ការស្រាវជ្រាវ​រក​ថ្នាំ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ និង​ដំណើរការ​សាកល្បង​លើ​វ៉ាក់សាំង​ការពារ​កំពុង​មានដំណើ​រ​ទៅមុខ​យ៉ាង​លឿន​
COVID-19
អន្តរជាតិ
ការស្រាវជ្រាវ​រក​ថ្នាំ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ និង​ដំណើរការ​សាកល្បង​លើ​វ៉ាក់សាំង​ការពារ​កំពុង​មានដំណើ​រ​ទៅមុខ​យ៉ាង​លឿន​
30, Jun 2020 , 7:59 pm        
រូបភាព
បុគ្គលិក​មន្ទីរពិសោធន៍​ម្នាក់​ពិនិត្យមើល​ដប​ថ្នាំ remdesivir នៅ​រោងចក្រ​កក្រុមហ៊ុន Gilead Sciences នៅ​ក្នុង​ក្រុង La Verne រដ្ឋ California កាលពី​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។
បុគ្គលិក​មន្ទីរពិសោធន៍​ម្នាក់​ពិនិត្យមើល​ដប​ថ្នាំ remdesivir នៅ​រោងចក្រ​កក្រុមហ៊ុន Gilead Sciences នៅ​ក្នុង​ក្រុង La Verne រដ្ឋ California កាលពី​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។
ដោយ: VOA
​ហ្សឺ​ណែវ ៖ ដោយមាន​ករណី​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​ជាង​១០​លាន​នាក់ និង​អ្នកស្លាប់​បាន​កើន​លើស​កន្លះ​លាន​នាក់​នោះ ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក កំពុង​ត្រូវការ​ជា​ចាំបាច់​នូវ​វ៉ាក់សាំង​ការពារ​មួយ​ដើម្បី​បញ្ចប់​នូវ​ជំងឺឆ្លង​នេះ​។ អង្គការ​សុខភាព​ពិភពលោក បាន​ឲ្យ​ដឹង​ពី​ការវិវឌ្ឍ​ទៅមុខ​ដ៏​ឆាប់រហ័ស​ឆ្ពោះទៅរក​ការបញ្ចប់​នៃ​ការឆ្លង​នេះ ប៉ុន្តែ​បាន​និយាយថា វា​មាន​ឧបសគ្គ​ជាច្រើន​ដែល​ត្រូវ​ជម្នះ មុន​ពេលដែល​វ៉ាក់សាំង​មួយ​ប្រភេទ​ដែលមាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព​ត្រូវបាន​គេ​ដាក់​ឲ្យ​ប្រើប្រាស់​នោះ​។​

 
​ប្រធាន​អ្នកវិទ្យាសាស្ត្រ​របស់​អង្គការ​សុខភាព​ពិភពលោក លោកស្រី Soumya Swaminathan ប្រាប់ VOA ថា យ៉ាងហោចណាស់ មាន​វ៉ាក់សាំង​ចំនួន​២០០​ប្រភេទ កំពុងស្ថិត​ក្នុងដំណាក់កាល​នៃ​ការអភិវឌ្ឍ​។ លោកស្រី​បន្តថា មាន​វ៉ាក់សាំង​ចំនួន​ប្រហែល​១០​ប្រភេទ កំពុង​ត្រូវបាន​គេ​សាកល្បង​លើ​មនុស្ស ហើយ​វ៉ាក់សាំង​ការពារ​ចំនួន​៣​ប្រភេទ​នឹង​ត្រៀមខ្លួន​រួចរាល់​ចូលក្នុង​ដំណាក់កាល​ទី​៣ នៃ​ការសាកល្បង ក្នុង​រយៈពេល​ពីរ​បី​សប្តាហ៍​ខាងមុខនេះ​។​
 
​អ្នកស្រី​បន្ត​ក្នុង​សម្តី​ដើម​ថា​៖ «​ដូច្នេះ​យើង​កំពុងស្ថិត​ក្នុងដំណាក់កាល​ថ្មី​មួយ គឺ​ការសាកល្បង​ទៅលើ​វ៉ាក់សាំង​ទាំងនោះ​។ ការសាកល្បង​ក្នុងដំណាក់កាល​ទី​៣​នេះ គឺជា​ជំហាន​មួយ​ដែល​នឹង​បង្ហាញ​ឲ្យ​ដឹង​ច្បាស់​ថា តើ​វ៉ាក់សាំង​នោះ​មាន​ប្រសិទ្ធភាព​និង​សុវត្ថិភាព​យ៉ាងណា​នោះ​។ ខ្ញុំ​មានសង្ឃឹម និង​មាន​សុទិដ្ឋិនិយម​ក្នុង​រឿងនេះ​។ ប៉ុន្តែ​អ្នកដឹង​ទេ ការអភិវឌ្ឍ​វ៉ាក់សាំង​ការពារ​ជំងឺ​គឺជា​ការងារ​មួយ​ដ៏​ស្មុគស្មាញ និង​មាន​ភាពមិនប្រាកដប្រជា​ជាច្រើន​»​។ 
 
