កីឡាអន្តរជាតិ
អន្តរជាតិ
Juventus បន្ត​កិច្ចសន្យា​ឲ្យ​កីឡាករ​ចាស់វស្សា Buffon និង Chiellini ដល់​ឆ្នាំ​២០២១
30, Jun 2020 , 4:47 pm        
រូបភាព
Juventus បន្ត​កិច្ចសន្យា​ថ្មី​ឲ្យ​កីឡាករ​ចាស់វស្សា​របស់​ខ្លួន​ពីររូប គឺ​អ្នកចាំទី Gianluigi Buffon និង​ខ្សែការពារ Giorgio Chiellini រយៈពេល​១​ឆ្នាំ​ទៀត ពោលគឺ​រហូតដល់​ឆ្នាំ​២០២១​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្លិប​យក្ស​អ៊ីតាលី​នៅ​ថ្ងៃទី​២៩ ខែមិថុនា​។​


​កិច្ចព្រមព្រៀង​ថ្មី​នេះ​នឹងធ្វើ​ឲ្យ​អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អ៊ីតាលី Buffon បន្ត​ស្នាក់នៅ​ជាមួយ Juventus រហូតដល់​អាយុ ៤៣ ឆ្នាំ​។ អ្នកចាំទី​ដែល​បង្កើត​កំណត់ត្រា​បង្ហាញខ្លួន​ក្នុង​ក្របខណ្ឌ Serie A សម្រាប់ Juventus ច្រើនជាងគេ​ចំនួន ៤៧៩ ដង បាន​វិលត្រឡប់​ទៅកាន់​ទឹកដី Turin វិញ​កាលពី​រដូវ​មុន បន្ទាប់ពី​ទៅ​ចូលរួម​ជាមួយ Paris Saint-Germain មួយ​រដូវ​កាល ២០១៨-១៩​។ 
 
​ក្លិប​រហស្សនាម​សេះបង្កង់​បាន​រៀបរាប់​ក្នុង​សេចក្តីប្រកាស​ក្រោយ​បន្ត​កិច្ច​ស​ន្សា​ដល់​កីឡាករ​វ័យ​ចំណាស់​រូបនេះ​ថា Buffon គឺជា​ភ័ស្តុតាង​ដែល​បញ្ជាក់ថា​អាយុ​គឺ​គ្រាន់តែ​ជា​តួលេខ​ប៉ុណ្ណោះ​។ ចាប់តាំងពី​ផ្លាស់​ពី Parma នៅ​ឆ្នាំ​២០០១ Buffon បាន​ជួយ Juventus ឈ្នះ​ជើងឯក​លី​គ​កំពូល​អ៊ីតាលី​ចំនួន ៩ ជំនាន់​។ ហើយ​សម្រាប់​រដូវ​កាល​នេះ Buffon រំពឹងថា​នឹង​ជួយ​ក្រុម​លោក Maurizio Sarri លើក​ពាន​ជា​លើក​ទី​១០​សម្រាប់​រូបគេ​ផងដែរ​។​
 
​មិន​ត្រឹមតែ Buffon ឡើយ ក្លិប​យក្ស​អ៊ីតាលី​មួយ​នេះ ក៏បានផ្តល់​កិច្ចសន្យា​បន្ថែម​សម្រាប់​ខ្សែការពារ​វ័យ​៣៥​ឆ្នាំ Giorgio Chiellini ចំនួន​១​ឆ្នាំ​ទៀតផង​ដែរ​។ អតីត​ខ្សែការពារ​ក្រុម​ជម្រើសជាតិ​អ៊ីតាលី ដែល​បាន​ផ្លាស់​ពី AS Roma ទៅកាន់ Juventus តាំងពី​ឆ្នាំ​២០០៥ ជា​កីឡា​ករទី​២ បន្ទាប់ពី Buffon ដែល​បង្ហាញខ្លួន​ឲ្យ​ក្រុម​នេះ​ច្រើនជាងគេ គឺ​ចំនួន ៣៨៦​ប្រកួត​។​
 
​រយៈពេល​១៥​ឆ្នាំ​មកនេះ Chiellini ជួយ Juventus ឈ្នះ​ជើងឯក Serie A ៨​លើក ប៉ុន្តែ​មិនដែល​ស្គាល់​រសជាតិ​ពាន​អឺរ៉ុប​នៅឡើយ​នោះទេ​។ Juventus កំពុង​ឈរ​កំពូល​តារាង​លី​គ​កំពូល​អ៊ីតាលី​ដោយមាន​៦៩​ពិន្ទុ នាំ​មុន​ក្រុម​លេខ​២ Lazio ៤​ពិន្ទុ និង​លេខ​៣ Inter Milan ៨​ពិន្ទុ ក្រោយ​ឆ្លងកាត់​ការប្រកួត​២៨​លើក​រួចមក​។​
 
Juventus រំពឹងថា​នឹង​លើក​ពាន Serie A សម្រាប់​រដូវ​កាល ២០១៩-២០ បន្តទៀត ក្រោយ​គ្រង​ជើងឯក​៨​រដូវ​កាល​ជាប់​គ្នា​រួចមកហើយ​ចាប់តាំងពី​រដូវ​កាល ២០១១-១២​។ Juventus ក៏​នៅ​មានឱកាស​ដណ្តើមពាន Champions League រដូវ​កាល​ផងដែរ​៕

Tag:
 Juventus
  Giorgio Chiellini
  Gianluigi Buffon
© រក្សាសិទ្ធិដោយ thmeythmey.com