ជាតិ
ទូត​អាមេរិក​ប្ដេជ្ញា​ធ្វើឱ្យ​ទំនាក់ទំនង​ការ​ទូត​កម្ពុជា​-​អាមេរិក​កាន់តែ​ល្អប្រសើរ​ក្នុង​អាណត្តិ​ខ្លួន
01, Jul 2020 , 8:59 am        
រូបភាព
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក W. Patrick Murphy  ថ្លែងទៅកាន់ក្រុមនិស្សិតនៅសាកលវិទ្យាល័យបញ្ញាសាស្រ្ដប្រមាណ២០នាក់នៅថ្ងៃទី៣០ មិថុនា ២០២០ នាខេត្តសៀមរាប
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក W. Patrick Murphy ថ្លែងទៅកាន់ក្រុមនិស្សិតនៅសាកលវិទ្យាល័យបញ្ញាសាស្រ្ដប្រមាណ២០នាក់នៅថ្ងៃទី៣០ មិថុនា ២០២០ នាខេត្តសៀមរាប
​សៀមរាប​៖ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​លោក W. Patrick Murphy បានធ្វើ​ទស្សនកិច្ច​មកកាន់​ខេត្តសៀមរាប បន្ទាប់ពី​លោក​បានបញ្ចប់​ដំណើរ​ពី​តំបន់​ប្រាសាទព្រះវិហារ និង​តំបន់​អន្លង់វែង​។ នៅ​ខេត្តសៀមរាប លោក​បាន​សំណេះសំណាល​ជាមួយ​ក្រុមនិស្សិត​ផ្នែក​ទំនាក់ទំនង​ការ​ទូត ពេល​លោក​ចុះ​ពិនិត្យមើល​មជ្ឈមណ្ឌល​ផ្តល់​ការប្រឹក្សា​ពី​ការអប់រំ​នៅ​សហរដ្ឋអាមេរិក​។ នៅ​ចំពោះ​ក្រុមនិស្សិត​ទាំងនោះ លោក​ Murphy បាន​ប្ដេជ្ញា​ធ្វើឱ្យ​ទំនាក់ទំនង​ការ​ទូត​រវាង​ប្រទេស​កម្ពុជា និង​សហរដ្ឋអាមេរិក​កាន់តែ​ល្អប្រសើរ​ឡើង​។​



 
​ថ្លែង​ទៅកាន់​ក្រុមនិស្សិត​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ដ្រ​ប្រមាណ​២០​នាក់​នៅ​ថ្ងៃទី​៣០ មិថុនា លោក W. Patrick Murphy បាន​រម្លឹក​ទំនាក់ទំនង​ការទូត​រយៈពេល​៧០​ឆ្នាំ រវាង​រដ្ឋាភិបាល​កម្ពុ​ជា​និង​សហរដ្ឋអាមេរិក​។ ក្នុង​អា​ណិ​ត្ត​របស់ខ្លួន លោក W. Patrick Murphy ប្រាប់​ក្រុមនិស្សិត​ថា លោក​ព្យាយាម​ធ្វើយ៉ាងណា​ឱ្យ​ទំនាក់ទំនង​កា​ទូត​រវាង​ប្រទេស​ទាំង​២​ល្អប្រសើរ​ទៅមុខ​ដោយ​រលូន ពិសេស​កិច្ចទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​។ ដ្បិតថា ក្នុង​ឆ្នាំ​២០២០​នេះ មាន​ឧបសគ្គ​ជុំវិញ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​ក្ដី តែ​ក្នុងនាម​ជា​ឯកអគ្គរដ្ឋទូត​លោក W. Patrick Murphy ប្រាប់ថា លោក​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើឱ្យ​ទំនាក់ទំនង​ប្រទេស​ទាំង​២ មាន​ភាពល្អប្រសើរ​ជានិច្ច​។​


 
​បើតាម​លោក​ទូត ចាប់ពី​ឆ្នាំ​១៩៥០​មក សហរដ្ឋអាមេរិក​បាន​ចូលរួម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ស្ទើរ​គ្រប់​វិស័យ រាប់​ចាប់ពី​វិស័យ​ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ បរិស្ថាន កសិកម្ម សុខភាព​សាធារណ សិទ្ធិមនុស្ស និង​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៤​ជាដើម​។ តាម​ការបញ្ជាក់​ពី​លោក​ទូត មកដល់​បច្ចុប្បន្ន រដ្ឋាភិបាល​សហរដ្ឋអាមេរិក បាន​ផ្តល់ជំនួយ​ដល់​កម្ពុ​ជាមាន​ទឹកប្រាក់​ប្រមាណ​ជាង ២​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​
 
​ក្រៅពី​ការងារ​នេះ លោក W. Patrick Murphy ក៏​ជំ​រុញឱ្យ​និស្សិត​នៅ​ខេត្តសៀមរាប ខិតខំ​ប្រឹងប្រែង​សិក្សា​ឱ្យបាន​កាន់តែច្រើន ពិសេស​លើកទឹកចិត្ត​ឱ្យ​ដាក់ពាក្យ​បន្ដ​ការសិក្សា​នៅ​សហរដ្ឋអាមេរិក ក៏ដូចជា​ចូលរួម​ក្នុង​កម្មវិធី​ផ្លាស់ប្ដូរ​ទស្សនកិច្ច​សិក្សា និង​កម្មវិធី​នានា​ដូចជា កម្មវិធី​គំនិត​ផ្តួចផ្តើមមេដឹកនាំវ័យក្មេងតំបន់​អាស៊ីអាគ្នេយ៍ (YSEALI) កម្មវិធី​ទស្សនកិច្ច​ភាពជា​អ្នកដឹកនាំ (IVLP) កម្មវិធី​ផ្តល់​អាហារូបករណ៍ ហ៊្វូល​ប្រាយ (Fulbright) និង Humphrey ជាដើម​។​ល​៕
 






 

© រក្សាសិទ្ធិដោយ thmeythmey.com