អន្តរជាតិ
​លោកស្រី Merkel និង​លោក Macron សំពះ​គ្នា​ទៅវិញទៅមក​!
30, Jun 2020 , 9:29 pm        
រូបភាព
​ជំនួស​ឲ្យ​ការ​ឱប ថើប និង​ចាប់ដៃ លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel  និង​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron បាន​ស្វាគមន៍​គ្នា​តាមរយៈ​ការសំពះ​ដែល​ជាការ​អនុវត្តតាម​គោលការណ៍​គម្លាត​សុវត្ថិភាព​នា​អំឡុង​នៃ​វិបត្តិ COVID-19 ។ មេដឹកនាំ​ជិតខាង​ទាំងពីរ​នៅ​ទ្វីបអឺរ៉ុប បាន​ជួបគ្នា​កាលពី​ថ្ងៃ​ចន្ទ នៅ​ការិយាល័យ​រដ្ឋាភិបាល​អាល្លឺម៉ង់​ដែល​ស្ថិតនៅ​ក្រុង Meseberg​។​

 
​តាម​ឃ្លី​ប​វីដេអូ​ដែល​បង្ហោះ​ដោយ DW ពេល​ចេញពី​រថយន្ត លោក Macron បាន​ឱន និង​សំពះ​ភ្លាមៗ​ទៅ​សម​ភាគី​អាល្លឺម៉ង់ បន្ទាប់មក​លោកស្រី Merkel បាន​គំនាប់​ភ្ញៀវ​វិញ​តាមរយៈ​ការសំពះ​ដូចគ្នា​។ លោកស្រី Merkel បាន​អញ្ជើញលោក Macron ចូលក្នុង​ការិយាល័យ German Government Retreat ដើម្បី​ពិភាក្សា ហើយ​លោក​ប្រធានាធិបតី​បារាំង បាន​សំពះ​ជា​លើក​ទី​ពីរ​។​
 
 
​នា​អំឡុង​នៃ​វិ​ប​តិ្ត COVID-19 កាយវិការ​សំពះ​ត្រូវបាន​អនុវត្ត​ជា​ញឹកញាប់​ពី​សំណាក់​មេដឹកនាំ​ពិភពលោក​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​លើកទឹកចិត្ត​ឲ្យ​មន្ត្រី និង​ពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​កាយវិការ​គំនាប់​នេះ​ផងដែរ ខណៈ​លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi បាន​សំដែង​មោទកភាព​ដែល​កាយវិការ Namaste របស់​ឥណ្ឌា សាយ​ភាព​ពេញ​ពិភពលោក​៕
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com