Matic ការពារ Djokovic ដែល​រង​ការរិះគន់​ក្រោយ​ធ្វើ​ឲ្យ​កីឡាករ​ឯទៀត​ឆ្លង COVID-19
COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Matic ការពារ Djokovic ដែល​រង​ការរិះគន់​ក្រោយ​ធ្វើ​ឲ្យ​កីឡាករ​ឯទៀត​ឆ្លង COVID-19
01, Jul 2020 , 12:29 am        
រូបភាព
Nemanja Matic ខ្សែបម្រើ​ក្រុម Manchester United ការពារ​មិត្ត​រួម​ជាតិ​ស៊ែ​ប៊ី Novak Djokovic ដែលជា​កំពូល​កីឡាករ​វាយ​កូន​បាល់​ពិភពលោក ចំពោះ​ការដឹកនាំ​ព្រឹត្តិការណ៍ Adria Tour ដែល​បណ្តាល​ឲ្យ​កីឡាករ​មួយចំនួន​រួមទាំង​ខ្លួន​ឆ្លង​ជំងឺ COVID-19​។​


Djokovic រង​ការរិះគន់​យ៉ាងខ្លាំង​ក្រោយ​ដឹកនាំ​រៀបចំ​ការប្រកួត​កីឡា​វាយ​កូន​បាល់​មួយ​ក្នុងប្រទេស​ខ្លួន ចំពេល​ដែលមាន​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​សកល​រហូត​ធ្វើ​ឲ្យ​គ្រូបង្វឹក​របស់ខ្លួន​លោក Goran Ivanisevic រួមទាំង​កីឡាករ Grigor Dimitrov, Borna Coric និង Viktor Troicki ធ្វើតេស្ត​ចេញ​លទ្ធផល​វិជ្ជមាន COVID-19​។​
 
​ក្រោយ​មានការ​រិះគន់​បែបនេះ​កើតឡើង ខ្សែបម្រើ​ក្រុម​បិសាច​ក្រហម Matic បានបង្ហាញ​ការការពារ​ទៅកាន់​មិត្ត​រួម​ជាតិ​របស់ខ្លួន ដោយបាន​ប្រាប់​ទូរទស្សន៍ Sky Sports ថា ពួកគេ​ទាំងនោះ​រួមទាំង​ប្រជាជន​ស៊ែ​ប៊ី​មិនត្រូវ​បាន​ឲ្យ​អនុវត្ត​ច្បាប់​គម្លាត​សុ​វត្តិភាព​ដូច​ប្រទេស​ដទៃ​ទេ​។​
 
​ខ្សែបម្រើ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​វ័យ​៣១​ឆ្នាំ​បន្ថែមថា​៖ «​ប្រជាជន​ត្រូវ​យល់ថា​ស្ថានភាព​នៅក្នុង​ប្រទេស​ស៊ែ​ប៊ី​ល្អប្រសើរ​ជាង​ប្រទេស​នៅ​អឺរ៉ុប​ដទៃទៀត​។ ប្រទេស​នេះ​បានអនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់គ្នា​ធ្វើ​អ្វី​គ្រប់យ៉ាង ដូចជា​ការបើក​មជ្ឈមណ្ឌល ផ្សារ​ទំនើប និង​ភោជនីយដ្ឋាន​ជាដើម​។ ដូច្នេះ​ពួកគេ​ចាប់ផ្តើម​រស់នៅក្នុង​ជីវិត​ធម្មតា​ពីព្រោះ​ប្រទេស​របស់​យើង​បានបញ្ចប់​ការបិទ​ប្រទេស​ដែលមាន​រយៈពេល​បី​ខែ​រួចហើយ​»​។​
 
​ស្របពេល​ការប្រកួត​ក្រៅផ្លូវការ​មួយចំនួន​លេង​ដោយ​គ្មាន​អ្នកទស្សនា ព្រឹត្តិការណ៍ Adria Tour បាន​ទាក់ទាញ​មនុស្ស​ជាច្រើន សម្រាប់​ជំនួប​នៅ​រដ្ឋធានី Belgrade របស់​ស៊ែ​ប៊ី​។​
​យ៉ាងណាក៏ដោយ បន្ទាប់ពី​មាន​ករណីនេះ​កើតឡើង Djokovic កីឡាករ​វាយ​កូន​បាល់​លេខ ១ ពិភពលោក​បានបង្ហាញ​ការសោកស្តាយ​យ៉ាងខ្លាំង​បន្ទាប់ពី​ក្លាយជា​កីឡាករ​វាយ​កូន​បាល់​ចុងក្រោយ​ដែល​ធ្វើតេស្ត​ចេញ​លទ្ធផល​វិជ្ជមាន​ជំងឺ  COVID-19 នេះ​។ ក្រោយមក ព្រឹត្តិការណ៍ Adria Tour ដែលមាន​លោក Djordje បងប្រុស​របស់ Djokovic ជា​អ្នករៀបចំ ត្រូវបាន​លុបចោល​វិញ​ទាំងអស់​តែម្តង​។​
 
​គិត​ត្រឹម​ថ្ងៃទី​៣០ ខែមិថុនា​នេះ ចំនួន​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​ទូទាំង​ពិភពលោក បាន​កើន​ដល់​ជាង​១០​លាន​ករណី ក្នុងនោះ​ស្លាប់​ជាង​៥​សែន​នាក់ និង​សះស្បើយ​ជាង ៥,៥ លាន​ករណី​៕
 

Tag:
 Manchester United
  Nemanja Matic COVID-19
  Novak Djokovic
© រក្សាសិទ្ធិដោយ thmeythmey.com