ជាតិ
សង្គមជាតិ
លោក សុខ ទូច ប្រាប់រដ្ឋមន្ត្រី និងមេស្ថាប័ន ឲ្យឈប់ហៅមន្ត្រីបណ្ឌិត្យសភាទៅពិភាក្សាពី «ពាក្យថ្មី» តែត្រូវដាក់ពាក្យនោះ ទៅបណ្ឌិតសភាវិញ រូបពីទំព័រហ្វេសប៊ុករបស់លោក សុខ ទូច
× កន្លងមក មានក្រសួងនិងស្ថាប័ននានា បានដាក់លិខិតទៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីសុំអញ្ជើញសមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា ទៅចូលរួមពិភាក្សា ផ្តល់យោបល់ ឬ ជួយបកស្រាយលើពាក្យបច្ចេកទេសថ្មីៗ ឬក៏នៅពេលក្រសួងនិងស្ថាប័នទាំងនោះ ត្រូវធ្វើសទ្ទានុក្រម ដែលប្រមូលផ្តុំដោយពាក្យបច្ចេកទេសថ្មីៗ សម្រាប់ប្រើក្នុងវិស័យខ្លួន។
បណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់ទៅរដ្ឋមន្ត្រីនិងប្រធានស្ថាប័នទាំងនោះ ឲ្យឈប់ធ្វើលិខិតទៅកាន់រាជបណ្ឌិត្យសភាកម្ពុជា ដើម្បីអញ្ជើញសមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរតទៅទៀត។ លោក ប្រកាសថា ចាប់ពីពេលនេះទៅ លោក លែងបញ្ជូនអ្នកជំនាញផ្នែកអក្សរសាស្ត្រឬសមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ ទៅកាន់ក្រសួងនិងស្ថាប័នទាំងនោះទៀតហើយ។
ផ្ទុយមកវិញ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ស្នើងឲ្យគ្រប់ក្រសួងនិងស្ថាប័ន យកពាក្យបច្ចេកទេសថ្មីៗ ដាក់ទៅកាន់ក្រុមប្រឹក្សាជាតិភាសាខ្មែរវិញ ដើម្បីពិនិត្យនិងអនុម័តឲ្យប្រើប្រាស់ជាផ្លូវការ និងដើម្បីមានការទទួលខុសត្រូវទាំងអស់គ្នា។
ក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ លោក សុខ ទូច ដែលមានគោរមងារជាបណ្ឌិត្យសភាចារ្យ បានបញ្ជាក់ដូច្នេះថា៖«អរគុណសំណួរហ្នឹង ចាត់ដោតតិចមែន ប៉ុន្តែត្រូវតែដោះស្រាយ។ ដោះស្រាយហ្នឹង មានន័យថា បញ្ជូនពាក្យមក អត់បញ្ជូនមនុស្សទៅទេ ឈប់បញ្ជូនមនុស្សទៅហើយ...»។
លោក លើកយកបញ្ហានេះមកនិយាយ នៅពេលអ្នកកាសែត សួរថា តើមានក្រសួងនិងស្ថាប័នប៉ុន្មានហើយ ដែលបានស្នើទៅក្រុមប្រឹក្សាជាតិភាសាខ្មែរ ឲ្យជួយបកប្រែនិងសម្រួលពាក្យបច្ចេកទេថ្មីៗ ដើម្បីឲ្យមានការឯកភាពគ្នាក្នុងការប្រើប្រាស់?
យ៉ាងណា លោក ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ អះអាងថា មានក្រសួង និងស្ថាប័នរដ្ឋ រួមទាំង ស្ថាប័នឯកជនផ្សេងៗ មិនបានអញ្ជើញសមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ ទៅចូលរួមពិភាក្សាពីពាក្យបច្ចេកទេសថ្មីៗនោះទេ តែបានបញ្ជូនពាក្យបច្ចេកទេសថ្មីៗក្នុងវិស័យរបស់ខ្លួន ទៅកាន់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដើម្បីពិនិត្យនិងអនុម័ត។ ប៉ុន្តែ លោក សង្កេតឃើញថា មិនទាន់គ្រប់ក្រសួងនិងស្ថាប័ននោះទេ ដែលបានដាក់ពាក្យបច្ចេកទេសថ្មីៗ ទៅកាន់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដើម្បីអនុម័ត។
ទាំងលោក សុខ ទូច និង លោក ហ៊ាន សុខុម សរសើរក្រសួងបរិស្ថាន ដែលតែងតែយកពាក្យបច្ចេកទេសថ្មីៗ ទៅដល់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដើម្បីជួយពិនិត្យនិងអនុម័តឲ្យប្រើប្រាស់ជាផ្លូវការ។
បើតាមលោក ហ៊ាន សុខុម បច្ចុប្បន្ន ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៅមានមេពាក្យប្រមាណជា៤ពាន់ពាក្យទៀត ដែលមិនទាន់បានអនុម័តឲ្យប្រើប្រាស់៕
Tag:
សុខ ទូច
អក្សរសាស្ត្រ
ពាក្យបច្ចេកទេសថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com