COVID-19
អន្តរជាតិ
EU ព្រម​បើក​ព្រំដែន​ជាមួយ​ប្រទេស​១៥ ក្នុងនោះ​មាន​ចិន តែ​អត់​អាមេរិក​
01, Jul 2020 , 10:13 am        
រូបភាព
ដោយ:
​សហភាព​អឺរ៉ុប (EU) បាន​យល់ព្រម​បើក​ព្រំដែន​ឡើងវិញ​ជាមួយ​ប្រទេស​ចំនួន​១៥ ក្នុងនោះ​មាន​ចិន តែ​គ្មាន​សហរដ្ឋអាមេរិក​។ យ៉ាងណា រដ្ឋាភិបាល​ចិន ត្រូវអនុវត្ត​តាម​លក្ខ​ខណ្ឌ​ជាមួយ EU ។ ចំណែក ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ មានតែ​ប្រទេស ថៃ ប៉ុណ្ណោះ ដែល​ស្ថិតក្នុង​បញ្ជី​ឈ្មោះ​នេះ​។

 
​ជាច្រើន​ថ្ងៃក្រោយ​កិច្ចចរចា​ផ្ទៃក្នុង សមាជិក EU ទាំង​២៧​ប្រទេស បានសម្រេច​បង្កើត​បញ្ជី​ឈ្មោះ​ប្រទេស​ដែល​ស្ថានភាព COVID-19 ពួកគេ ត្រូវបាន​ចាត់ទុកថា​មាន​សុវត្ថិភាព​គ្រប់គ្រាន់​ក្នុងការ​អនុញ្ញាត​ឲ្យ​ប្រជាជន​ពួកគេ​ចូល​ប្លុក​នេះ​បាន​វិញ​។ សេចក្តីសម្រេច​នេះ នឹង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃទី​១ ខែកក្កដា​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប នៅ​ថ្ងៃទី​៣០ ខែមិថុនា​។ 
 
​ក្នុង​បញ្ជី​ចុះផ្សាយ​លើ​វេ​ប​សាយ​ផ្លូវការ​របស់​សហភាព​អឺរ៉ុប ប្រទេស​ទាំងនោះ​មាន អាល់​ហ្សេ​រី អូស្ត្រាលី កាណាដា ជប៉ុន ហ្ស៊​ក​ហ្ស៊ី ម៉ុង​តេ​ណេ​ហ្គ្រោ ម៉ា​រ៉ុ​ក នូ​វែ​ល​សេ​ឡង់ រ​វ៉ាន់ដា ស៊ែ​ប៊ី​(Serbia) កូរ៉េខាងត្បូង ថៃ ទុយ​នី​ស៊ី និង​អ៊ុយ​រូ​ហ្កា​យ ។ ដោយឡែក អ្នកដំណើរ​មកពី​ចិន នឹងត្រូវ​អនុញ្ញាត​ឲ្យ​ចូល​ទឹកដី EU ក្រោម​លក្ខខណ្ឌ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​យល់ព្រម​បើក​ព្រំដែន​ទទួល​ប្រជាជន EU ដូចគ្នា​។​
 
​ការដក​បម្រាម​លើ​ការធ្វើដំណើរ​ឆ្លង​ព្រំដែន​ពី​ខាងក្រៅ​នេះ នឹងត្រូវ​ត្រួតពិនិត្យ​២​សប្តាហ៍​ម្ដង​។ ហើយ​ការអនុម័ត​នេះដែរ មាន​គោលដៅ​ដើម្បី​ជួយសង្គ្រោះ​វិស័យ​ទេសចរណ៍​របស់​ទ្វីប​មួយ​នេះ ដែល​រងគ្រោះ​ខ្លាំង​ដោយ​បម្រាម​លើ​ការធ្វើដំណើរ​មិនចាំបាច់ ដែល​បាន​ដាក់ចេញ​តាំងពី​ពាក់កណ្ដាល​ខែមីនា​មក​។ 
 
​ស្ថានភាព COVID-19 ក្នុង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប គឺមាន​លក្ខណៈ​ល្អប្រសើរ​ច្រើន ហើយ​រដ្ឋាភិបាល​ជាច្រើន​ក្នុង​តំបន់​នេះ ចាប់ផ្ដើម​បន្ធូរបន្ថយ​ការ​រឹតត្បិត COVID-19 ក្នុង​គោលដៅ​ជួយ​ស្រោចស្រង់​សេដ្ឋកិច្ច​ដែល​ប្រឈម​វិបត្តិ​។ 
 
​យ៉ាងណាមិញ សហរដ្ឋអាមេរិក នៅតែ​បន្ត​ជា​ចំណុច​ផ្ទុះ​រាលដាល COVID-19 ខ្លាំង ជាពិសេស​ក្នុង​រដ្ឋ​ភាគខាងត្បូង​និង​ខាងលិច​។ ប្រទេស​នេះ នាំមុខ​ពិភពលោក​ជាមួយ​ករណី​ស្លាប់​១២៦ ០០០​នាក់ និង​ករណី​ឆ្លង​២,៥​លាន​នាក់​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១ ខែកក្កដា ករណី​ឆ្លង COVID-19​ ​សរុប​ឡើងដល់​១០​លាន​ករណី និង​ករណី​ស្លាប់មាន ៥១៣ ៩១៣​នាក់​។ ជាមួយ​ករណី​ឆ្លង​និង​ស្លាប់​មិន​ថមថយ​បែបនេះ អង្គការ​សុខភាព​ពិភពលោក បាន​ព្រមាន​ថា ជំងឺ COVID-19 នៅ​ផ្លូវ​វែងឆ្ងាយ​ណាស់​ពី​ការ​រលាយបាត់​ពី​ភពផែនដី​៕ 
 
 

Tag:
 EU
  សហរដ្ឋអាមេរិក​
  ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com