ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនស្នើឱ្យកម្ពុជា បន្ធូរបន្ថយវិធានការរឹតបន្តឹងកូវីដ១៩ ដល់មន្ត្រីជំនាញខ្លួន ដែលត្រូវបំពេញការងារនៅកម្ពុជា។ លោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ស្នើបែបនេះ ទៅកាន់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៩ មិថុនា។
លោក MIKAMI Masahiro បានបញ្ជាក់ថា មន្ត្រីជំនាញជប៉ុនជាច្រើន ត្រូវបំពេញការងារលើគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ទៅតាមការកំណត់នៃគម្រោង ប៉ុន្តែពួកគេក៏ត្រូវអនុវត្តតាមវិធានការក្រសួងសុខាភិបាលកម្ពុជាដែរ។
ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជារូបនេះ បានថ្លែងដូច្នេះថា៖«ស្នើឲ្យឯកឧត្តមទេសរដ្ឋមន្ត្រីពិចារណាលើការបន្ធូរបន្ថយចំពោះវិធានការ និងការបង្ការមេរោគកូវីដ-១៩ចំពោះ មន្ត្រីជំនាញការ និងអ្នកបច្ចេកទេសជប៉ុនដែលត្រូវមកបំពេញការងារលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា»។
លោក ស៊ុន ចាន់ថុល មិនបដិសេធលើសំណើរនេះទេ។ រដ្ឋមន្ត្រីក្រសួងសាធារណការរូបនេះ សន្យាយកសំណើរបស់ឯកអគ្គរាជទូតជប៉ុន ទៅពិភាក្សាជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីរកដំណោះស្រាយសមស្របណាមួយ ជួយសម្រួលដល់មន្ត្រីជំនាញ និងអ្នកបច្ចេកទេសជប៉ុនទាំងនោះ ដើម្បីកុំរាំងស្ទះដល់ដំណើរការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
កាលពីថ្ងៃទី១៥ មិថុនាកន្លងមក ក្រសួងសុខាភិបាល បានកំណត់ថា ជនបរទេសដែលចូលមកកម្ពុជា ត្រូវតម្កល់ថវិកា៣ពាន់ដុល្លារ សម្រាប់ថ្លៃធ្វើតេស្តសុខភាព និងចត្តាឡីស័ក រួមទាំងការហូបចុក និងស្នាក់នៅ។ ក្រសួងបានរៀបចំដាក់ប្រព័ន្ធធនាគារឯកជននៅព្រលានយន្តហោះ ដើម្បីឱ្យជនបរទេស តម្កល់លុយទុក សម្រាប់ការចំណាយទាំងនេះ។
សម្រាប់ជនបរទេសណា ដែលមានបំណងធ្វើដំណើរចូលមកកម្ពុជានោះ ពួកគេត្រូវស្នើសុំទិដ្ឋាការជាមុន នៅតាមស្ថានតំណាងកម្ពុជានៅបរទេស។ មិនតែប៉ុណ្ណោះ ជនបរទេសគ្រប់រូបត្រូវផ្តល់នូវវិញ្ញាបនប័ត្រ បញ្ជាក់សុខភាព ចេញដោយអាជ្ញាធរមានសមត្ថកិច្ចផ្នែកសុខភាពនៃប្រទេសរបស់សាមីខ្លួន ដែលមានសុពលភាពមិនលើសពី ៧២ម៉ោង មុនពេលធ្វើដំណើរ ដើម្បីបញ្ជាក់ថាខ្លួនពុំមានវីរុសកូរ៉ូណា(COVID-19)ឡើយ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាល។
បន្ថែមពីនេះលោក ម៉ម ប៊ុនហេង បានសង្កត់ធ្ងន់ថា ជនបរទេសត្រូវមានឯកសារធានារ៉ាប់រងសុខភាព ក្នុងទំហំទឹកប្រាក់យ៉ាងតិច ៥០,០០០ ដុល្លារ ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា។ ប៉ុន្តែតម្រូវការនេះ មិនសម្រាប់មន្ត្រី នៃស្ថានតំណាងបរទេស និងអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ B របស់កម្ពុជាឡើយ។
គិតត្រឹមថ្ងៃទី៣០ មិថុនានេះ កម្ពុជា មានអ្នកជំងឺកូវីដ-១៩ ចំនួន១៤១នាក់ ជាសះស្បើយ១៣០នាក់ និងកំពុងសម្រាកព្យាបាល១១នាក់៕