COVID-19
ជាតិ
លោក ថោង ខុន​៖ កូ​វីដ​-១៩ ធ្វើឱ្យ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ដើរ​ថយក្រោយ​៥​ឆ្នាំ​
30, Jun 2020 , 3:08 pm        
រូបភាព
លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍  ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត បទដ្ឋាន​គតិយុត្ត​ដាក់ឱ្យអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ជំហាន​ទី​១ សម្រាប់​ដំណាក់កាល​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​និង​ផែនការ​អនុវត្ត​បន្ត នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៩​មិថុនា  ឆ្នាំ​២០២០​។ រូបថត​៖ ក្រសួងទេសចរណ៍​។​
លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត បទដ្ឋាន​គតិយុត្ត​ដាក់ឱ្យអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ជំហាន​ទី​១ សម្រាប់​ដំណាក់កាល​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​និង​ផែនការ​អនុវត្ត​បន្ត នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៩​មិថុនា ឆ្នាំ​២០២០​។ រូបថត​៖ ក្រសួងទេសចរណ៍​។​
​ភ្នំពេញ​៖ ឥទ្ធិពល​រាតត្បាត​នៃ​ឆ្លង​កូ​វីដ​-១៩(COVID-19) ក្នុង​សកលលោក នឹងធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ដើរ​ថយ​ក្រោម​រយៈពេល​៥​ឆ្នាំ​។ នេះ​ជាការ​លើកឡើង​របស់លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដោយ​បន្ត​លើកឡើងថា​ក្នុង​ឆ្នាំ​២០២០ កម្ពុ​ជាមាន​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​បាន​ប្រហែល​២​លាន​នាក់​ប៉ុណ្ណោះ ខណៈ​កម្ពុជា​ធា្ល​ប់​រំពឹងថា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​ហូត​ទៅដល់​ជាង​៧​លាន​នាក់​។

 
​បើតាម​លោក ថោង ខុន ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត បទដ្ឋាន​គតិយុត្ត​ដាក់ឱ្យអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ជំហាន​ទី​១ សម្រាប់​ដំណាក់កាល​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​និង​ផែនការ​អនុវត្ត​បន្ត នៅ​សាលា​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២៩​មិថុនា ចាប់ពី​ខែមករា ដល់​ខែមេសា ឆ្នាំ​២០២០ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​១,១៦​លាន​នាក់​។ ចំនួន​នេះ​បាន​ធ្លាក់ចុះ​រហូតដល់​៥២​ភាគរយ នឹង​បន្ត​ធា្ល​ក់រហូ​តដល់​៧០​ភាគរយ នៅក្នុង​២០២០ បើ​ធៀប​នឹង​ឆ្នាំ​២០១៩​។  
 
​ចំនួន​ភ្ញៀវទេសចរ​ដែល​បាត់បង់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​នេះ នឹង​កើន​បាន​២,៥​លាន​នាក់ នៅក្នុង​ឆ្នាំ​២០២១ ប្រសិនបើ​ជំងឺ​កូ​វីដ​-១៩ លែងមាន​ឬ​ពិភពលោក​អាច​ទប់ស្កាត់​ជំងឺ​នេះ​បាន​នៅ​ខែធ្នូ ឆ្នាំ​២០២០ ឬ​ដើមឆ្នាំ​២០២១​។ កំណើន​នេះ​នៃ​ភ្ញៀវទេសចរ​ដែល​រង​ខ្លាំង​ពី​ឥទ្ធិពល​ជំងឺ​កូ​វីដ​-១៩​នេះ បានធ្វើឱ្យ​កម្ពុជា​ចំណាយពេល​ជិត​៥​ឆ្នាំ​ទៀត ទើប​អាចមាន​ទេសចរ​បរទេស​ចំនួន​៧​លាន​នាក់មក​កម្ពុជា​វិញ​។ រដ្ឋ​ម​ន្រី្ត​ទេសចរណ៍​រូបនេះ មានប្រសាសន៍​ដូច្នេះ​៖«​ផែនការ​ដែល​យើង​គិតថា​ទទួលបាន​ភ្ញៀវទេសចរ​៧​លាន​នាក់​ក្នុង​ឆ្នាំ​២០២០​នោះ លុះត្រា​ដល់​ឆ្នាំ​២០២៥ បាន​យើង​ទទួលបាន​ចំនួន​៧​លាន​នាក់​នោះ​»​។ 
 
