ជាតិ
សុខភាព
ការពន្យារពេល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​លើ​ទារក ឬ​កុមារ អាច​ប្រឈម​នឹង​អ្វីខ្លះ​?
29, Jun 2020 , 11:59 pm        
រូបភាព
​ភ្នំពេញ​៖ ការចាក់​ថ្នាំ​បង្ការ ឬ​វ៉ាក់សាំង​លើ​ទារក​-​កុមារ គឺ​ជួយ​ឱ្យ​ទារក ឬ​កុមារ​ជៀស​ផុតពី​ជំងឺ​ផ្សេងៗ និង​អាច​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់ និង​ស្លាប់​ផងដែរ​។ លោក​វេជ្ជបណ្ឌិត លី លីម​អ៊ាង ឯកទេស​ផ្នែក​កុមារ និង​ទារក បាន​លើកឡើងថា ទារក​ទើប​កើត​ត្រូវ​ទទួល​ការចាក់​វ៉ាក់សាំង​ឬ​ថ្នាំ​បង្ការ ចំនួន​ពីរ​មុខ​គឺ ថ្នាំ​បង្ការ​ជំងឺថ្លើម​ប្រភេទ​បេ (B) និង​ថ្នាំ​បង្ការ​ជំងឺរបេង​។ ក្រៅពី​ថ្នាំ​បង្ការ​ទាំង​ពីមុខ​នេះ កុមារ​ក៏ត្រូវ​តែ​ទទួល​ការចាក់​ថ្នាំ​បង្ការ​លើ​ជំងឺ​ផ្សេងៗ​ទៀត ដូចជា ជំងឺ​រលោក​សួត​, ក្អកមាន់​, រលាក​ខួរក្បាល និង​ជំងឺ​គ្រុន​ស្វិតដៃជើង​ជាដើម​។​


 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ វេជ្ជបណ្ឌិត លី លីម​អ៊ាង ឯកទេស​ផ្នែក កុមារ និង​ទារក នៃ​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ ដូចតទៅ​៖
 
 
​លោក​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​កុមារ និង​ទារក លី លីម អ៊ាង បាន​ណែនាំ​ថា ទារក ឬ​កុមារ ត្រូវតែ​មក​ទទួល​ការចាក់​ថ្នាំ​បង្ការ តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ ឱ្យបាន​ត្រឹមត្រូវ​តាម​ការកំណត់ ហើយ​បើ​ទារក ឬ​កុមារ ពន្យារ​ថ្ងៃ​ចាក់​វ៉ាក់សាំង​យូរ នោះ​នឹង​ធ្វើឱ្យ​ការផលិត​ប្រព័ន្ធ​ភាពស៊ាំ​របស់​កុមារ​មិនបាន​គ្រប់គ្រាន់ ហើយ​ប្រសិទ្ធភាព​នៃ​ថ្នាំ​បង្ការ​អាច​ថយចុះ ឬ​អាច​គ្មាន​ប្រសិទ្ធភាព​ផងដែរ​។​
 
​បើតាម​លោក​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​កុមារ និង​ទារក នៃ​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ រូបនេះ បាន​អះអាងថា ក្រោយពេល​ចាក់​ថ្នាំ​បង្ការ​ទារក ឬ​កុមារ អាចមាន​អាកា​រៈ​ក្ដៅខ្លួន​ទៅតាម​ប្រភេទ នៃ​ថ្នាំ​បង្ការ​នីមួយៗ ប៉ុន្តែ អាកា​រៈ​នេះ​មិន​ធ្ងន់ធ្ងរ​នោះទេ​។ លោក​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​កុមារ និង​ទារក លី លីម អ៊ាង បាន​ណែនាំ​ពី​វិធី​បញ្ចុះ​កម្ដៅ​ទារក ឬ​កុមារ​ក្រោយពេល​ចាក់​ថ្នាំ​បង្ការ​យ៉ាង​ដូច្នេះ​ថា​៖«​អ្នក​ម្ដាយ​អាច​យក​កន្សែងពោះគោ ជ្រលក់​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ ស្អំ​លើ​ខ្លួន​ទារក ឬ​កុមារ ដើម្បី​បញ្ចុះ​កម្ដៅ​។ ប្រសិនបើ ទារក ឬ​កុមារ នៅតែ​ក្ដៅខ្លួន​ទៀត​នោះ អ្នក​ម្តាយ​ត្រូវតែ​ប្រញាប់​យក​កូន​មកជួប​វេជ្ជបណ្ឌិត​ជំនាញ​»៕

Tag:
 វ៉ាក់សាំង​
  ទារក​
 ​កុមារ​
 ​សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com