កីឡាជាតិ
ជាតិ
លោក ឡុង សាល​វ័​ន្ត ជាប់​គ្រូ​ជម្រើសជាតិ​គុន​ខ្មែរ​លើក​ទី​៣ ខណៈ​លោក អេ ភូ​ថង បាត់​ឱកាស​គ្រូ​ជំនួយ​
30, Jun 2020 , 10:59 pm        
រូបភាព
លោក ឡុង សាលវ័ន្ត, លោក អេ ភូថង និងលោក ជា រិទ្ធ (រាប់ពីឆ្វេង)
លោក ឡុង សាលវ័ន្ត, លោក អេ ភូថង និងលោក ជា រិទ្ធ (រាប់ពីឆ្វេង)
ដោយ:
​លោក ឡុង សាល​វ័​ន្ត គ្រូបង្វឹក​ក្លិប​សាល​វ័​ន្ត​កីឡា​ត្រូវបាន​បោះឆ្នោត​តែងតាំង​ឲ្យ​ធ្វើជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​គុន​ខ្មែរ​ប្រចាំឆ្នាំ​២០២០ ខណៈ​លោក អេ ភូ​ថង គ្រូ​ជំនួយ​កាលពី​ឆ្នាំ​២០១៩ មិន​ទទួលបាន​សម្លេង​គ្រប់គ្រាន់​ក្នុង​ការបន្ត​ធ្វើជា​គ្រូ​ជំនួយ​ឡើយ​។ ការបោះឆ្នោត​នោះ មាន​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ចំនួន​៨​រូប តែ​ដកខ្លួន​៣​រូប​។

 
​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២០ បានរៀបចំ​ការបោះឆ្នោត​ជ្រើសរើស​គ្រូបង្វឹក និង​គ្រូ​ជំនួយ​ក្រុម​ជម្រើសជាតិ​គុន​ខ្មែរ​ប្រចាំឆ្នាំ​២០២០ ដែលមាន​តំណាង​ក្លិប​-​សមាគម និង​មន្ទីរអប់រំ​យុវជន និង​កីឡា​តាម​បណ្តា​ខេត្ត​ជាង​១០​រូប​ចូលរួម​បោះឆ្នោត​។ ការ​ឆ្នោត​នេះ​ធ្វើឡើង​តាមរយៈ​ការ​គូស​សន្លឹកឆ្នោត ប្រកបដោយ​ភាពត្រឹមត្រូវ​និង​យុត្តិធម៌​។ 
 
​តាមរយៈ​លទ្ធផល​បោះឆ្នោត លោក ឡុង សាល​វ័​ន្ត គ្រូបង្វឹក​ក្លិប​សាល​វ័​ន្ត​កីឡា ត្រូវបាន​ជាប់ឆ្នោត​ជា​គ្រូ​បង្គោល ក្រោយ​ទទួលបាន​សំឡេងគាំទ្រ​ចំនួន​៧​សំឡេង ខណៈ​លោក ជា រិ​ទ្ធ គ្រូបង្វឹក​ក្លិប​គុហារ​ព្រហ្ម​ជ័យ ជាប់ឆ្នោត​ជា​គ្រូ​ជំនួយ​ជាមួយ​សំឡេងគាំទ្រ​ចំនួន​៥​សំឡេង​។ នេះ​ជា​លើក​ទី​៣​របស់លោក ឡុង សាល​វ័​ន្ត សម្រាប់​តំណែង​មួយ​នេះ ដ្បិត​លោក​ធ្លាប់​ត្រូវបាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​តែងតាំង​ជា​គ្រូបង្វឹក​ពីរលើក​រួចមកហើយ កាលពី​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៩​។ 
 
​ប៉ុន្តែ​វា​ជា​លើក​ទី​១​សម្រាប់​លោក ជា រិ​ទ្ធ ដែល​បាន​ក្លាយជា​ចំណែក​មួយ​នៃ​ក្រុម​ជម្រើសជាតិ​គុន​ខ្មែរ​។ តែ​យ៉ាងណា​លោក ជា រិ​ទ្ធ ជា​អាជ្ញាកណ្តាល​អន្តរជាតិ ដែល​ត្រូវបាន​សហព័ន្ធ​បញ្ជូន​កីឡាប្រដាល់​គុន​ខ្មែរ​បញ្ជូនទៅ​កាត់ក្តី​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ហ្វីលីពីន​កាលពី​ឆ្នាំ​២០១៩​។ អ្វីដែល​កាន់តែ​ពិសេស​គឺ លោក ត្រូវបាន​គណៈកម្មការ​រៀបចំ​ការប្រកួត​ប្រដាល់​របស់​ហ្វីលីពីន​ជ្រើសរើស​ជា​អាជ្ញាកណ្តាល​ល្អ​ប្រចាំ​ព្រឹត្តិការណ៍​នេះ​ទៀតផង​។ 
 
