COVID-19
អន្តរជាតិ
EU ព្រមបើកព្រំដែនជាមួយប្រទេស១៥ ក្នុងនោះមានចិន តែអត់អាមេរិក
× សហភាពអឺរ៉ុប (EU) បានយល់ព្រមបើកព្រំដែនឡើងវិញជាមួយប្រទេសចំនួន១៥ ក្នុងនោះមានចិន តែគ្មានសហរដ្ឋអាមេរិក។ យ៉ាងណា រដ្ឋាភិបាលចិន ត្រូវអនុវត្តតាមលក្ខខណ្ឌជាមួយ EU ។ ចំណែក ក្នុងតំបន់អាស៊ីអាគ្នេយ៍ មានតែប្រទេស ថៃ ប៉ុណ្ណោះ ដែលស្ថិតក្នុងបញ្ជីឈ្មោះនេះ។
ជាច្រើនថ្ងៃក្រោយកិច្ចចរចាផ្ទៃក្នុង សមាជិក EU ទាំង២៧ប្រទេស បានសម្រេចបង្កើតបញ្ជីឈ្មោះប្រទេសដែលស្ថានភាព COVID-19 ពួកគេ ត្រូវបានចាត់ទុកថាមានសុវត្ថិភាពគ្រប់គ្រាន់ក្នុងការអនុញ្ញាតឲ្យប្រជាជនពួកគេចូលប្លុកនេះបានវិញ។ សេចក្តីសម្រេចនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែកក្កដា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាសហភាពអឺរ៉ុប នៅថ្ងៃទី៣០ ខែមិថុនា។
ក្នុងបញ្ជីចុះផ្សាយលើវេបសាយផ្លូវការរបស់សហភាពអឺរ៉ុប ប្រទេសទាំងនោះមាន អាល់ហ្សេរី អូស្ត្រាលី កាណាដា ជប៉ុន ហ្ស៊កហ្ស៊ី ម៉ុងតេណេហ្គ្រោ ម៉ារ៉ុក នូវែលសេឡង់ រវ៉ាន់ដា ស៊ែប៊ី(Serbia) កូរ៉េខាងត្បូង ថៃ ទុយនីស៊ី និងអ៊ុយរូហ្កាយ ។ ដោយឡែក អ្នកដំណើរមកពីចិន នឹងត្រូវអនុញ្ញាតឲ្យចូលទឹកដី EU ក្រោមលក្ខខណ្ឌថា រដ្ឋាភិបាលក្រុងប៉េកាំងយល់ព្រមបើកព្រំដែនទទួលប្រជាជន EU ដូចគ្នា។
ការដកបម្រាមលើការធ្វើដំណើរឆ្លងព្រំដែនពីខាងក្រៅនេះ នឹងត្រូវត្រួតពិនិត្យ២សប្តាហ៍ម្ដង។ ហើយការអនុម័តនេះដែរ មានគោលដៅដើម្បីជួយសង្គ្រោះវិស័យទេសចរណ៍របស់ទ្វីបមួយនេះ ដែលរងគ្រោះខ្លាំងដោយបម្រាមលើការធ្វើដំណើរមិនចាំបាច់ ដែលបានដាក់ចេញតាំងពីពាក់កណ្ដាលខែមីនាមក។
ស្ថានភាព COVID-19 ក្នុងបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុប គឺមានលក្ខណៈល្អប្រសើរច្រើន ហើយរដ្ឋាភិបាលជាច្រើនក្នុងតំបន់នេះ ចាប់ផ្ដើមបន្ធូរបន្ថយការរឹតត្បិត COVID-19 ក្នុងគោលដៅជួយស្រោចស្រង់សេដ្ឋកិច្ចដែលប្រឈមវិបត្តិ។
យ៉ាងណាមិញ សហរដ្ឋអាមេរិក នៅតែបន្តជាចំណុចផ្ទុះរាលដាល COVID-19 ខ្លាំង ជាពិសេសក្នុងរដ្ឋភាគខាងត្បូងនិងខាងលិច។ ប្រទេសនេះ នាំមុខពិភពលោកជាមួយករណីស្លាប់១២៦ ០០០នាក់ និងករណីឆ្លង២,៥លាននាក់។
គិតត្រឹមថ្ងៃទី១ ខែកក្កដា ករណីឆ្លង COVID-19 សរុបឡើងដល់១០លានករណី និងករណីស្លាប់មាន ៥១៣ ៩១៣នាក់។ ជាមួយករណីឆ្លងនិងស្លាប់មិនថមថយបែបនេះ អង្គការសុខភាពពិភពលោក បានព្រមានថា ជំងឺ COVID-19 នៅផ្លូវវែងឆ្ងាយណាស់ពីការរលាយបាត់ពីភពផែនដី៕
Tag:
EU
សហរដ្ឋអាមេរិក
ចិន
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com