អន្តរជាតិ
ឥណ្ឌា​ហាម​ប្រើ App ចិន​ចំនួន​៥៩ ដោយសារ​បារម្ភ​ពី​សន្តិសុខ​ជាតិ​
30, Jun 2020 , 11:29 pm        
រូបភាព
​រដ្ឋាភិបាល​ឥណ្ឌា នៅ​ថ្ងៃទី​២៩ ខែមិថុនា បានប្រកាស​បិទ​កម្មវិធី (App) ផលិត​ដោយ​ចិន​ដែល​ប្រើប្រាស់​លើ​ទូរ​សព្ទ​ចំនួន​៥៩ ក្រោម​ហេតុផល​សន្តិសុខ​ជាតិ និង​ឯកជន​ភាព​អ្នកប្រើប្រាស់​។ បណ្ដាញ​ទំនាក់ទំនង​កំពុង​ល្បី TikTok, WeChat, Weibo, Bigo Live, Baidu map, UC Browser, ហ្គេម​អន​ឡាញ Mobile Legends និង​កម្មវិធី​មួយចំនួន​របស់​ទូ​រស​ព្ទ Xiaomi មាន Mi Community និង Mi Video Call សុទ្ធតែ​ស្ថិតក្នុង​បញ្ជី​ហាមឃាត់​របស់​រដ្ឋាភិបាល​ឥណ្ឌា​។​

 
​ក្នុង​សេចក្ដី​ការណ៍​របស់ខ្លួន ក្រសួង​ព័ត៌មានវិទ្យា​របស់​ឥណ្ឌា​បញ្ជាក់ថា កម្មវិធី​សម្រាប់​ប្រើ​ក្នុង​ទូរ​សព្ទ​របស់​ចិន បានធ្វើ​សកម្មភាព​ដែល​ប៉ះពាល់​ដល់​អធិបតេយ្យ​ឥណ្ឌា វិស័យ​ការពារជាតិ​ឥណ្ឌា និង​ការរក្សាសន្តិសុខ និង​សណ្ដាប់ធ្នាប់​ក្នុងប្រទេស​ផងដែរ​។ ក្រសួង​ដដែល​នេះ បន្តថា ខ្លួន​បានទទួល​បណ្ដឹង​ទាក់ទង​ការ​លួច​ព័ត៌មាន​អ្នកប្រើប្រាស់ និង​ការបំពាន​សិទ្ធិ​ឯកជន​ភាព​ផងដែរ​។​
 
«​រដ្ឋាភិបាល​ឥណ្ឌា សម្រេចចិត្ត​មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​កម្មវិធី​ទូរ​សព្ទ​មួយចំនួន​។ ការសម្រេចចិត្ត​នេះ មាន​គោលដៅ​ធានា​សុវត្ថិភាព និង​បូរណភាព​ប្រព័ន្ធ​ឡាញរ​បស់​ឥណ្ឌា​។​» នេះ​ជាការ​បញ្ជាក់​របស់​ក្រសួង​ព័ត៌មានវិទ្យា​ឥណ្ឌា ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ យ៉ាងណាមិញ ក្រសួង​មិនបាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​អនុវត្ត​បម្រាម​នេះឡើយ​។​
 
TikTok, WeChat, Weibo, Bigo Live, Baidu map, UC Browser និង​ហ្គេម​អន​ឡាញ Mobile Legends សុទ្ធ​តែមាន​អ្នកប្រើប្រាស់​រាប់រយ​លាន​នាក់​នៅ​ឥណ្ឌា ដែលជា​មូលដ្ឋាន​រឹងមាំ​នៃ​ផលិតផល​ចិន​។ គ្រាន់តែ​កម្មវិធី​ចែករំលែក​វីដេអូ TikTok មួយ​ប៉ុណ្ណោះ ប្រជាជន​ឥណ្ឌា​ប្រមាណ​១២០​លាន​នាក់ បាន​ប្រើប្រាស់​កម្មវិធី​មួយ​នេះ ដែល​ធ្វើ​ឲ្យ​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ ក្លាយជា​ទីផ្សារ​អន្តរជាតិ​ធំជាងគេ​របស់ TikTok ផ្ទាល់​។ 
 
​តាមពិតទៅ ឥណ្ឌា ជា​ប្រភព​ទីផ្សារ​ធំ​របស់​ទំនិញ​ចិន​។ ប៉ុន្តែ​មួយរយៈ​ពេល​ចុងក្រោយ​នេះ និន្នាការ​ប្រឆាំង​ចិន បាន​កើនឡើង​ខ្លាំង​បន្ទាប់ពី​ការប៉ះទង្គិច​នៅ​ព្រំដែន​ដែលមាន​យោធា​ឥណ្ឌា​ដល់​ទៅ​២០​នាក់​បាន​បាត់​បង់ជីវិត​។ ភាគី​ទាំងពីរ បាន​ជះ​ទឹក​ដាក់គ្នា​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​ប៉ះទង្គិច​នេះ​។ ក្រោយ​ការ​ហេតុការណ៍​ថ្ងៃទី​១៥ ខែមិថុនា ភាគី​ទាំងពីរ​ក៏​ពង្រឹងកម្លាំង​កាន់តែច្រើន​រៀងៗ​ខ្លួន​នៅ​តំបន់​ព្រំដែន​ដែល​ធ្លាប់ជា​សមរភូមិ​នៅ​ឆ្នាំ​១៩៦២ ។​
 
​ងាក​ទៅ​ទំនិញ​ចិន​បន្តទៀត ពលរដ្ឋ​ឥណ្ឌា​កាន់តែច្រើន​នាំគ្នា​ធ្វើពហិការ​ទំនិញ​ចិន ដែល​មួយឆ្នាំៗ​នាំ​ចូលទៅ​ឥណ្ឌា​ក្នុងតម្លៃ​យ៉ាងហោចណាស់​៦០​ពាន់​លាន​ដុល្លារ​។ មន្ត្រីជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល​ឥណ្ឌា បាន​អំពាវនាវ​ឲ្យ​មាន​ការឈប់​ប្រើប្រាស់​ផលិតផល​ចិន ខណៈ​រោងចក្រ​ខ្លះ​វិញ ប្រកាស​មិន​នាំចូល​រូបធាតុ​ដើមពី​ចិន​ឡើយ​៕
 
 

Tag:
 ចិន​
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com