COVID-19
ជាតិ
ជប៉ុន​ស្នើឱ្យ​កម្ពុជា បន្ធូរ​វិធានការ​កូ​វីដ​១៩ ដល់​មន្ត្រី​ជំនាញ​ខ្លួន​
30, Jun 2020 , 9:59 pm        
រូបភាព
លោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ជួបលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៩ មិថុនា ២០២០ នៅទីស្តីការក្រសួង។
លោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ជួបលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៩ មិថុនា ២០២០ នៅទីស្តីការក្រសួង។
​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន​ស្នើឱ្យ​កម្ពុជា បន្ធូរបន្ថយ​វិធានការ​រឹតបន្តឹង​កូ​វីដ​១៩ ដល់​មន្ត្រី​ជំនាញ​ខ្លួន ដែល​ត្រូវ​បំពេញការងារ​នៅ​កម្ពុជា​។ លោក MIKAMI Masahiro ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា ស្នើ​បែបនេះ ទៅកាន់​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី​២៩ មិថុនា​។​


​លោក MIKAMI Masahiro បាន​បញ្ជាក់ថា មន្ត្រី​ជំនាញ​ជប៉ុន​ជាច្រើន ត្រូវបំពេញ​ការងារ​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ទៅតាម​ការកំណត់​នៃ​គម្រោង ប៉ុន្តែ​ពួកគេ​ក៏ត្រូវ​អនុវត្តតាម​វិធានការ​ក្រសួងសុខាភិបាល​កម្ពុជា​ដែរ​។​
 
​ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា​រូបនេះ បាន​ថ្លែង​ដូច្នេះ​ថា​៖«​ស្នើ​ឲ្យ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ពិចារណា​លើ​ការបន្ធូរបន្ថយ​ចំពោះ​វិធានការ និង​ការបង្ការ​មេរោគ​កូ​វីដ​-១៩​ចំពោះ មន្ត្រី​ជំនាញការ និង​អ្នកបច្ចេកទេស​ជប៉ុន​ដែ​ល​ត្រូវ​មក​បំពេញការងារ​លើគ​ម្រោ​ង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​»​។​
 
​លោក ស៊ុន ចាន់ថុល មិន​បដិសេធ​លើ​សំណើរ​នេះ​ទេ​។ រដ្ឋមន្ត្រីក្រសួង​សាធារណការ​រូបនេះ សន្យា​យក​សំណើ​របស់​ឯកអគ្គរាជទូត​ជប៉ុន ទៅ​ពិភាក្សា​ជាមួយ​ក្រសួងសុខាភិបាល​កម្ពុជា ដើម្បី​រក​ដំណោះស្រាយ​សមស្រប​ណាមួយ ជួយ​សម្រួល​ដល់​មន្ត្រី​ជំនាញ និង​អ្នកបច្ចេកទេស​ជប៉ុន​ទាំងនោះ ដើម្បី​កុំ​រាំងស្ទះ​ដល់​ដំណើរ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​។​
 
​កាលពី​ថ្ងៃទី​១៥ មិថុនា​កន្លងមក ក្រសួងសុខាភិបាល បាន​កំណត់ថា ជនបរទេស​ដែល​ចូលមក​កម្ពុជា ត្រូវ​តម្កល់​ថវិកា​៣​ពាន់​ដុល្លារ សម្រាប់​ថ្លៃ​ធ្វើតេស្ត​សុខភាព និង​ច​ត្តា​ឡី​ស័ក រួមទាំង​ការហូបចុក និង​ស្នាក់នៅ​។ ក្រសួង​បានរៀបចំ​ដាក់​ប្រព័ន្ធ​ធនាគារឯកជន​នៅ​ព្រលានយន្តហោះ ដើម្បីឱ្យ​ជនបរទេស តម្កល់​លុយ​ទុក សម្រាប់​ការចំណាយ​ទាំងនេះ​។​
 
​សម្រាប់​ជនបរទេស​ណា ដែល​មានបំណង​ធ្វើដំណើរ​ចូលមក​កម្ពុជា​នោះ ពួកគេ​ត្រូវ​ស្នើសុំ​ទិដ្ឋាការ​ជាមុន នៅតាម​ស្ថាន​តំណាង​កម្ពុជា​នៅ​បរទេស​។ មិនតែប៉ុណ្ណោះ ជនបរទេស​គ្រប់រូប​ត្រូវ​ផ្តល់នូវ​វិ​ញ្ញាប​ន​ប័ត្រ បញ្ជាក់​សុខភាព ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ផ្នែក​សុខភាព​នៃ​ប្រទេស​របស់​សាមីខ្លួន ដែលមាន​សុពល​ភាពមិន​លើសពី ៧២​ម៉ោង មុនពេល​ធ្វើដំណើរ ដើម្បី​បញ្ជាក់ថា​ខ្លួន​ពុំមាន​វីរុស​កូ​រ៉ូ​ណា​(COVID-19)​ឡើយ​។ នេះ​បើតាម​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​។​
 
​បន្ថែម​ពីនេះ​លោក ម៉ម ប៊ុនហេង បាន​សង្កត់ធ្ងន់ថា ជនបរទេស​ត្រូវមាន​ឯកសារ​ធានារ៉ាប់រង​សុខភាព ក្នុង​ទំហំ​ទឹកប្រាក់​យ៉ាងតិច ៥០,០០០ ដុល្លារ ក្នុងអំឡុងពេល​ស្នាក់នៅ​កម្ពុជា​។ ប៉ុន្តែ​តម្រូវការ​នេះ មិន​សម្រាប់​មន្ត្រី នៃ​ស្ថាន​តំណាង​បរទេស និង​អង្គការ​អន្តរជាតិ ដែល​កាន់​ទិដ្ឋាការ​ការទូត​ប្រភេទ A និង​ទិដ្ឋាការ​ផ្លូវការ​ប្រភេទ B របស់​កម្ពុជា​ឡើយ​។​
 
​គិត​ត្រឹម​ថ្ងៃទី​៣០ មិថុនា​នេះ កម្ពុជា មាន​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន​១៤១​នាក់ ជាសះស្បើយ​១៣០​នាក់ និង​កំពុង​សម្រាក​ព្យាបាល​១១​នាក់​៕
 

Tag:
 COVID-19
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com