​លោកស្រី Swaminathan​លើកឡើងថា គេ​មិនគួ​អស់សង្ឃឹម​ទេ ប្រសិនបើ​ការសាកល្បង​ទៅលើ​វ៉ាក់សាំង​នោះ​ទទួល​បរាជ័យ​។ លោកស្រី​កត់សម្គាល់ថា មាន​ប្រភេទ​និង​ទម្រង់​វ៉ាក់សាំង​ដទៃ​ផ្សេងៗ​ទៀត កំពុង​ឆ្លងកាត់​នូវ​ដំណាក់កាល​សាកល្បង​នេះដែរ​។​
 
​លោកស្រី​បាន​បន្ត​ក្នុង​សម្តី​ដើម​យ៉ាង​ដូចនេះ​ទៀតថា​៖ «​ប្រសិនជា​យើង​មាន​សំណាងល្អ​ខ្លាំង​នោះ យើង​នឹងមាន​វ៉ាក់សាំង​ការពារ​មួយ​ឬ​ពីរ​ប្រភេទ ដែល​ទទួលជោគជ័យ​នៅមុន​ដំណាច់​ឆ្នាំនេះ​។ ប៉ុន្តែ​យើង​ត្រូវ​រង់​ចាំមើល​លទ្ធផល​នៃ​ការសាកល្បង​ទាំងនោះ ។ យើង​ដឹង​ហើយ​ថា​វា​មានការ​លំបាក ពីព្រោះ​ការសាកល្បង​ត្រូវធ្វើ​នៅ​កន្លែង​ដែល​កំពុង​តែមាន​ជំងឺឆ្លង​។ ឧទាហរណ៍ ប្រសិនបើ​មាន​ប្រទេសមួយ​ដែល​បាន​អភិវឌ្ឍ​រក​វ៉ាក់សាំង​ការពារ​ជំងឺ​នេះ ប៉ុន្តែ​ប្រទេស​នេះ​មិនមាន​លទ្ធភាព​ក្នុងការ​គ្រប់គ្រង​នូវ​អត្រា​ឆ្លង​របស់ខ្លួន​ទេ អ៊ីចឹង​គេ​ត្រូវ​រក​កន្លែង​ផ្សេងទៀត​ក្នុងការ​ធ្វើតេស្ត​សាកល្បង​នេះ​»​។​
 
​ក្នុង​គ្រា​ដែល​ការស្រាវជ្រាវ​រក​វ៉ាក់សាំង​ការពារ​ជំងឺ​កំពុងតែ​ដំណើរការ​ទៅមុខ គេ​ក៏មាន​លទ្ធផល​ជាទី​សង្ឃឹម​ផងដែរ ចំពោះ​ថ្នាំ​ព្យាបាល​ជំងឺ​កូ​វីដ​១៩​នេះ​។ ការសាកល្បង​ក្នុងការ​ព្យាបាល​បាន​បង្ហាញថា ថ្នាំ​ព្យាបាល​ជំងឺ Ebola ឈ្មោះ Remdesivir អាចជួយ​កាត់បន្ថយ​ពេលវេលា​នៃ​ការ​ជាសះស្បើយ​របស់​អ្នកជំងឺ​កូ​វីដ​១៩​មួយចំនួន​។​
 
​ទន្ទឹមនឹង​នេះដែរ ថ្នាំ​មួយ​ប្រភេទ​ទៀត​ឈ្មោះ dexamethasone ដែលជា​ថ្នាំ​ប្រឆាំង​បញ្ហា​ការ​រលាក​ផ្សេងៗ​ក្នុង​រាងកាយ​មនុស្ស​ហាក់បីដូច​ជា​អាចជួយ​កាត់បន្ថយ​ចំនួន​ស្លាប់​នៃ​អ្នកជំងឺ​កូ​វីដ​១៩​ដែលមាន​អាការរោគ​ធ្ងន់ធ្ងរ​បាន​យ៉ាងច្រើន​។ ថ្នាំ​ប្រភេទ​នេះ ដែលមាន​ក្នុង​ទីផ្សារ​ជា​យូរ​មកហើយ មានតម្លៃ​ថោក​ដែល​អាចជួយ​ឲ្យ​អ្នកក្រ​អាចមាន​លទ្ធភាព​ទិញយក​មកប្រើប្រាស់​បាន​។​
 
​ការសាកល្បង​ការប្រើប្រាស់​ទៅលើ​ថ្នាំ​គ្រុនចាញ់ hydroxycholoroquine បាន​បង្ហាញថា មិនមាន​ផលប្រយោជន៍​នោះទេ ហើយ​ក្នុងករណី​ខ្លះទៀត អាច​បណ្តាល​ឲ្យ​អ្នកជំងឺ​មួយចំនួន​ដែល​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​ស្លាប់​ទៀតផង​។ ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​អ្នកវិទ្យាសាស្ត្រ​ជឿជាក់ថា ថ្នាំ​ប្រភេទ​នេះ​អាចមាន​ប្រសិទ្ធភាព​ក្នុង​ការជួយ​ការពារ​ជំងឺ​នេះ​ផងដែរ​។ ការសាកល្បង​ក្នុង​កំរិត​ធំ​មួយ​កំពុងដំណើរការ​ទៅលើ​ថ្នាំ​ប្រភេទ​នេះ ដើម្បី​រកមើល​ថា​តើ​វា​ពិតជា​អាចជួយ​ការពារ​ជំងឺ​កូ​វីដ​១៩ មែនឬ​ទេនោះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com