COVID-19
ជាតិ
ប្រធាន​សហគមន៍​ទេសចរណ៍ធម្មជាតិ​ត្មាត​ប៉ើយ​៖ ការ​បរបាញ់​សត្វព្រៃ​ដូច​ហែក​លុយ​ខ្លួនឯង​ចោល​
01, Jul 2020 , 7:59 am        
រូបភាព
​ព្រះវិហារ​៖ អស់​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ​ដែល​លោក ឌឹ​ប គឹម​ឱន ក្លាយជា​ប្រធាន​សហគមន៍​ទេសចរណ៍ធម្មជាតិ​ត្មាត​ប៉ើយ និង​ជា​អ្នក​នាំ​អ្នក​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មើល​សត្វ​ស្លាប​កម្រ​នានា នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ខេត្តព្រះវិហារ​។ តាមរយៈ​បទពិសោធន៍​ប្រឡូក​ក្នុង​វិស័យ​អេកូ​ទេសចរណ៍​នេះ លោក គឹម​ឱន មើលឃើញថា ការ​បរបាញ់​សត្វព្រៃ ពិសេស​សត្វ​កម្រ គឺ​ដូចជា​«​ការ​ហែក​ខ្លួនឯង​ចោល​ទៅវិញ​»​។



​ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​វ័យ​៥៥​ឆ្នាំ​លោក ឌឹ​ប គឹម​ឱន បាន​និយាយថា មុន​កម្ពុជា​ក៏​ដូច​ពិភពលោក​ជួប​នូវ​វិបត្តិ​កូ​វីដ​-១៩(COVID-19) សត្វព្រៃ​ដែល​រស់នៅក្នុង​សហគមន៍​នេះ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជា​ជនជាតិ​បរទេស​បាន​យ៉ាងហោចណាស់​២០​នាក់ ជា​រៀងរាល់ខែ​។ លោក​បាន​និយាយ​ដូច្នេះ​៖«​សហគមន៍​យើង មាន​ភ្ញៀវទេសចរ​បរទេស​មក​ទស្សនា​សត្វព្រៃ​ពី​៥​ទៅ​៨​ក្រុម​ក្នុង​មួយខែ ហើយ​ក្នុង​មួយក្រុមៗ​មាន​សមាជិក​យ៉ាងតិច​៣​នាក់​។ ដោយឡែក​ខែ​ខ្លះ​យើង​គ្មាន​កន្លែង​ទទួល​ក្រុម​ភ្ញៀវ​ទាំងនោះ​ក៏មានដែរ​»​។ 
 
​លោក គឹម​ឱន បាន​បន្តថា ភ្ញៀវទេសចរ​ដែល​មក​សហគមន៍​អេកូ​ទេសចរណ៍​ត្មាត​ប៉ើយ ដើម្បី​កម្សាន្ត និង​ទស្សនា​សត្វព្រៃ​នោះ ម្នាក់ៗ​ត្រូវ​ចំណាយ​ជា​កញ្ចប់​យ៉ាងតិច​ជិត​១០០​ដុល្លារ​។  ការចំណាយ​របស់​ភ្ញៀវទេសចរ​ទាំងនោះ បាន​បែក​ចែក​ដោយផ្ទាល់​ទៅដល់​ប្រជា​សហគមន៍​មូលដ្ឋាន​ទៅតាម​រូបភាព​ផ្សេងៗ​ពីគ្នា ដែល​ស្ថិតក្នុង​វិស័យ​អេកូ​ទេសចរណ៍​នេះ​។ 
 
​សម្រាប់​ការចំណាយ​ជិត​១០០​ដុល្លារ​របស់​ភ្ញៀវទេសចរ​នោះ គឺ​ត្រូវ​ចំណាយ​ទៅលើ​ការ​ស្នាក់នៅ​១៨​ដុល្លារ និង​អាហារ​បី​ពេល​តម្លៃ​១៧​ដុល្លារ​ក្នុង​មួយថ្ងៃ​។ ពិសេស​ចំណាយ​ទៅលើ​ការមើល​សត្វ​កម្រ​(​ត្រយង​យក្ស និង​ត្រយង​ចង្កំ​កស​) រហូតដល់​៤០​ដុល្លារ​, ចំណាយ​លើ​អ្នកការពារ​ឬ​អភិរក្ស​សំបុក​ពង​កូន​សត្វ​១០​ដុល្លារ​, ចំណាយ​លើ​អ្នក​នាំ​ភ្ញៀវ​មើល​សត្វ​១០​ដុល្លារ និង​ចំណាយ​ទៅឱ្យ​ចុងភៅ និង​អ្នក​ដឹកជញ្ជូន​ជាដើម​។ នេះ​ជាការ​រៀបរាប់​របស់ លោក គឹម​ឱន​។ 
 
