ភ្នំពេញ៖ ឥទ្ធិពលរាតត្បាតនៃឆ្លងកូវីដ-១៩(COVID-19) ក្នុងសកលលោក នឹងធ្វើឱ្យវិស័យទេសចរណ៍នៅកម្ពុជាដើរថយក្រោមរយៈពេល៥ឆ្នាំ។ នេះជាការលើកឡើងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយបន្តលើកឡើងថាក្នុងឆ្នាំ២០២០ កម្ពុជាមានភ្ញៀវទេសចរមកលេងកម្សាន្តបានប្រហែល២លាននាក់ប៉ុណ្ណោះ ខណៈកម្ពុជាធា្លប់រំពឹងថានឹងទទួលបានភ្ញៀវទេសចរហូតទៅដល់ជាង៧លាននាក់។
បើតាមលោក ថោង ខុន ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត បទដ្ឋានគតិយុត្តដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ជំហានទី១ សម្រាប់ដំណាក់កាលវិបត្តិជំងឺកូវីដ-១៩និងផែនការអនុវត្តបន្ត នៅសាលារាជធានីភ្នំពេញ នាថ្ងៃទី២៩មិថុនា ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវទេសចរ១,១៦លាននាក់។ ចំនួននេះបានធ្លាក់ចុះរហូតដល់៥២ភាគរយ នឹងបន្តធា្លក់រហូតដល់៧០ភាគរយ នៅក្នុង២០២០ បើធៀបនឹងឆ្នាំ២០១៩។
ចំនួនភ្ញៀវទេសចរដែលបាត់បង់ដោយសារជំងឺកូវីដ-១៩នេះ នឹងកើនបាន២,៥លាននាក់ នៅក្នុងឆ្នាំ២០២១ ប្រសិនបើជំងឺកូវីដ-១៩ លែងមានឬពិភពលោកអាចទប់ស្កាត់ជំងឺនេះបាននៅខែធ្នូ ឆ្នាំ២០២០ ឬដើមឆ្នាំ២០២១។ កំណើននេះនៃភ្ញៀវទេសចរដែលរងខ្លាំងពីឥទ្ធិពលជំងឺកូវីដ-១៩នេះ បានធ្វើឱ្យកម្ពុជាចំណាយពេលជិត៥ឆ្នាំទៀត ទើបអាចមានទេសចរបរទេសចំនួន៧លាននាក់មកកម្ពុជាវិញ។ រដ្ឋមន្រី្តទេសចរណ៍រូបនេះ មានប្រសាសន៍ដូច្នេះ៖«ផែនការដែលយើងគិតថាទទួលបានភ្ញៀវទេសចរ៧លាននាក់ក្នុងឆ្នាំ២០២០នោះ លុះត្រាដល់ឆ្នាំ២០២៥ បានយើងទទួលបានចំនួន៧លាននាក់នោះ»។
លោក ថោង ខុន បានបញ្ជាក់ថា ចំពោះកម្ពុជាដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩នេះ ក្នុងវិស័យទេសចរណ៍ដែលក្រសួងបានគិតគួរផ្ទៃក្នុងមកនេះ គឺកំណើនភ្ញៀវទេសចរថយចុះត្រឹម ៥ឆ្នាំ ខណៈវិស័យទេសចរណ៍ក្នុងពិភពលោកដើរថយក្រោយរហូតដល់រយៈពេល៧ឆ្នាំ។
គិតថ្ងៃទី៨ឧសភា ឆ្នាំ២០២០ កម្ពុជាមានអាជីវកម្មក្នុងវិស័យទេសចរណ៍ជិត៣ពាន់កន្លែងបានបិទទ្វារ ដែលធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋរហូតជាង៤៥,០០០នាក់។ នេះបើយោងតាមទន្និន័យរបស់ក្រសួងទេសចរណ៍។
រដ្ឋមន្ត្រីទេសចរណ៍បានលើកឡើងថា ថ្វីដ្បិតកំណើតភ្ញៀវទេសចរបរទេសនៅកម្ពុជា ងើបឡើងវិញយឺតដោយសារតែជំងឺកូវីដ-១៩ ប៉ុន្តែកំណើនភ្ញៀវទេសចរក្នុងស្រុក នឹងងើបឡើងវិញយ៉ាងរហ័យ ប្រសិនបើកម្ពុជាបន្តទប់ស្កាត់មិនឱ្យមានការឆ្លងរាលដាលជំងឺកូវីដ-១៩នៅក្នុងស្រុកបានប្រសើរ។ ជាមួយគ្នានេះ ក្រសួងនឹងខិតខំជំរុញកំណើនវិស័យទេសចរណ៍ក្នុងស្រុក ដើម្បីជួយទៅដល់ដង្ហើមសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចប្រជាជនមូលដ្ឋាន។
បើតាមលោក ថោង ខុន ចាប់ពីខែឧសភា ឆ្នាំ២០២០មក កំណើនភ្ញៀវទេសចរក្នុងស្រុកនៅទូទាំងប្រទេសបានកើនឡើងវិញគួរឱ្យកត់សម្គាល់។ ក្នុងនោះឧសភា មានភ្ញៀវទេសចរក្នុងស្រុកចំនួន៦០ម៉ឺននាក់ និងរយៈពេល៣សប្តាហ៍នៃខែមិថុនា មានជាង៤៥ម៉ឺន បានទៅកម្សាន្តនៅតំបន់ទេសចរណ៍នានា។
សូមរម្លឹកថា កាលឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេស៥,៦លាននាក់។ ២០១៨ បាន៦,២លាននាក់ និង២០១៩ បាន៦,៦លាននាក់៕