ព្រះវិហារ៖ អស់រយៈពេលជាង១០ឆ្នាំមកហើយដែលលោក ឌឹប គឹមឱន ក្លាយជាប្រធានសហគមន៍ទេសចរណ៍ធម្មជាតិត្មាតប៉ើយ និងជាអ្នកនាំអ្នកភ្ញៀវទេសចរជាតិ និងអន្តរជាតិ មើលសត្វស្លាបកម្រនានា នៅក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ខេត្តព្រះវិហារ។ តាមរយៈបទពិសោធន៍ប្រឡូកក្នុងវិស័យអេកូទេសចរណ៍នេះ លោក គឹមឱន មើលឃើញថា ការបរបាញ់សត្វព្រៃ ពិសេសសត្វកម្រ គឺដូចជា«ការហែកខ្លួនឯងចោលទៅវិញ»។
ប្រធានសហគមន៍អេកូទេសចរណ៍វ័យ៥៥ឆ្នាំលោក ឌឹប គឹមឱន បាននិយាយថា មុនកម្ពុជាក៏ដូចពិភពលោកជួបនូវវិបត្តិកូវីដ-១៩(COVID-19) សត្វព្រៃដែលរស់នៅក្នុងសហគមន៍នេះ បានទាក់ទាញភ្ញៀវទេសចរជាជនជាតិបរទេសបានយ៉ាងហោចណាស់២០នាក់ ជារៀងរាល់ខែ។ លោកបាននិយាយដូច្នេះ៖«សហគមន៍យើង មានភ្ញៀវទេសចរបរទេសមកទស្សនាសត្វព្រៃពី៥ទៅ៨ក្រុមក្នុងមួយខែ ហើយក្នុងមួយក្រុមៗមានសមាជិកយ៉ាងតិច៣នាក់។ ដោយឡែកខែខ្លះយើងគ្មានកន្លែងទទួលក្រុមភ្ញៀវទាំងនោះក៏មានដែរ»។
លោក គឹមឱន បានបន្តថា ភ្ញៀវទេសចរដែលមកសហគមន៍អេកូទេសចរណ៍ត្មាតប៉ើយ ដើម្បីកម្សាន្ត និងទស្សនាសត្វព្រៃនោះ ម្នាក់ៗត្រូវចំណាយជាកញ្ចប់យ៉ាងតិចជិត១០០ដុល្លារ។ ការចំណាយរបស់ភ្ញៀវទេសចរទាំងនោះ បានបែកចែកដោយផ្ទាល់ទៅដល់ប្រជាសហគមន៍មូលដ្ឋានទៅតាមរូបភាពផ្សេងៗពីគ្នា ដែលស្ថិតក្នុងវិស័យអេកូទេសចរណ៍នេះ។
សម្រាប់ការចំណាយជិត១០០ដុល្លាររបស់ភ្ញៀវទេសចរនោះ គឺត្រូវចំណាយទៅលើការស្នាក់នៅ១៨ដុល្លារ និងអាហារបីពេលតម្លៃ១៧ដុល្លារក្នុងមួយថ្ងៃ។ ពិសេសចំណាយទៅលើការមើលសត្វកម្រ(ត្រយងយក្ស និងត្រយងចង្កំកស) រហូតដល់៤០ដុល្លារ, ចំណាយលើអ្នកការពារឬអភិរក្សសំបុកពងកូនសត្វ១០ដុល្លារ, ចំណាយលើអ្នកនាំភ្ញៀវមើលសត្វ១០ដុល្លារ និងចំណាយទៅឱ្យចុងភៅ និងអ្នកដឹកជញ្ជូនជាដើម។ នេះជាការរៀបរាប់របស់ លោក គឹមឱន។
ចំណូលប្រចាំខែដែលបានពីភ្ញៀវទេសចរ តាមរយៈការអភិរក្សសត្វព្រៃ និងសត្វកម្រទាំងអស់នេះហើយ ដែលធ្វើឱ្យលោកឌឹប គឹមឱន ជាអ្នកនាំភ្ញៀវមើលសត្វព្រៃផងនោះ មើលឃើញថា អ្នកបរបាញ់សត្វព្រៃ ធៀបដូចនឹងបាត់លុយ ឬហែកលុយខ្លួនឯងចោល។ ប្រធានសហគមទេសចរណ៍រូបនេះ បានពន្យល់ដូច្នេះ ៖«បើយើងបាញ់សត្វព្រៃងាប់មួយក្បាលទៅ ហើយម្នាក់បាញ់ងាប់ពីរ ម្នាក់ទៀតបាញ់សត្វព្រៃងាប់បីក្បាលទៅ នឹងធ្វើឱ្យអស់សត្វព្រៃហើយ។ ពេលសត្វព្រៃងាប់អស់ទៅ តើមានភ្ញៀវឯណាមកសហគមន៍យើងទៀត។ អ៊ីចឹងហើយ ពេលយើងបាញ់សត្វព្រៃងាប់ទៅ គឺដូចនឹងយើងបាត់លុយចឹង»។
