អន្តរជាតិ
ប្អូនប្រុស​លោក លី សៀន​ឡុង​៖ សិង្ហ​បុរី​មិន​ត្រូវការ​មេដឹកនាំ​ត្រកូល​លី​ម្នាក់ទៀត​ទេ​
30, Jun 2020 , 5:35 pm        
រូបភាព
លោក លី សៀនយ៉ាង (ឆ្វេង) និងលោក លី សៀនឡុង (AFP)
លោក លី សៀនយ៉ាង (ឆ្វេង) និងលោក លី សៀនឡុង (AFP)
ដោយ:
​លោក លី សៀន​យ៉ាង ប្អូនប្រុស​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង ប្រកាស​មិន​ចូល​ប្រជែង​ក្នុងការ​បោះឆ្នោត​ទូទៅ ដែល​គ្រោង​រៀបចំឡើង នា​ថ្ងៃទី​១០ ខែកក្កដា​ខាងមុខ​ឡើយ​។ តាម​គំនិត​លោក ប្រជាជន​សិង្ហ​បុរី​លែង​ចង់បាន​ឲ្យ​ត្រកូល «​លី​» ផ្សេងទៀត​ដឹកនាំ​ប្រទេស​បន្ត ហើយ​សន្តតិវង្ស​នយោបាយ​បង្កើត​រដ្ឋាភិបាល​អាក្រក់​។ យ៉ាងណាមិញ លោក​នៅ​បន្ត​គាំទ្រ​បក្សប្រឆាំង​ដើម្បី​ប្រជែង​ជាមួយ​បក្ស​កាន់អំណាច «​សកម្មភាព​ប្រជាជន​» (PAP)  របស់​បងប្រុស​ខ្លួន​។​

 
«​ខ្ញុំ​មិន​ឈរឈ្មោះ​ប្រជែង​យក​តំណែង​នយោបាយ​ឡើយ ព្រោះ​ខ្ញុំ​ជឿជាក់ថា សិង្ហ​បុរី​មិន​ត្រូវការ​ត្រកូល​លី​ណា​ផ្សេងទៀត​ទេ​»​។ លោក លី សៀន​យ៉ាង សរសេរ​បែបនេះ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​៣០ ខែមិថុនា​។ លោក​និយាយ​ត្រង់​ថា លោក​មិន​ចង់បាន​អំណាច កិត្យានុភាព ឬ​លុយកាក់ ពី​តំណែង​នយោបាយ​នេះឡើយ​។​
 
​ការប្រកាស​ជំហរ​បែបនេះ ធ្វើឡើង​ក្រោយ​ប្អូនប្រុស​លោកនាយក​រដ្ឋមន្ត្រី លី សៀន​ឡុង រូបនេះ​កាលពី​សប្តាហ៍​មុន បានសម្រេច​ចិត្ត​ចូលរួម​ជាមួយ​បក្សប្រឆាំង គឺ​បក្ស​សិង្ហ​បុរី​ជឿនលឿន (PSA) ។ បែបនេះហើយ​ទើប​គេ​សង្ស័យថា លោក លី សៀន​យ៉ាង អាច​ឈរឈ្មោះ​ប្រជែង​បេក្ខភាព​នាយករដ្ឋមន្ត្រី​មកពី​បក្ស​កាន់អំណាច គឺ​បក្ស​សកម្មភាព​ប្រជាជន ដឹកនាំ​ដោយ​បងប្រុស​លោក​។ បក្ស​កាន់អំណាច​នេះ​មិន​ធ្លាប់​ស្គាល់​ភាពបរាជ័យ​ឡើយ​តាំងពី​បាន​ឯករាជ្យ​ក្នុង​ឆ្នាំ​១៩៦៥​មក​។ 
 
​ទោះជា​បដិសេធ​ឈរឈ្មោះ​ក្តី លោក លី សៀន​យ៉ាង អាយុ ៦២​ឆ្នាំ នឹងចូលរួម​យុទ្ធនាការ​បោះឆ្នោត​ប្រឆាំង​បក្ស​កាន់អំណាច ដែល​បង្កើតឡើង​ដោយ​ឪពុក​លោក និង​ដឹកនាំ​ដោយ​បងប្រុស​លោក​នាពេល​បច្ចុប្បន្ន​។ លោក​អះអាង​ដូច្នេះ​ថា​៖«​ភាពជា​អ្នកដឹកនាំ​នយោបាយ​ក្នុងប្រទេស​សិង្ហ​បុរី ត្រូវការ​ច្រើនជាង​គ្រួសារ​មួយ ឬ​បុរស​ម្នាក់​»​។​
 
​កូនប្រុស​ពៅ​របស់​ស្ថាបនិក​សិង្ហ​បុរី លី ក្វាន់​យូ សង្កត់ធ្ងន់ថា ភស្តុតាង​ជាក់ស្ដែង បង្ហាញថា សន្តតិវង្ស​នយោបាយ​បង្កើត​រដ្ឋាភិបាល​អាក្រក់ ហើយ​នោះ​គឺ​នៅពេល​មនុស្ស​ដើរចូល​ឆាកនយោបាយ​ដោយ​ប្រើ​ឈ្មោះ​គ្រួសារ ពួកគេ​ជារឿយៗ​ត្រូវបាន​វាយតម្លៃ​ដោយ​ផ្អែកលើ​ឥទ្ធិពល​ឪពុកម្ដាយ​ពួកគេ ហើយ​ពុំមែន​ដោយ​សមត្ថភាព​ពួកគេ​នោះឡើយ​។​
 
​បងប្អូន​ប្រុស​ត្រកូល​លី ទាំងពីរ​នាក់​នេះ មានទំនាស់​ជាមួយគ្នា​ក្នុង​រឿង​កេរ​ផ្ទះ​របស់​ឪពុក ចាប់តាំងពី​ឪពុក​ខ្លួន​ទទួលមរណភាព​ក្នុង​ឆ្នាំ​២០១៥ មក ហើយ​ជម្លោះ​គ្រួសារ​នេះ​ក៏​រាលដាល​ទៅជា​ជម្លោះ​ដទៃទៀត​ផងដែរ​។ ដោយឡែក លោក លី សៀន​ឡុង ដែល​នឹង​ឈានចូល​វ័យ​៧០​ឆ្នាំ​នា​ឆ្នាំ​២០២២ បាន​បង្ហើប​ពី​បំណង​លោក​ក្នុងការ​បើកផ្លូវ​ឲ្យ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សិង្ហ​បុរី​បច្ចុប្បន្ន លោក ហេង ស្វី​គៀត (Heng Swee Keat) ជា​អ្នក​បន្តវេន​លោក​៕
 
 

Tag:
 សិង្ហ​បុរី​
  លី សៀន​ឡុង​
 ​លី សៀន​យ៉ាង​
© រក្សាសិទ្ធិដោយ thmeythmey.com