អន្តរជាតិ
សេចក្តីព្រាងច្បាប់សន្តិសុខហុងកុង ត្រូវអនុម័តសំឡេងឯកច្ឆន្ទ, ចូលធរមាននៅថ្ងៃទី១ កក្កដា គណៈអចិន្រ្តៃយ៍នៃសភាប្រជាជនចិន ពិភាក្សាពីសេចក្តីស្នើច្បាប់សន្តិសុខជាតិហុងកុង។ រូបភាព៖ Xinhua
× សេចក្តីព្រាងច្បាប់សន្តិសុខជាតិហុងកុង ត្រូវបានគណៈអចិន្ត្រៃយ៍នៃសភាប្រជាជនចិនអនុម័តហើយ នៅថ្ងៃទី៣០ ខែមិថុនា។ ច្បាប់នេះ ត្រូវរំពឹងថា នឹងចូលជាធរមាននៅថ្ងៃទី១ ខែកក្កដា ខាងមុខនេះ ពោលគឺនៅចំថ្ងៃខួបនៃអង់គ្លេសប្រគល់ទឹកដីហុងកុង ត្រលប់មកឲ្យចិនវិញតែម្តង។
សេចក្តីព្រាងច្បាប់សន្តិសុខជាតិហុងកុង ត្រូវបានគណៈអចិន្រៃ្តយ៍ចិន អនុម័តជាឯកច្ឆន្ទ ដោយសម្លេង យល់ព្រមចំនួន១៦២ ដែលតំណាងឲ្យសមាជិកទាំងមូល។ តាមការចុះផ្សាយរបស់កាសែត South China Morning Post សេចក្តីស្នើច្បាប់នេះ ត្រូវបានគេអនុម័តត្រឹមតែ ១៥នាទីប៉ុណ្ណោះ បន្ទាប់ពីបើកកិច្ចប្រជុំនៅម៉ោង៩។
យ៉ាងណាក៏ដោយ សេចក្តីព្រាងច្បាប់នេះ នៅតែមិនទាន់ត្រូវបានគេបញ្ចេញទាំងស្រុងនៅឡើយទេ ពោលគឺត្រូវចាំរហូតដល់ថ្ងៃរសៀលនៃថ្ងៃទី៣០ ខែមិថុនា។ បើសិនគ្មានការប្រែប្រួលទេ ច្បាប់សន្តិសុខជាតិហុងកុង នឹងចូលជាធរមាននៅថ្ងៃទី១ ខែកក្កដា នៅចំថ្ងៃខួបនៃអង់គ្លេសប្រគល់ទឹកដីហុងកុងមកឲ្យចិនវិញ។
បន្ទាប់ពីសំណើច្បាប់នេះ ត្រូវបានអនុម័ត គណៈកម្មាធិការច្បាប់មូលដ្ឋានហុងកុង នឹងជួបពិភាក្សាគ្នា ដើម្បីដាក់បញ្ចូលច្បាប់សន្តិសុខជាតិហុងកុង ចូលទៅក្នុងឧបសម្ព័ន្ធទី៣ នៃច្បាប់មូលដ្ឋានហុងកុង។ នៅម៉ោង ៣រសៀល ក្នុងថ្ងៃដដែលនេះ ចិននឹងធ្វើសន្និសិទកាសែតមួយ និយាយពីសេចក្តីស្នើច្បាប់សន្តិសុខជាតិនេះ។ នេះបើតាមប្រភពព័ត៌មានដដែល។
ច្បាប់សន្តិសុខជាតិហុងកុង គឺជាច្បាប់មួយ ដែលបង្កឲ្យមានបញ្ហាចម្រូងចម្រាសយ៉ាងខ្លាំង ទាំងនៅក្នុងទឹកដីហុងកុង និងបរទេស។ នៅក្នុងថ្ងៃបើកកិច្ចប្រជុំគណៈអចិន្ត្រៃយ៍សភាប្រជាជនចិន នាថ្ងៃទី២៨ ខែមិថុនាតែម្តង ប្រជាជនហុងកុងជាច្រើននាក់បានចេញមកបាតុកម្មប្រឆាំងនឹងច្បាប់នេះ។ ចំណែកនៅបរទេសវិញ មុនថ្ងៃអនុម័តសេចក្តីស្នើច្បាប់នេះ អាមេរិក បានសម្រេចរឹតត្បិតទិដ្ឋាការលើសមាជិកបក្សកុម្មុយនិស្តចិន ដែលមានទាក់ទិននឹងសេចក្តីស្នើច្បាប់ហុងកុង ចំណែកចិន បានប្រកាសរឹតត្បិតទិដ្ឋាការលើជនជាតិអាមេរិកណា ដែលហ៊ាននិយាយរិះគន់ពីបញ្ហាហុងកុង។
មុនថ្ងៃអនុម័តសេចក្តីស្នើច្បាប់មួយថ្ងៃ អាមេរិក ក៏បានប្រកាសផ្អាកការនាំចេញសម្ភារការពារ និងបច្ចេកវិទ្យាដែលអាចប្រើបានទាំងក្នុងសង្គ្រាម ឬស៊ីវិល ដូចជាដ្រូនជាដើម ទៅទីក្រុងហុងកុង ក្រោមហេតុផលសេចក្តីស្នើច្បាប់សន្តិសុខជាតិហុងកុង។ បើតាមការអះអាងរបស់លោក ម៉ៃ ប៉ុមប៉េអូ រដ្ឋមន្ត្រីការបរទេសអាមេរិក កន្លងមកហុងកុង បាននាំចូលបច្ចេកវិទ្យាដូចជាដ្រូនជាដើម ដោយមិនមានលិខិតអនុញ្ញាត ប៉ុន្តែក្រោយមកសម្ភារទាំងនោះ ត្រូវបានលក់ទៅឲ្យចិនដីគោក។
សូមបញ្ជាក់ថា ច្បាប់សន្តិសុខជាតិហុងកុង ត្រូវបានតាក់តែងឡើង ដើម្បីហាមឃាត់ការធ្វើវិទ្ធង្សនា ការធ្វើអបគមន៍ ភេរវកម្ម និងការផ្សំគំនិតជាមួយបរទេសជាដើម។ ច្បាប់នេះ ត្រូវបានរំពឹងថា អាចនឹងដាក់ពិន័យលើអ្នកល្មើសរហូតដល់ ១ជីវិតឯណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com