សង្គមអន្តរជាតិ​
អន្តរជាតិ
ជម្លោះព្រំដែន ទំនង​មិន​រុញ​ឲ្យ​ឥណ្ឌា​ងាក​ចាប់ដៃ​អាមេរិក​ប្រឆាំង​ចិន​ឡើយ​
30, Jun 2020 , 9:29 am        
រូបភាព
 ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន (ខាងស្តាំ) ជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី ។រូបភាព៖ Reuters
ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន (ខាងស្តាំ) ជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី ។រូបភាព៖ Reuters
​ភាព​តានតឹង​នៅតាម​បណ្តោយ​ព្រំដែន​រវាង​ចិន និង​ឥណ្ឌា បន្ត​នៅ​ក្តៅគគុក​នៅឡើយ បើទោះបីជា​គូភាគី​ទាំងពីរ​មាន​កិច្ចចរចា​ចាប់តាំងពី​ថ្នាក់​រដ្ឋមន្ត្រី រហូតដល់​មេបញ្ជាការ​យោធា​ក៏ដោយ​។ ប៉ុន្តែ​ជម្លោះព្រំដែន​នេះ​ជាមួយ​មហាអំណាច​សេដ្ឋកិច្ច​ទី​ពីរ​ចិន ទំនងជា​មិន​រុញច្រាន​ឲ្យ​ឥណ្ឌា​ងាក​ទៅជិត​អាមេរិក​ខ្លាំង​ឡើយ​។ ហេតុផល​ចម្បង​គឺ ដោយសារ​រុស្ស៊ី​នៅតែ​ជា​របាំង​មួយ​ដ៏​ធំ​។ តើ​មូល​ហេតុអ្វី ដែល​អាចធ្វើ​ឲ្យ​រុស្ស៊ី​មាន​តួនាទី​ដ៏​សំខាន់​ក្នុងការ​រាំងខ្ទប់​ឥណ្ឌា​មិន​ឲ្យ​ខិត​ទៅជិត​អាមេរិក​?


 
​ការប៉ះទង្គិច​គ្នា​នៅតាម​ព្រំដែន រវាង​មហាអំណាច​នុយក្លេអ៊ែរ​ធំៗ​ពីរ​ចិន និង​ឥណ្ឌា ប​បង្ក​ឲ្យ​ទាហាន​ឥណ្ឌា​ស្លាប់ ២០​នាក់ និង​របួស​ជាច្រើន​នាក់ ខណៈ​ភាគី​ចិន​ក៏មាន​ទាហាន​ស្លាប់ និង​របួស​ដូចគ្នា​ប៉ុន្តែ​មិនមាន​ការទម្លាយ​ព័ត៌មាន​លម្អិត​ពី​ក្រុង​ប៉េកាំង​ឡើយ​។ ក្រោយពី​មានការ​ប៉ះទង្គិច​គ្នា​នេះ កិច្ចចរចា​ច្រើន​កម្រិត​ត្រូវបាន​រៀបចំឡើង​រាប់​ចាប់តាំងពី​ថ្នាក់​រដ្ឋមន្ត្រីការបរទេស រហូតដល់​ថ្នាក់​មេបញ្ជាការ​យោធា​ផងដែរ​។ ភាគី​ទាំងពីរ​សន្យា​ឈានទៅ​ចរចា​រក​ដំណោះស្រាយ​គ្នា​ដោយ​សន្តិវិធី និង​បញ្ចៀស​មិន​ឲ្យ​ការ​ប្រឈម​គ្នា និង​ភាព​តានតឹង​នេះ​មិន​បង្ក​ឲ្យ​មាន​ជា​ជម្លោះ​ប្រដាប់អាវុធ ឬ​សង្គ្រាម​ឡើយ​។ 
 
​ផ្ទុយ​ពី​ការសន្យា ភាគី​ទាំងពីរ ចិន និង​ឥណ្ឌា​បែរជា​ព្យាយាម​បន្ថែម​កងទ័ព​ច្រើនជាង​មុន​ទៅកាន់​តំបន់​ជម្លោះ​ថែម​ទៅវិញ​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ Reuters ចិន​បាន​សាងសង់ ជំរំ​យោធា និង​សាងសង់​លេណដ្ឋាន និង​សំណង់​ផ្សេងទៀត​។ ចំណែក​ឥណ្ឌា​វិញ ក៏បាន​បន្ថែម​កម្លាំងយោធា​ទៅ​តំបន់​ព្រំដែន​ដែរ​។ ក្រៅពី​បន្ថែម​ទ័ព ទីក្រុង​ប៉េកាំង និង​ញូវដែលី ក៏បាន​ធ្វើ​សមយុទ្ធ​យោធា ដើម្បី​បញ្ចេញ​សាច់ដុំ​ដាក់គ្នា​ថែមទៀត​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ភាព​តានតឹង និង​ប្រឈមមុខគ្នា​ជាមួយ​មិត្ត​ជិត​ខាងចុង​ក្រោយនេះ នឹងធ្វើ​ឲ្យ​ទីក្រុង​ញូវដែលី កាន់តែ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត​ចំពោះ​ក្រុង​ប៉េកាំង​នៅពេល​ខាងមុខ​។ 
 