​លោក ថោង ខុន បាន​បញ្ជាក់ថា ចំពោះ​កម្ពុជា​ដែល​រង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​-១៩​នេះ ក្នុង​វិស័យ​ទេសចរណ៍​ដែល​ក្រសួង​បានគិត​គួរ​ផ្ទៃក្នុង​មកនេះ គឺ​កំណើន​ភ្ញៀវទេសចរ​ថយចុះ​ត្រឹម ៥​ឆ្នាំ ខណៈ​វិស័យ​ទេសចរណ៍​ក្នុង​ពិភពលោក​ដើរ​ថយក្រោយ​រហូតដល់​រយៈពេល​៧​ឆ្នាំ​។​
 
​គិត​ថ្ងៃទី​៨​ឧសភា ឆ្នាំ​២០២០ កម្ពុ​ជាមាន​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ជិត​៣​ពាន់​កន្លែង​បាន​បិទទ្វារ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ពលរដ្ឋ​រហូត​ជាង​៤៥,០០០​នាក់​។ នេះ​បើ​យោងតាម​ទ​ន្និ​ន័យ​របស់​ក្រសួងទេសចរណ៍​។​
 
​រដ្ឋមន្ត្រី​ទេសចរណ៍​បាន​លើកឡើងថា ថ្វី​ដ្បិត​កំណើត​ភ្ញៀវទេសចរ​បរទេស​នៅ​កម្ពុជា ងើបឡើង​វិញ​យឺត​ដោយសារតែ​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ​កំណើន​ភ្ញៀវទេសចរ​ក្នុងស្រុក នឹង​ងើប​ឡើងវិញ​យ៉ាងរ​ហ័យ ប្រសិនបើ​កម្ពុជា​បន្ត​ទប់ស្កាត់​មិនឱ្យ​មានការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​នៅក្នុង​ស្រុក​បាន​ប្រសើរ​។ ជាមួយគ្នានេះ ក្រសួង​នឹង​ខិតខំ​ជំរុញ​កំណើន​វិស័យ​ទេសចរណ៍​ក្នុងស្រុក ដើម្បី​ជួយ​ទៅដល់​ដង្ហើម​សេដ្ឋកិច្ចជាតិ និង​សេដ្ឋកិច្ច​ប្រជាជន​មូលដ្ឋាន​។​
 
​បើតាម​លោក ថោង ខុន ចាប់ពី​ខែឧសភា ឆ្នាំ​២០២០​មក កំណើន​ភ្ញៀវទេសចរ​ក្នុងស្រុក​នៅ​ទូទាំងប្រទេស​បាន​កើន​ឡើងវិញ​គួរឱ្យកត់សម្គាល់​។  ក្នុងនោះ​ឧសភា មាន​ភ្ញៀវទេសចរ​ក្នុងស្រុក​ចំនួន​៦០​ម៉ឺន​នាក់ និង​រយៈពេល​៣​សប្តាហ៍​នៃ​ខែមិថុនា មាន​ជាង​៤៥​ម៉ឺន បាន​ទៅ​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​នានា​។ 
 
​សូម​រម្លឹកថា កាល​ឆ្នាំ​២០១៧ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​៥,៦​លាន​នាក់​។ ២០១៨ បាន​៦,២​លាន​នាក់ និង​២០១៩ បាន​៦,៦​លាន​នាក់​៕ 
 

Tag:
 COVID-19
  លោក ថោង ខុន​
© រក្សាសិទ្ធិដោយ thmeythmey.com