​ចំណូល​ប្រចាំខែ​ដែល​បាន​ពី​ភ្ញៀវទេសចរ តាមរយៈ​ការអភិរក្ស​សត្វព្រៃ និង​សត្វ​កម្រ​ទាំងអស់​នេះហើយ ដែល​ធ្វើឱ្យ​លោក​ឌឹ​ប គឹម​ឱន ជា​អ្នក​នាំ​ភ្ញៀវ​មើល​សត្វព្រៃ​ផង​នោះ មើលឃើញថា អ្នក​បរបាញ់​សត្វព្រៃ ធៀប​ដូចនឹង​បាត់​លុយ ឬ​ហែក​លុយ​ខ្លួនឯង​ចោល​។ ប្រធាន​សហគម​ទេសច​រណ៍​រូបនេះ បាន​ពន្យល់​ដូច្នេះ ៖«​បើ​យើង​បាញ់​សត្វព្រៃ​ងាប់​មួយ​ក្បាល​ទៅ ហើយ​ម្នាក់​បាញ់​ងាប់​ពីរ ម្នាក់ទៀត​បាញ់​សត្វព្រៃ​ងាប់​បី​ក្បាល​ទៅ នឹងធ្វើ​ឱ្យអស់​សត្វព្រៃ​ហើយ​។ ពេល​សត្វព្រៃ​ងាប់​អស់​ទៅ តើ​មាន​ភ្ញៀវ​ឯណា​មក​សហគមន៍​យើង​ទៀត​។ អ៊ីចឹង​ហើយ ពេល​យើង​បាញ់​សត្វព្រៃ​ងាប់​ទៅ គឺ​ដូចនឹង​យើង​បាត់​លុយ​ចឹ​ង​»​។ 
 
​តាមរយៈ​បទពិសោធន៍​ចំនួន​១៤​ឆ្នាំ ជា​នាំ​ភ្ញៀវទេសចរ​បរទេស​មើល​សត្វ​កម្រៗ​នៅក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព​នេះ​មក លោក​គឹម​ឱន មិនដែល​មានគំនិត​រួញរា និង​ពិបាក​ក្នុងការ​ការពារ អភិរក្ស​សត្វព្រៃ​ទាំង​នោះឡើយ​។ ផ្ទុយ​មកវិញ​មានតែ​ជំរុញ​ឱ្យ​បុរស​រូបនេះ ពង្រឹង​ការអភិរក្ស​សត្វ និង​ធនធានធម្មជាតិ​នានា​ឱ្យ​កាន់តែ​ប្រសើរឡើង​ទៅវិញ​។ លោក​បាន​អះអាងថា​៖«​នៅពេលដែល​ខ្ញុំ​នាំ​ភ្ញៀវ​មើលឃើញ​សត្វព្រៃ​កម្រ​ទាំងនោះ​ពួកគាត់​សប្បាយចិត្ត និង​និយាយថា​ពួកគាត់​នឹង​នាំគ្នា​មក​មើល​សត្វ​នៅក្នុង​សហគមន៍​ខ្ញុំ​ម្តងទៀត​។ ភាព​រីករាយ ភាព​ចង់ដឹង ចង់ឃើញ ចង់​ស្គាល់​របស់​ភ្ញៀវ​ទាំងអស់នោះ​ហើយ ដែល​លើកទឹកចិត្ត​ខ្ញុំ​ក្នុង​ការធ្វើការងារ​លើ​វិស័យនេះ​»​។ 
 
​បើតាម​លោក ឌឹ​ម គឹម​ឱន សហគមន៍​អេកូ​ទេសចរណ៍​ត្មាត​ប៉ើយ​នេះ បានផ្តល់​ចំណូល​ដោយផ្ទាល់​ទៅ​ប្រជា​សហគមន៍​ជាង​៦០​គ្រួសារ​។ ដោយឡែក កាល​ឆ្នាំ​២០១៩ សហគមន៍​ទេសចរណ៍ធម្មជាតិ​ត្មាត​ប៉ើយ រកចំណូលបាន​ពី​ភ្ញៀវទេសចរ​ជាង​៣​ម៉ឺន​ដុល្លារ សម្រាប់​អភិវឌ្ឍ​គម្រោង​នានា​ក្នុងភូមិ​។​
 
