ជាតិ
សេដ្ឋកិច្ច
កន្លះឆ្នាំកន្លងមកនេះ កម្ពុជានាំចេញអង្ករជិត៤០ម៉ឺនតោន
×
ដោយ៖ ខន ណារី
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសលទ្ធផលពីការនាំចេញអង្ករដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ ដោយរយៈពេល៦ខែដំបូង ឆ្នាំ២០២០ កម្ពុជាសម្រេចបានជិត៤០ម៉ឺនតោន ដោយកើនជាង៤១ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។
ការនាំចេញអង្ករទៅបរទេសនារយៈពេល៦ខែដើមឆ្នាំ២០២០នេះ មានចំនួន ៣៩៧ ៦៦០ តោន ដោយកើនឡើងប្រមាណ ១១៦ ១២២ តោន ស្មើនឹង៤១,២ភាគរយ ខណៈរយៈពេលដូចគ្នាកាលពីឆ្នា២០១៩ មានចំនួន២៨១ ៥៣៨ តោន ។
របាយការណ៍ក្រសួងកសិកម្ម បានបញ្ជាក់ថា ក្រុមហ៊ុន ៥ ក្នុងចំណោម ៦៦ ក្រុមហ៊ុនមានការនាំចេញច្រើនជាងគេ។
សម្រាប់ខែ មិថុនា ឆ្នាំ២០២០ នេះ សម្រេចការនាំចេញអង្ករបាន ចំនួន ៤១ ៥៦៣ តោន កើនឡើងចំនួន ១០ ១៩៧ តោន ស្មើនឹង ៣២,៥១ ភាគរយធៀបទៅនឹងខែឧសភា ឆ្នាំ២០១៩ ដែលក្នុងនោះមាន អង្ករក្រអូបគ្រប់ប្រភេទចំនួន ៤១ ៨៦៤ តោន, អង្ករចម្រុះគ្រប់ប្រភេទចំនួន ៨ ៧៥២ តោន, អង្ករចំហុយចំនួន ៩២៤ តោន និងអង្ករក្រហមចំនួន ២៣ តោន ។
ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ៦ ខែនេះ មានចំនួន ៥៦ ប្រទេសក្នុងនោះ សហភាពអ៊ឺរ៉ុបមានប្រទេសចំនួន២៤ ក្នុងចំណោម ២៨ ប្រទេស, ប្រទេសចិន, ប្រទេសសមាជិកអាស៊ានចំនួន ៦ និងនៅទ្វីបដទៃទៀតចំនួន២៥ ប្រទេស ។
ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ៦ ខែដើមឆ្នាំដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកើនឡើងនៅគ្រប់គោលដៅនាំចេញទាំងអស់ សម្រាប់សហភាពអឺរ៉ុបកើនឡើងចំនួន ៤៥,១៩ភាគរយ ប្រទេសចិនកើនចំនួន ២៥,២០ភាគរយបណ្តាប្រទេសសមាជិកអាស៊ានកើនចំនួន ៤៧,៦៩ភាគរយ និងគោលដៅដ៏ទៃទៀតបានកើនឡើងចំនួន ៧៩,២៦ភាគរយ៕
© រក្សាសិទ្ធិដោយ thmeythmey.com