សាន្ត​ផ្សេងៗ​ជាដើម​។ នេះ​បើតាម​ប្រកាស​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព COVID-19 ថៃ នៅ​ថ្ងៃទី​២៩ ខែមិថុនា​។


​តាមរយៈ​កិច្ចប្រជុំ ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី លោក​ប្រា​យុទ្ធ ចន្ទ​អូ​ចា ថៃ​បានសម្រេច​ពន្យារពេល​ដាក់​ប្រទេស ក្នុងស្ថានភាព​អាសន្នរ​ហូត​ដល់​ថ្ងៃទី​៣១ ខែកក្កដា​។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព COVID-19 ថៃ​។ បើទោះបីជា​ពន្យារពេល​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​មែន ថៃ​ក៏បាន​បន្ធូរបន្ថយ​សក​ម្ម​ភាពជា​ច្រើន​ផងដែរ​នៅក្នុង​ប្រទេស​។ សកម្មភាព​ទាំងនោះ​មានដូចជា បើក​សាលារៀន វិទ្យាស្ថាន​អប់រំ និង​កន្លែង​កម្សាន្ត​មួយចំនួន បារ ត្រៀម​ស្រា កន្លែង​លក់ទំនិញ​ជាដើម​។ 
 
​ថ្ងៃទី​១ ខែកក្កដា គឺជា​កាលបរិច្ឆេទ នៃ​ការបើក​សកម្មភាព​ខាងលើនេះ​ឡើងវិញ ប៉ុន្តែ​សកម្មភាព​ខ្លះ ត្រូវ​កំណត់​ក្រោម​លក្ខខណ្ឌ​មួយចំនួន​។ បើតាម​ការបញ្ជា​ក់រប​ស់​អ្នកនាំពាក្យ​របស់​មជ្ឍមណ្ឌល​គ្រប់គ្រង​ស្ថានភាព COVID-19 លោក Taweesin Visanuyothin សាលារៀន វិទ្យាស្ថាន​អប់រំ ហាង​លក់ទំនិញ នឹង​អាច​ដំណើរការ​ធម្មតា​។ 
 
​ចំណែក​កន្លែង​កម្សាន្ត​វិញ ត្រូវគេ​អនុញ្ញាត​ឲ្យ​បើក តែ​កន្លែង​ណា មាន​លិខិតអនុញ្ញាត​ឲ្យ​បើក​តែប៉ុណ្ណោះ​។ ប៉ុន្តែ​កន្លែង​កម្សាន្ត និង​តៀមស្រា ដែល​ត្រូវគេ​អនុញ្ញាត​ឲ្យ​បើក​នោះ ត្រូវ​បិទ​វិញ​នៅ​ពាក់​កណ្តាលយប់​។ ចំណែក​បរិយាកាស​នៅក្នុង​ហាង​ទៀតសោត ម្ចាស់​អាជីវកម្ម ត្រូវ​រៀប​កន្លែង​ឲ្យ​នៅ​ឆ្ងាយ​ពីគ្នា​តាម​វិធាន​គម្លាត​សុវត្ថិភាព អនាម័យ និង​សម្អាត​កន្លែង​មួយចំនួន​ដូចជា​បង្គន់ កន្លែង​ជក់បារី​ឲ្យ ខណៈ​អ្នក​ទទួលភ្ញៀវ​ត្រូវតែ​ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ​។ 
 
​បន្ថែម​ពីលើ​នេះ ជំនួញ​ទាំងអស់ មិន​អនុញ្ញាត​ឲ្យ​លក់​បញ្ចុះតម្លៃ​អ្វី​ឡើយ ដើម្បី​បញ្ចៀស​ការប្រមូលផ្តុំ​មនុស្ស​។ ក្រៅពីនេះ ហាង​ជំនួញ​ត្រូវមាន​កន្លែង ពិនិត្យ​កម្តៅ កន្លែង​លាងដៃ ការកម្រិត​ចំនួន​អតិថិជន និង​កា​រ៉ា​សុវត្ថិភាព​ជាដើម​។​
 
​សម្រាប់​ហាង​កាហ្វេ និង​កន្លែង​លេង​ហ្គេម​វិញ ត្រូវតែកំណត់​ម៉ោង ដើម្បី​បម្រើ​សេវាកម្ម​ឲ្យ​អតិថិជន​ដែល​ចូល​ទិញ​កាហ្វេ និង​លេង​ហ្គេម​ជា​ដ់ម​។ កន្លែង​លេខ​ហ្គេម​នេះ ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​ចំនួន ៤​ម៉ែត្រ​ពីគ្នា និង​ត្រូវ​រក្សា​អនាម័យ​ឲ្យ​បាន​ជាប់​ជានិច្ច​។ ដោយឡែក​កន្លែង​ស្ប៉ា និង​កន្លែង​ម៉ាស្សា​វិញ អនុញ្ញាត​ឲ្យ​តែ​កន្លែង​ណា​មាន​លិខិត​ឲ្យ​បើក​តែប៉ុណ្ណោះ​។ ការបើក​នេះ​ផងដែរ ត្រូវ​រក្សា​អនាម័យ កំណត់​ចំនួន​ភ្ញៀវ ក៏ដូចជា​ការតម្រូវ​ឲ្យ​ពាក់​ម៉ាស់ និង​ការ​វាស់​កម្តៅ​។ 
 
​គ្រប់មុខ​ជំនួញ ឬ​ហាង​ទាំងអស់ ត្រូវតែ​ចុះឈ្មោះ ក្នុង​កម្មវិធី Thai Chana ជាមុនសិន មុននឹង​បើកហាង​ឡើងវិញ​។ កម្មវិធី Thai Chana នេះ ត្រូវបាន​បង្កើតឡើង ដើម្បី​ស្វែងរក​អ្នក​ផ្ទុក COVID-19 និង​ទប់ស្កាត់​ករណី​ឆ្លង​ជាដើម​។ 
 
​សូមបញ្ជាក់ថា ថៃ បាន​រាយការណ៍​ថា មិនមាន​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​នៅក្នុង​ស្រុក​អស់​រយៈពេល​ជាង ១​ខែ​។ ករណី​ឆ្លង​COVID-19 ថ្មី​ទាំងអស់​របស់​ថៃ គឺជា​ករណី​មកពី​ក្រៅប្រទេស និង​ដា​ក់ច​ត្តា​ឡី​ស័ក​។ នៅ​ថ្ងៃទី​២៩ ខែមិថុនា ថៃ​មាន​ករណី​ឆ្លង​ថ្មី ៦​ករណី ដែល​ស្ថិតក្រោម​វិធាន​ច​ត្តា​ឡី​ស័ក​ទាំងអស់​។ តួលេខ​សរុប​របស់​ថៃ​មាន​ចំនួន ៣១៦៩​ករណី អ្នកស្លាប់​ចំនួន ៥៨​នាក់ និង​ជាសះស្បើយ​មាន​ចំនួន ៣០៥៣​នាក់​៕ 

Tag:
 ​ថៃ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com