COVID-19
សេដ្ឋកិច្ច
អាល្លឺម៉ង់​ជំរុញ​ឲ្យ​អឺរ៉ុប​មាន​សំឡេង​តែមួយ ដើម្បី​ប្រឆាំង​​ច្បាប់​សន្តិសុខ​ហុងកុង​
01, Jul 2020 , 8:29 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោក  Heiko Maas។ រូបភាព៖ Anadolu Agency
រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោក Heiko Maas។ រូបភាព៖ Anadolu Agency
​វា​គឺ​សំខាន់​ណាស់ សម្រាប់​អឺរ៉ុប ដែល​ត្រូវ​រួមគ្នា និង​និយាយ​ក្នុង​សម្លេង​តែមួយ ដើម្បី​ប្រឆាំងនឹង​ការអនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​ពី​សំណាក់​ទីក្រុង​ប៉េកាំង​។ ប្រមុខ​ការទូត​អាល្លឺម៉ង់ លោក Heiko Maas បានលើកឡើង​បែបនេះ នៅ​ថ្ងៃទី​២៩ ខែមិថុនា មុន​គណៈអចិន្ត្រៃយ៍​សភា​ប្រជា​ចិន អនុម័ត​សេចក្តីស្នើច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​។




​ថ្លែង​នៅក្នុង​សន្និសីទ​នៅ​ស្ថាប័ន​ផ្ដល់យោបល់ European Council of Foreign Relations លោក Heiko Maas រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់ បាន​ទទូច​ឲ្យ​សមាជិក​សហភាព​អឺរ៉ុប​ចំនួន ២៧​ប្រទេស​រួម​សាមគ្គី​គ្នា និង​និយាយ​ក្នុង​សម្លេង​តែមួយ ដើម្បី​ប្រឆាំងនឹង​ការអនុម័ត​សេចក្តីស្នើច្បាប់​សន្តិសុខ​ជាតិចិន​។ ការលើកឡើង​របស់លោក​រដ្ឋមន្ត្រី​បែបនេះ ធ្វើឡើង​នៅមុន​ការអនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​។ 
 
​ទាក់ទិន​នឹង​បញ្ហា​នេះ ប្រមុខ​ការទូត​អាល្លឺម៉ង់​រូបនេះ បាន​ទទូច​ឲ្យ​អឺរ៉ុប រៀបចំ​ជំនួប​រវាង​ចិន និង​សហភាព​អឺរ៉ុប​ឡើងវិញ​ឲ្យ​កាន់តែ​ឆាប់​បំផុត​។ ប៉ុន្តែ​លោក​រដ្ឋមន្ត្រី មិនបាន​បញ្ជាក់​ឲ្យ​បានច្បាស់លាស់​ឡើយ​ជុំវិញ​បញ្ហា​កែសម្រួល​ជំនួប ចិន និង​អឺរ៉ុប​។ កន្លងមក​អាល្លឺម៉ង់ បានប្រកាស​លើក​ពេល​កិច្ចប្រជុំ​ចិន​- អឺរ៉ុប ដែល​គ្រោង​នឹង​ធើ្វ​ឡើង​នៅ​ខែកញ្ញា ទៅធ្វើ​នៅពេល​ផ្សេង ដោយ​សំអាង​លើ​ការ​រាតត្បាត​នៃ COVID-19​។​
 
​ការលើកឡើង​របស់​ប្រមុខ​ការទូត​អាល្លឺម៉ង់​បែបនេះ ធ្វើឡើង​បន្ទាប់ពី​ប្រធាន​គោលនយោបាយ​ការបរទេស​អឺរ៉ុប បានស្នើ​ឲ្យ​មាន​វិធានការ​ម៉ឺងម៉ាត់​មួយ ទៅលើ​ការអនុវត្ត​ពាណិជ្ជកម្ម​ជាមួយ​ចិន​។ កន្លងមក​សហភាព​អឺរ៉ុប ធ្លាប់បាន​ព្រមាន​ចិន ឲ្យ​ទម្លាក់​សេចក្តីស្នើច្បាប់​សន្តិសុខ​ជាតិចិន​ចោល បើ​មិន​ចង់​មាន​ផលវិបាក​ផ្សេងៗ ស្របពេល​អឺរ៉ុប ទទូច​ឲ្យ​ចិន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​វិនិយោគ​ឲ្យ​បាន​ឆាប់​ផងដែរ​។​
 
​សូមបញ្ជាក់ថា សេចក្តីស្នើច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ត្រូវបាន​សភា​ចិន​អនុម័ត​រួចហើយ​នា​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ដែល​នាំ​ឲ្យ​មានការ​រិះគន់​មកពី​គ្រប់ទិសទី ជាពិសេស​គឺ​អាមេរិក និង​ប្រជាជន​ហុងកុង​តែម្តង​។ បើតាម​ការរំពឹងទុក​ច្បាប់​នេះ ចូល​ជាធរ​មាននៅ​ថ្ងៃទី​១ ខែកក្កដា នេះ ពោលគឺ​នៅ​ចំ​ថ្ងៃ​ខួប​លើក​ទី​២៣ នៃ​អង់គ្លេស​ប្រគល់​ទឹកដី​ហុងកុង មក​ឲ្យ​ទីក្រុង​ប៉េកាំង​៕

Tag:
 អឺរ៉ុប​
  ចិន​
 ​ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com