COVID-19
អន្តរជាតិ
៦​ខែក្រោយ​ផ្ទុះ​COVID-19 WHO នឹង​បញ្ជូន​ក្រុមការងារ​ទៅ​ចិន ដើម្បី​ស៊ើបរក​ប្រភពដើម
30, Jun 2020 , 11:59 am        
រូបភាព
ដោយ:
៦​ខែក្រោយ COVID-19 ត្រូវបាន​រាយការណ៍​ថា​ផ្ទុះ រាលដាល​ដំបូង​ក្នុងប្រទេស​ចិន អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​ថ្ងៃទី​២៩​ខែមិថុនា បានប្រកាសថា ខ្លួន​នឹង​បញ្ជូន​អ្នកជំនាញ​មួយក្រុម​ទៅ​ចិន នា​សប្តាហ៍​ក្រោយ ដើម្បី​ស៊ើបអង្កេត​រក​ប្រភព​វីរុស​នេះ​។ ការប្រកាស​នេះ ធ្វើឡើង​ខណៈ​អង្គការ​អន្តរជាតិ​មួយ​នេះ បាន​ព្រមាន​ថា ជំងឺ​រាតត្បាត​សកល​នេះ​នៅ​ផ្លូវ​វែងឆ្ងាយ​មុននឹង​រលាយ​សាបសូន្យ​លើ​ភពផែនដី​។

 
​នា​សន្និសីទ​ព័ត៌មាន​តាម​ប្រព័ន្ធ​វីដេអូ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បាន​បញ្ជាក់ថា អង្គការ​លោក ត្រៀម​បញ្ជូន​ក្រុមការងារ​ទៅកាន់​ប្រទេស​ចិន​នៅ​សប្តាហ៍​ក្រោយ ដើម្បី​បើក​ការស៊ើបអង្កេត​រក​ប្រភព​នៃ​ណូ​វែ​ល​កូ​រ៉ូ​ណាវី​រុស​ដែល​បង្ក​ទៅជា​ជំងឺ COVID-19 ។ 
 
​បន្ថែម​ពីលើ​នេះ ប្រមុខ​ទីភ្នាក់ងារ​សុខភាព​រប​ស់​អង្គការសហប្រជាជាតិ​មួយ​នេះ បានបង្ហាញ​ការសោកស្ដាយ​ក្រៃលែង​ចំពោះ​តួលេខ​អ្នក​ឆ្លង​១០​លាន​នាក់​និង​ស្លាប់​៥០​ម៉ឺន​នាក់​ដោយសារ​ជំងឺ COVID-19 ខណៈ​ត្រឹម​ថ្ងៃទី​៣០​ខែមិថុនា​នេះ គឺ​ដល់​ខែ​ទី​៦​ហើយ​។ ពោលគឺ​ចាប់តាំងពី​ជំងឺ​នេះ​ត្រូវបាន​រាយការណ៍​ផ្ទុះ​រាលដាល​ដំបូង​ក្នុង​ទីក្រុង វូ​ហាន ប្រទេស​ចិន​។ 
 
​មែនទែនទៅ ចាប់តាំងពី​ដើមខែ​ឧសភា អង្គការ​សុខភាព​ពិភពលោក បាន​ទទូច​ឲ្យ​ខាង​រដ្ឋាភិបាល​ចិន​បើកផ្លូវ​ឲ្យ​ក្រុម​អ្នកជំនាញ​ខ្លួន​ជួយ​ក្នុង​ប្រតិបត្តិការ​ស៊ើបអង្កេតរ​ក​ប្រភពដើម​នៃ COVID-19 ។ កន្លងទៅ អ្នកវិទ្យាសាស្ត្រ ជឿថា វីរុស​បាន​ឆ្លង​ចេញពី​សត្វ​ទៅ​មនុស្ស ហើយ​ទំនង​ចេញពី​ផ្សារ​សើម​ក្នុង​ទីក្រុង​វូ​ហាន ដែល​លក់​សត្វព្រៃ​។  
 
«​យើង​អាច​ប្រយុទ្ធ​វីរុស​នេះ​បានល្អ​ជាង​នេះ នៅពេល​យើង​ដឹង​រឿង​គ្រប់យ៉ាង​អំពី​វា រួមមាន របៀប​ដែល​វា​បាន​ចាប់​ផ្ទុះឡើង ជាដើម​»​។ លោក​អគ្គនាយក Tedros អះអាង​បែបនេះ​។ ត្រង់ចំណុច​នេះ លោក​សង្កត់ធ្ងន់ថា​៖«​ដឹង​ពី​ប្រភព​នៃ​វីរុស​នេះ គឺ​ពិត​ជាមាន​សារសំខាន់​ណាស់​»​។ 
 
​ក្នុង​សន្និសីទ​ព័ត៌មាន​ដដែល ប្រមុខ​អង្គការ WHO រូបនេះ លើកឡើង​ទៀតថា កាលពី​៦​ខែ​មុន គ្មាន​នរណាម្នាក់​អាច​នឹក​ស្រមៃ​ឃើញថា វីរុស​ថ្មី​នេះ អាចធ្វើ​ឲ្យ​ពិភពលោក​និង​ជីវិត​មនុស្ស​ធ្លាក់​ចូលក្នុង​វិបត្តិ​ឡើយ​។ លោក​បន្តថា​៖«​យើងទាំងអស់គ្នា​ចង់​ឲ្យ​រឿងនេះ​ចប់ ហើយ​ចង់​ឲ្យ​ជីវិត​យើង​វិល​ត្រលប់មក​ដូច​មុន​វិញ​។ ក៏ប៉ុន្តែ​ការពិត គឺ ជំងឺ​នេះ នៅ​ផ្លូវ​វែងឆ្ងាយ​ពី​ទីបញ្ចប់​ណាស់​»​។ ទោះជា​បែបនេះ​ក្តី លោក Tedros និយាយថា ពិភពលោក​បាត់បង់​ច្រើន​មែន តែ​ពុំ​អាច​បាត់បង់​ក្តីសង្ឃឹម​ឡើយ​។​
 
​សូមបញ្ជាក់ថា នេះ​គឺជា​លើក​ទី​២​ហើយ​ក្នុងឆ្នាំនេះ​ដែល​អង្គការ WHO បានសម្រេច​បញ្ជូន​ក្រុម​អ្នកជំនាញ​ខ្លួន​ទៅកាន់​ប្រទេស​ចិន​ធ្វើការ​លើ​រឿង​វីរុស​នេះ ។ លើកដំបូង​គឺ​នៅ​ថ្ងៃ​ខែមករា ដោយ​កាលនោះ ក្រុម​អ្នកជំនាញ​WHO​មួយក្រុម បាន​ទៅ​ជួប​មន្ត្រី​សុខភាព​សាធារណៈ​ចិន​ដើម្បី​រៀនសូត្រ​ពី​វិធានការ​ឆ្លើយតប​ប្រឆាំង​ករណី​ជា​ចង្កោម​៕ 

Tag:
 ចិន​
  WHO
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com