​សត្វព្រៃ​ពិសេស​ប្រភេទ​សត្វ​កម្រ​ដែលមាន​វត្ត​មាននៅ​កម្ពុជា និង​កំពុង​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក​នោះ គឺជា​ប្រភព​ដ៏​ធំ​នៃ​ការទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យចូល​មក​តំបន់​សហគមន៍​នានា ដើម្បី​ទស្សនា និង​ស្វែងយល់​ពី​សត្វព្រៃ​។ ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ចុងក្រោយ​នេះ គេ​សង្កេតឃើញថា មាន​សត្វព្រៃ​ជាច្រើន ពិសេស​ប្រភេទ​សត្វចតុប្បាទ​នៅតាម​ដែនជម្រកសត្វព្រៃ​នានា​នៅ​កម្ពុជា បាន​ងាប់​ជា​បន្តបន្ទាប់ ដោយសារតែ​ការជាប់​អន្ទាក់ និង​ការ​បរបាញ់​របស់​ព្រានព្រៃ​។ ពិសេស​ពី​សំណាក់​ប្រជា​សហគមន៍​មូលដ្ឋាន​តែម្តង​។ 


 
​ក្នុង​រយៈពេល​៦​ខែ ដើមឆ្នាំ​២០២០ មាន​សត្វ​ទន្សោង​យ៉ាងហោចណាស់​១០​ក្បាល​បាន​ងាប់ ដោយសារ​ការជាប់​អន្ទាក់ និង​ការ​បរបាញ់​។ នេះ​បើតាម​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ដោយ​បញ្ជាក់ថា ក្រៅពី​សត្វ​ទន្សោង​ទាំងនេះ ក៏មាន​សត្វ​ខ្ទីង និង​សត្វព្រៃ​កម្រ​ផ្សេងៗ​ទៀត បាន​បាត់​បង់ជីវិត​ជា​ហូរហែរ​ផងដែរ​។ 
 
​ដោយឡែក សម្រាប់​សហគមន៍​អេកូ​ទេសចរណ៍​ត្មាត​ប៉ើយ​មាន​ផ្ទៃដី​ជាង​១,៧០០​ហិកតា ស្ថិតនៅ​តំបន់​ខ្ពង់រាប​ខាងជើង​របស់​កម្ពុជា ដែល​ប្រមូលផ្តុំ​ដោយ​ពពួក​បក្សី​កម្រៗ​ជាច្រើន​ប្រភេទ​រស់នៅ​ទីនោះ ទទួលបាន​ការការពា​រ​និង​អភិរក្ស​បំផុត​គ្រប់​ពី​ភាគី​ពាក់ព័ន្ធ ពិសេស​ពី​ប្រជា​សហគមន៍​មូលដ្ឋាន ក្រោម​ការដឹកនាំ​របស់​លោក គឹម​ឱន តាំងពី​ឆ្នាំ​២០០៦​មក​។​
 
​នៅក្នុង​សហគមន៍​នេះ ក្រៅពី​មាន​សត្វ​ត្រយង​យក្ស​ដែលជា​សត្វ​ស្លាប​ដែល​តំណាងឱ្យ​និមិត្តសញ្ញា​ជាតិ​កម្ពុជា​នោះ ក៏​នូវមាន​សត្វ​កម្រ​ចំនួន​ទៀត ដូចជា​សត្វ​ត្រយង​ចង្កំ​កស សត្វ​អង្កត់ខ្មៅ​ដំបងក្រញូង​, សត្វ​តាដក់​ធំ​-​តាដក់​តូច​, សត្វ​ក្រៀល​, ក្ងោក​...​ជាដើម​។ នេះ​ការរៀបរាប់​របស់លោក គឹម​ឱន ទាំង​ទឹកមុខ​សប្បាយរីករាយ​នូវ​អ្វីដែល​សហគមន៍​ខ្លួន​មាន ដោយបាន​អះអាងថា ការរក្សាបាន​នូវ​សត្វព្រៃ​ទាំងនោះ​បានធ្វើឱ្យ​សហគមន៍​នេះ អាច​រកចំណូលបាន​ជា​មធ្យម​ជាង​១​ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ពី​ការចូល​ទស្សនា​សត្វព្រៃ​របស់​ភ្ញៀវទេសចរ​បរទេស​៕
 

Tag:
 សត្វ​ត្រយង​
  អេកូ​ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com