​ជុំវិញ​បញ្ហា​នេះ គេ​វាយតម្លៃថា ភាពមិន​ចុះសម្រុង​គ្នា​នេះ អាច​នឹង​បង្ខំ​ឲ្យ​ឥណ្ឌា​ខិតជិត​មហាអំណាច​ទីមួយ​អាមេរិក ដែល​កំពុង​តែមាន​ទំនាក់ទំនង​ល្អក់កករ​ជាមួយ​ចិន​ស្រាប់​នោះ​។ ជម្លោះ​ពាណិជ្ជកម្ម បញ្ហា​ក្រុង​ហុងកុង កោះ​តៃវ៉ាន់ ជំងឺ​រាតត្បាត COVID-19 និង​បញ្ហា​ដ៏​ទៃ​ផ្សេងទៀត សុទ្ធ​ជា​ឆ្អឹង​ទឹង​កករ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​អាមេរិក​ជាមួយ​ចិន​ទាំងអស់​។ ការណ៍​នេះហើយ ឥណ្ឌា​ទំនងជា​មានលទ្ធភាព​ខ្ពស់​ខាង​ផ្នែក​យុទ្ធសាស្ត្រ​ដើម្បី​ពឹងពាក់​អាមេរិក​បាន ដើម្បី​ទប់ទល់ និង​ដាក់​សម្ពាធ​លើ​ចិន​ដែរ​។ 
 


​រូបភាព​៖ ប្រធានាធិបតី​រុស្ស៊ី លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន (​ខាងឆ្វេង​) ជាមួយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក នា​រិ​ន្ទ្រា ម៉ូ​ឌី (​កណ្តាល​) និង​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ភីង ។​រូបភាព​៖ AFP
 
​យ៉ាងណា​ក៏ដោយចុះ មហាអំណាច​អាស៊ី​ខាងត្បូង​ឥណ្ឌា​ន​មិនបាន​មើលឃើញ​អាមេរិក​ជា​ខ្នងបង្អែក​ធំ​បំផុត​ដើម្បី​ទប់ទល់​ចិន​ឡើយ ព្រោះថា មហាអំណាច​យោធា​មួយទៀត​គឺ រុស្ស៊ី​នៅតែមាន​តួនាទី​ចម្បង​ក្នុង​ការរារាំង​សម្ព័ន្ធភាព​ថ្មី​នេះ​។ ក្នុង​អត្ថបទ «China’s Sovereignty Obsession» ដែល​បាន​ចុះផ្សាយ​ដោយ​ទ​ស្សាវ​ដ្តី Foreign Affair នៅ​ថ្ងៃទី​២៦ ខែមិថុនា លោក Taylor Fravel សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ និង​ជានា​យក​នៃ​កម្មវិធីសិក្សា​សន្តិសុខ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា Massachusetts បានផ្តល់​យោបល់​ថា គេ​មិនគួរ​ភ្លេច​ថា រុស្ស៊ី ជា​អ្នកផ្គត់ផ្គង់​អាវុធ​ដ៏​សំខាន់បំផុត​មួយ​សម្រាប់​វិស័យ​ការពារជាតិ​ឥណ្ឌា​នាពេល​កន្លង និង​ទៅ​អនាគត​ទៀត​។ ដូច្នេះហើយ រាល់​កិច្ចសហការ ឬ​សម្ព័ន្ធភាព​ណាមួយ​រវាង​ឥណ្ឌា និង​អាមេរិក​ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ប្រយោជន៍​រុស្ស៊ី​នោះ មិនអាច​កើតឡើង​ភ្លាម​ឡើយ បើទោះបី​ជាមាន​ព្រឹត្តិការណ៍​ឬ​បញ្ហា​អ្វី​មក​ជំរុញ​ក៏ដោយចុះ​។ 
 
​ពិត​ហើយ នៅក្នុង​ឆ្នាំ​២០១៩ ឥណ្ឌា​បញ្ជា​ទិញ​អាវុធ​ពី​រុស្ស៊ី ក្នុងតម្លៃ​រហូតដល់ ១៤,៥ ពាន់​លាន​ដុល្លារ​ឯណោះ​។ នៅក្នុង​ឆ្នាំ​២០១៨ ឥណ្ឌា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទិញ​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល S-400 ពី​រុស្ស៊ី​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៥​ពាន់​លាន​ដុល្លារ​។ ចំណុច​នេះហើយ ធ្វើ​ឲ្យ​អាមេរិក​មិន​ពេញចិត្ត ហើយ​បាន​ព្រមាន​ដាក់ទណ្ឌកម្ម​ប្រឆាំង​ឥណ្ឌា​ទៅទៀត​។

