កីឡាអន្តរជាតិ
អន្តរជាតិ
Juventus ថែមលុយ​ឲ្យ Barca ១៩​លាន​ដុល្លារ លើ​ការប្តូរ​កីឡាករ Pjanic ជាមួយ Arthur
30, Jun 2020 , 7:29 pm        
រូបភាព
​ខ្សែបម្រើ Miralem Pjanic របស់​ក្រុម Juventus នឹងចូលរួម​ជាមួយ​ក្រុម Barcelona នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​ក្នុង​កិច្ចព្រមព្រៀង​ដោះដូរ​ជាមួយ​ខ្សែបម្រើរ​អន្តរជាតិ​ប្រេ​ស៊ី​ល Arthur Melo​។ ការដោះដូរ​នេះ សេះបង្កង់​ត្រូវ​ថែមលុយ​ឲ្យ​ក្រុម​អ្នកមាន​បុណ្យ​ចំនួន ១៩ លាន​ដុល្លារ​អាមេរិក​។​


Pjanic ខ្សែបម្រើ​សញ្ជាតិ​ប៊ូ​ស្នី វ័យ​៣០​ឆ្នាំ បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ផ្ទេរ​ក្នុងតម្លៃ ៥៤,៩ លាន​ផោន (៦៧,៥៤​លាន​ដុល្លារ​អាមេរិក​) រួម​ជាមួយនឹង​ទឹកប្រាក់​លើ​លក្ខខណ្ឌ​ផ្សេងៗ​បន្ថែមទៀត​ចំនួន ៥,៥៦​លាន​ដុល្លារ​។​
 
​អតីត​កីឡាករ​របស់ Lyon រូបនេះ បានបង្ហាញ​ខ្លួន​ចំនួន ២១៤ ប្រកួត​សម្រាប់ Juventus និង​ជួយ​ក្រុម​យក្ស​អ៊ីតាលី​មួយ​នេះ​ឈ្នះ​ជើងឯក Serie A ចំនួន​៤​រដូវ​កាល​ជាប់​គ្នា ចាប់តាំងពី​រូបគេ​ផ្លាស់​ចេញពី​ក្រុម AS Roma ក្នុង​ឆ្នាំ ២០១៦​។​
 
Pjanic នឹងត្រូវ​នៅ​ជួយ Juventus រហូតដល់​ចប់​រដូវ​កាល ២០១៩-២០​នេះ ដោយ​សង្ឃឹមលើ​កពាន​កំពូល​អ៊ីតាលី​ជា​លើក​ទី​៥​។ ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ទូទៅ​លោក Maurizio Sarri កំពុង​នាំមុខគេ​ក្នុង​រា​តាង Serie A ដោយមាន ៦៩​ពិន្ទុ ពី​ការប្រកួត​២៨​លើក នាំមុខ Lazio ដែល​ឈរ​លេខ​២​ចំនួន​៤​ពិន្ទុ និង Inter Milan ៨​ពិន្ទុ​។ ក្រៅពី​ពាន​ក្នុងស្រុក Juventus ក៏ត្រូវ​ប្រជែង​យកពាន Champions League រដូវ​កាល​នេះ​ផងដែរ​។​
 
​ដោយឡែក ខ្សែបម្រើ វ័យ​២៣​ឆ្នាំ Arthur ដែល​បាន​ចូលរួម​ជាមួយ Barcelona ពី​ក្រុម​ក្នុង​ក្របខណ្ឌ​កំពូល​ប្រេ​ស Gremio ក្នុង​កិច្ចសន្យា​រយៈពេល ៦ ឆ្នាំ កាលពី​ឆ្នាំ ២០១៨ នឹងត្រូវ​ផ្ទេរ​ទៅកាន់​ក្រុម​សេះបង្កង់ Juventus វិញ ក្នុងតម្លៃ ៦៦ លាន​ផោន (៨១,១៩​លាន​ដុល្លារ​អាមេរិក​) បូករួម​នឹង​ប្រាក់​ផ្សេងៗ​បន្ថែម ១១,១៩ លាន​ដុល្លារ​អាមេរិក​ទៀត​។ យ៉ាងណាក៏ដោយ Arthur នឹង​បន្ត​ជាមួយ Barcelona រហូតដល់​ចប់​រដូវ​កាល​នេះ ក្នុងការ​ប្រជែង​ពាន La Liga និង Champions League​។​
 
​ក្រុម​រហស្សនាម​អ្នកមាន​បុណ្យ កំពុង​ប្រជែង​យ៉ាង​ប្រកៀក​នឹង​គូប្រជែង Real Madrid សម្រាប់​ពានរង្វាន់ La Liga រដូវ​កាល​នេះ​។ Barca មាន​៦៩​ពិន្ទុ តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Real ចំនួន​២​ពិន្ទុ ក្រោយ​ឆ្លងកាត់​ការប្រកួត​៣២​លើក​រៀងខ្លួន​៕

Tag:
 Miralem Pjanic
  Arthur
  Juventus
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com