​ដោយឡែក​លោក អេ ភូ​ថង ដែលជា​គ្រូ​ជំនួយ​ក្រុម​ជម្រើសជាតិ​កាលពី​ឆ្នាំ​២០១៩ មិន​ទទួលបាន​សម្លេង​គ្រប់គ្រាន់​ក្នុង​ការបន្ត​ធ្វើជា​គ្រូ​ជំនួយ​នៅ​ឆ្នាំ​២០២០​ឡើយ​។ ការបាត់បង់​ឱកាស​នេះ ធ្វើឡើង​ក្រោយ​អតីត​កីឡាករ​ឆ្នើម​របស់​កម្ពុជា​រូបនេះ ទទួលបាន​សំឡេងគាំទ្រ​តិចជាង​លោក ជា រិ​ទ្ធ មួយ​សំឡេង ពោលគឺ​លោក​ទទួលបាន​ការគាំទ្រ​តែ​៤​សំឡេង​ប៉ុណ្ណោះ​។  
 
​សម្រាប់​ការបោះឆ្នោត​នេះ​មាន​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ចំនួន​៨​រូប​រួមមាន​លោក ឡុង សាល​វ័​ន្ត​(៧​សំឡេង​), លោក ជា រិ​ទ្ធ​(៥​សំឡេង​), លោក អេ ភូ​ថង​(៤​សំឡេង​), លោក អាត់ សារ៉ាត់​(២​សំឡេង​) និង​លោក ទេស សារី​ន​(​គ្មាន​សំឡេងគាំទ្រ​)​។ ចំណែក​លោក ហង់ ស៊ឺន​, លោក ធន់ សុភា និង​លោក ឡៅ ស៊ី​ឡា​ត ត្រូវបាន​ដកខ្លួន​។ 
 
​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​អះអាងថា មូលហេតុ ដែល​គ្រូបង្វឹក​ទាំងបី​ដកខ្លួន​ចេញពី​ការបោះឆ្នោត​ជ្រើសរើស​គ្រូបង្វឹក​និង​គ្រូ​ជំនួយ​មិនមែន​ពួកគេ​គ្មាន​សមត្ថភាព​នោះទេ គឺ​ដោយសារ​កត្តា​ពេលវេលា​។ បើតាម​ប្រធាន​សហព័ន្ធ​រូបនេះ គ្រូបង្វឹក​ទាំងបី​ពុំមាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​បំពេញការងារ​តាម​ការកំណត់​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​នោះទេ ដ្បិត​ពួកគេ​សុទ្ធតែ​រវល់​បង្ហាត់​សិស្ស​នៅ​ក្លិប​រៀងៗ​ខ្លួន​។ 
 
​លោក​បាន​បន្ថែមថា​៖«​ជា​គ្រូបង្វឹក​ជម្រើសជាតិ​ត្រូវមាន​ភារកិច្ច​ច្រើន​ដែល​ត្រូវធ្វើ ហើយ​ត្រូវមាន​វិន័យ​តឹងរ៉ឹង និង​ការងារ​ម៉ត់ចត់ ព្រោះ​វា​ជាការ​ងារ​តំណាង​ឲ្យ​ប្រទេសជាតិ​។ ដូច្នេះ​ពួកគេ​ក៏​សម្រេច​ដកខ្លួន ដោយសារ​គិតថា គ្មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​ងារ​មួយ​នេះ​។ ម្យ៉ាងទៀត ពួកគេ​មិន​ចង់​ចោល​សិស្ស និង​ចោល​ក្លិប​របស់​ពួកគេ មិនមែន​ពួកគាត់​មិន​ចង់​ចូលរួម​នោះទេ​»៕  
  

Tag:
 ប្រដាល់​គុន​ខ្មែរ​
  ឡុង សាល​វ័​ន្ត​
  អេ ភូ​ថង
© រក្សាសិទ្ធិដោយ thmeythmey.com