យ៉ាងណាមិញ ក្នុង​ដំណើរ​ទស្សនកិច្ច​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ទៅកាន់​ប្រទេស​ឥណ្ឌា កាលពី​ខែកុម្ភៈ​ឆ្នាំ​២០២០ កន្លងទៅ មេដឹកនាំ​ឥណ្ឌា​បានសម្រេច​ចិត្ត​ចុះ​កិច្ចព្រមព្រៀង​ទិញ​ឧទ្ធម្ភាគចក្រ​ពី​អាមេរិក​មានតម្លៃ​ប្រមាណ​៣,៥ ពាន់​លាន​ដុល្លារ​ដែរ​ដើម្បី​រក្សា​តុល្យភាព​ទំនាក់ទំនង​និង​បញ្ចៀស​បញ្ហា​ប្រឈម​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​ផង​។ 
 
​មួយវិញទៀត បញ្ហា​ពាណិជ្ជកម្ម​ឯណោះ​វិញ ក៏​អាចជា​មូលហេតុ​ចម្បង​មួយ ដែល​ធ្វើ​ឲ្យ​ឥណ្ឌា​ត្រូវ​ពិចារណា​ល្អិតល្អន់​ជាមុនសិន​ចំពោះ​ការ​ខិត​ទៅជិត​អាមេរិក​។ ដូចដែល​ដឹង​ស្រាប់​ហើយ  ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ មិនដែល​ចង់​ឲ្យ​ប្រទេស​ណាមួយ​រកស៊ី​កេងចំណេញ​ពីលើ​អាមេរិក​ឡើយ សូម្បីតែ​ប្រទេស​សម្ព័ន្ធមិត្ត​យូរអង្វែង​នោះ​។ ក្នុង​សំណុំរឿង​ឥណ្ឌា រដ្ឋបាល​លោក ត្រាំ បានសម្រេច​ដំឡើង​ពន្ធ​លើ​ផលិតផល​ដែកថែប និង​អាលុយមីញ៉ូម​ជា​ឯកតោភាគី ហើយ​ឥណ្ឌា​ក៏​ចោទ​អាមេរិក​ពី​បញ្ហា​នេះដែរ ថា​ដំឡើង​ពន្ធ​ស្រេច​តែ​ចិត្ត​ឯង​។ លើសពីនេះ សហរដ្ឋអាមេរិក​ក្រោម​ការដឹកនាំ​របស់លោក ត្រាំ ក៏បាន​សម្រេច​លុប​ឥណ្ឌា​ចេញពី​កម្មវិធី​អនុគ្រោះ​ពន្ធ (GSP) ដែល​នាំ​ឲ្យ​ឥណ្ឌា​ខាតបង់​ប្រយោជន៍​ពាណិជ្ជកម្ម​ជាច្រើន​ពាន់​លាន​ដុល្លារ​។ ការណ៍​នេះ​បានធ្វើ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌា​ខឹងសម្បារ​មិនតិច​ទេ​។ 
 
​សរុប​មកវិញ ទោះជា​ឥណ្ឌា​ទំនង​មិន​ជ្រើស​យក​អាមេរិក​ជា​សម្ព័ន្ធមិត្ត​ផ្តាច់មុខ​ដើម្បី​តតាំង​ជាមួយ​ចិន​ក្តី​មហាអំណាច​អាស៊ី​ខាងត្បូង​មួយ​នេះ​កំពុង​ប្រឹងប្រែង​ពង្រឹង​ឥទ្ធិពល​ខ្លួនឯង​ផង  និង​ងាក​ទៅ​ពង្រីក​ចំណងមិត្តភាព​ជាមួយ​ម​ហា​អំណាច​គីឡូ​មធ្យម​ថ្នាក់​តំបន់​ឯទៀត​ដូចជា​ជប៉ុន និង​អូស្ត្រាលី​ផងដែរ​កន្លងមកនេះ ដើម្បី​ធានា​យ៉ាងណា​ទប់ស្កាត់​ឬ​កាត់បន្ថយ​ឥទ្ធិពល​ចិន​ផ្តាច់មុខ​ដែល​កំពុង​កើនឡើង​នៅក្នុង​តំបន់​ទាំងមូល​ផង​៕ 

Tag:
 ចិន​
  ឥណ្ឌា​
  អាមេរិក​
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com