COVID-19
ជាតិ
សង្គមជាតិ
នាយករដ្ឋមន្រ្តី ព្រមានចាត់វិធានការក្តៅលើមន្រ្តីមូលដ្ឋាន ដែលមានភាពមិនប្រក្រតីក្នុងកម្មវិធីផ្តល់ប្រាក់ដល់អ្នកក្រ
30, Jun 2020 , 1:30 pm        
រូបភាព
ដោយ: ថ្មីៗ
មន្រ្តីនៅតាមមូលដ្ឋាន ជាពិសេសថ្នាក់ភូមិ និង ឃុំ-សង្កាត់ គឺជាតួអង្គដ៏សំខាន់ ក្នុងការអនុវត្តឲ្យមានប្រិសទ្ធភាពនិងតម្លាភាព លើកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាល ដល់អ្នកក្រីក្រនិងជនងាយរងគ្រោះ ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩។ ពួកគេ នឹងមិនរួចខ្លួននោះទេ បើធ្វើរឿងមិនត្រឹមត្រូវណាមួយ ក្នុងការអនុវត្តកម្មវិធីសង្គមកិច្ចមួយនេះ។



តាមរយៈសារលើទំព័រហ្វេប៊ុកនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានធ្ងន់ៗដូច្នេះថា៖«ខ្ញុំ នឹងចាត់វិធានការក្តៅ ហើយនឹងមិនមានការលើកលែងឡើយ ប្រសិនបើរកឃើញថា នៅក្នុងភូមិ និងឃុំ-សង្កាត់មួយណា មានករណីមិនប្រក្រតីនេះកើតមានឡើង»។

សម្តេចនាយករដ្ឋមន្រ្តី ចាត់ទុកការងារធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ថាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីធានាថាអ្នកក្រីក្រនិងជនងាយគ្រោះ ទទួលបានជំនួយឧបត្ថម្ភពីរដ្ឋាភិបាល។ ប្រមុខរដ្ឋាភិបាល បន្តថា  ការងារនេះ ត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងលើអាជ្ញាធរមូលដ្ឋាន គឺមេភូមិ និងក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលត្រូវតែធ្វើឲ្យបានច្បាស់លាស់និងហ្មត់ចត់បំផុត ។

ប្រមុខរដ្ឋាភិបាល សង្កត់ធ្ងន់បែបនេះថា៖«ខ្ញុំ សូមចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសចំពោះអ្នកអនុវត្តផ្ទាល់នៅតាមឃុំ-សង្កាត់ទាំងអស់ គឺត្រូវផ្តោតការយកចិត្តទុកដាក់បំពេញការងារនេះឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនបំផុត គឺត្រូវចៀសវាងដាច់ខាតនូវការគប់គិតគ្នាដាក់បញ្ចូលសាច់ញាតិបងប្អូនកូនក្មួយខ្លួនឯង ដែលមិនមែនជាគ្រួសារក្រីក្រ និងងាយរងគ្រោះពិតប្រាកដ ដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះ»។

ក្នុង​យុទ្ធនា​ការដើរ​ស្រង់​ស្ថិតិ​ជុំ​ទី​១ ដែល​ទើប​នឹងធ្វើ​ក្នុងអំឡុង​ជំងឺ​កូ​វីដ​-១៩​នេះ រដ្ឋាភិបាល រកឃើញ អ្នកក្រីក្រ​និង​ជន​ងាយ​រងគ្រោះ​ជាង​៦០​ម៉ឺន​គ្រួសារ ដែលមាន​បណ្ណសម​ធម៌​។ រដ្ឋាភិបាល ប៉ាន់ប្រមាណ​ថា ក្នុង​១​ខែ អាច​ចំណាយ​ថវិកា​ប្រមាណ​២៥​លាន​ដុល្លារ សម្រាប់​ឧបត្ថម្ភ​ដល់​អ្នកក្រីក្រ​និង​ជន​ងាយ​រងគ្រោះ​ទាំង​៦០​ម៉ឺន​គ្រួសារ ដែល​ស្មើនឹង​ប្រមាណ​២,៣​លាន​នាក់ ។​ ​

រដ្ឋាភិបាល ដែលមាន​ក្រសួងផែនការ​ជា​សេនាធិការ នឹង​បន្ត​ដើរ​ស្រង់​ស្ថិតិ​អ្នកក្រីក្រ​និង​ជន​ងាយ​រងគ្រោះ ក្នុង​ជុំ​ទី​២​បន្ថែមទៀត​។

ជាមួយគ្នានេះ ពលរដ្ឋក្រីក្រ ក៏អាចទៅសុំធ្វើបណ្ណសមធម៌ដោយខ្លួនដែរ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល។ ពលរដ្ឋក្រីក្រ ដែលចង់ធ្វើបណ្ណសមធម៌ គឺត្រូវយកឯកសារមួយចំនួន រួមមាន អត្តសញ្ញាណ​បណ្ណ សៀវភៅ​គ្រួសារ និង សៀវភៅ​ស្នាក់នៅ ទៅជួបមេភូមិ ឬមេឃុំ-ចៅសង្កាត់។ យ៉ាងណា មន្រ្តី នៅតែត្រូវចុះទៅដល់ផ្ទះដដែល ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង។  

ក្រសួងផែនការ ផ្តល់លេខទូរស័ព្ទ២ខ្សែ គឺ​០៩៥ ៣៦៣ ៦៨៨ និង ០១២ ៣៩១ ០១៦ ដើម្បីឲ្យប្រជាពលរដ្ឋ ហៅទៅសួរពីបញ្ហាពាក់ព័ន្ធនឹងបណ្ណសមធម៌៕ 

អត្ថបទទាក់ទង

Tag:
 ហ៊ុន សែន​
  ប្រាក់ឧបត្ថម្ភ
  ជនក្រីក្រ
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com