តាមរយៈបទពិសោធន៍ចំនួន១៤ឆ្នាំ ជានាំភ្ញៀវទេសចរបរទេសមើលសត្វកម្រៗនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពនេះមក លោកគឹមឱន មិនដែលមានគំនិតរួញរា និងពិបាកក្នុងការការពារ អភិរក្សសត្វព្រៃទាំងនោះឡើយ។ ផ្ទុយមកវិញមានតែជំរុញឱ្យបុរសរូបនេះ ពង្រឹងការអភិរក្សសត្វ និងធនធានធម្មជាតិនានាឱ្យកាន់តែប្រសើរឡើងទៅវិញ។ លោកបានអះអាងថា៖«នៅពេលដែលខ្ញុំនាំភ្ញៀវមើលឃើញសត្វព្រៃកម្រទាំងនោះពួកគាត់សប្បាយចិត្ត និងនិយាយថាពួកគាត់នឹងនាំគ្នាមកមើលសត្វនៅក្នុងសហគមន៍ខ្ញុំម្តងទៀត។ ភាពរីករាយ ភាពចង់ដឹង ចង់ឃើញ ចង់ស្គាល់របស់ភ្ញៀវទាំងអស់នោះហើយ ដែលលើកទឹកចិត្តខ្ញុំក្នុងការធ្វើការងារលើវិស័យនេះ»។
បើតាមលោក ឌឹម គឹមឱន សហគមន៍អេកូទេសចរណ៍ត្មាតប៉ើយនេះ បានផ្តល់ចំណូលដោយផ្ទាល់ទៅប្រជាសហគមន៍ជាង៦០គ្រួសារ។ ដោយឡែក កាលឆ្នាំ២០១៩ សហគមន៍ទេសចរណ៍ធម្មជាតិត្មាតប៉ើយ រកចំណូលបានពីភ្ញៀវទេសចរជាង៣ម៉ឺនដុល្លារ សម្រាប់អភិវឌ្ឍគម្រោងនានាក្នុងភូមិ។
សត្វព្រៃពិសេសប្រភេទសត្វកម្រដែលមានវត្តមាននៅកម្ពុជា និងកំពុងជិតផុតពូជនៅលើពិភពលោកនោះ គឺជាប្រភពដ៏ធំនៃការទាក់ទាញភ្ញៀវទេសចរឱ្យចូលមកតំបន់សហគមន៍នានា ដើម្បីទស្សនា និងស្វែងយល់ពីសត្វព្រៃ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ គេសង្កេតឃើញថា មានសត្វព្រៃជាច្រើន ពិសេសប្រភេទសត្វចតុប្បាទនៅតាមដែនជម្រកសត្វព្រៃនានានៅកម្ពុជា បានងាប់ជាបន្តបន្ទាប់ ដោយសារតែការជាប់អន្ទាក់ និងការបរបាញ់របស់ព្រានព្រៃ។ ពិសេសពីសំណាក់ប្រជាសហគមន៍មូលដ្ឋានតែម្តង។
ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២០ មានសត្វទន្សោងយ៉ាងហោចណាស់១០ក្បាលបានងាប់ ដោយសារការជាប់អន្ទាក់ និងការបរបាញ់។ នេះបើតាមលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ដោយបញ្ជាក់ថា ក្រៅពីសត្វទន្សោងទាំងនេះ ក៏មានសត្វខ្ទីង និងសត្វព្រៃកម្រផ្សេងៗទៀត បានបាត់បង់ជីវិតជាហូរហែរផងដែរ។
ដោយឡែក សម្រាប់សហគមន៍អេកូទេសចរណ៍ត្មាតប៉ើយមានផ្ទៃដីជាង១,៧០០ហិកតា ស្ថិតនៅតំបន់ខ្ពង់រាបខាងជើងរបស់កម្ពុជា ដែលប្រមូលផ្តុំដោយពពួកបក្សីកម្រៗជាច្រើនប្រភេទរស់នៅទីនោះ ទទួលបានការការពារនិងអភិរក្សបំផុតគ្រប់ពីភាគីពាក់ព័ន្ធ ពិសេសពីប្រជាសហគមន៍មូលដ្ឋាន ក្រោមការដឹកនាំរបស់លោក គឹមឱន តាំងពីឆ្នាំ២០០៦មក។
នៅក្នុងសហគមន៍នេះ ក្រៅពីមានសត្វត្រយងយក្សដែលជាសត្វស្លាបដែលតំណាងឱ្យនិមិត្តសញ្ញាជាតិកម្ពុជានោះ ក៏នូវមានសត្វកម្រចំនួនទៀត ដូចជាសត្វត្រយងចង្កំកស សត្វអង្កត់ខ្មៅដំបងក្រញូង, សត្វតាដក់ធំ-តាដក់តូច, សត្វក្រៀល, ក្ងោក...ជាដើម។ នេះការរៀបរាប់របស់លោក គឹមឱន ទាំងទឹកមុខសប្បាយរីករាយនូវអ្វីដែលសហគមន៍ខ្លួនមាន ដោយបានអះអាងថា ការរក្សាបាននូវសត្វព្រៃទាំងនោះបានធ្វើឱ្យសហគមន៍នេះ អាចរកចំណូលបានជាមធ្យមជាង១ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ ពីការចូលទស្សនាសត្វព្រៃរបស់ភ្ញៀវទេសចរបរទេស៕