អន្តរជាតិ
អូស្ត្រាលី ពង្រឹង​យុទ្ធសាស្ត្រ​ការពារជាតិ ស្របពេល​ភាព​តានតឹង​ជាមួយ​ចិន​
01, Jul 2020 , 7:29 pm        
រូបភាព
លោក ស្កុត ម៉ូរីសុន ក្នុងការប្រកាសយុទ្ធសាស្ត្រការពារជាតិ។រូបភាព AP
លោក ស្កុត ម៉ូរីសុន ក្នុងការប្រកាសយុទ្ធសាស្ត្រការពារជាតិ។រូបភាព AP
ដោយ:
​អូស្ត្រាលី នៅ​ថ្ងៃទី​១ ខែកក្កដា​នេះ បានប្រកាស​នូវ​យុទ្ធសាស្ត្រ​ការពារជាតិ​ថ្មី ដោយ​ពង្រឹងសមត្ថភាព​ក្នុងការ​វាយប្រហារ​រយៈ​ចម្ងាយ​ឆ្ងាយ  និង​សមត្ថភាព​វាយលុក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ ការសើរើ និង​ពង្រឹង​យុទ្ធសាស្ត្រ​ការពារជាតិ​របស់​ប្រទេស​មហាអំណាច​កម្រិត​មធ្យ​ម​មួយ​នេះ ធ្វើឡើង​ស្របពេល​មាន​ភាព​តានតឹង​ជាមួយ​ចិន​ដែល​ទាំង​ទ្វេភាគី ទាំង​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​។

 
​លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី ស្កុ​ត ម៉ូ​រី​សុន នៅ​ថ្ងៃទី ខែកក្កដា ថ្លែង​នៅ​ចំពោះមុខ​សិស្ស​នាយទាហាន ក្នុង​បណ្ឌិត្យសភា​កម្លាំង​ការពារ​អូស្ត្រាលី បាន​លើកឡើងថា កងកម្លាំង​ការពារ​អូស្ត្រាលី នឹង​កែប្រែ​ការយកចិត្តទុកដាក់រ​បស់​ខ្លួន ទៅជា​ការបង្ហាញ​អនុភាព​យោធា​នៅក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។ លោក​ម៉ូ​រី​សុន សង្កត់ធ្ងន់ថា​៖« យើង​ត្រូវ​ទទួលស្គាល់​ការពិត ដែល​យើង​បាន​ឈានចូល​សម័យ​កាលដែល​យុទ្ធសាស្ត្រ​ការពារជាតិ​មាន​លក្ខណៈ​ថ្មី និង​លែង​សូវ​ស្លូត​ដូច​មុន​ទៀតហើយ​»​។​
 
​នៅក្នុង​យុទ្ធសាស្ត្រ​ការពារជាតិ​ថ្មី​របស់ខ្លួន  អូស្ត្រាលី​នឹង​ចំណាយ​ទឹកប្រាក់​ប្រមាណ ១៨៥​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​១០​ឆ្នាំ លើ​សមត្ថភាព​ការពារជាតិ​ថ្មី​ឲ្យ​ប្រសើរ​ជាង​មុន​។ ការចំណាយ​នេះ មានការ​កើនឡើង​ចំនួន​៤០​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ចំណាយ​កាលពី​លើក​មុន​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
 
​បន្ថែម​ពីនេះ អូស្ត្រាលី ក៏​ប្តេជ្ញា​ចំណាយ​លើ​វិស័យ​យោធា​ឲ្យ​បាន​២​ភាគរយ នៃ​ផលិតផល​សរុប​ក្នុងស្រុក និង​មាន​គម្រោង​ចំណាយ​៤០​ភាគរយ​បន្ថែម​លើ​ប្រព័ន្ធ​សព្វាវុធ បើ​ធៀប​ទៅនឹង​ចំណាយ​កាលពី​ឆ្នាំ​២០១៦ ក្នុងនោះ​ក៏មាន​ការបំពាក់​សមត្ថ​ភាព​វាយប្រហារ​ចំងាយ​ឆ្ងាយ​ទៅកាន់​ទីតាំង​រាប់ពាន់​គីឡូម៉ែត្រ​ពី​ទឹកដី​អូស្ត្រាលី​។​
 
​យុទ្ធសាស្ត្រ​ការពារជាតិ​ថ្មី​នេះ ក៏​បង្ហាញ​ផងដែរ​ថា អូស្ត្រាលី​នឹង​វិនិយោគ​លើ​យន្តហោះ​គ្មាន​មនុស្ស​បើក ការស្រាវជ្រាវ​លើ​បច្ចេកវិទ្យា​លឿន​ជាង​សម្លេង និង​អាវុធ​ឡាស៊ែរ​ជាដើម​។ បន្ថែម​ពីនេះ អូស្ត្រាលី ក៏​វិនិយោគ​បន្ថែម​ក្នុង​វិស័យ​លំហ រួមមាន​ប្រព័ន្ធ​ផ្កាយរណប​សម្រាប់​ប្រើប្រាស់​ជា​បណ្តាញ​ទំនាក់ទំនង​ផ្ទាល់ខ្លួន​ផងដែរ​។​
 
​លោក ម៉ូ​រី​សុន បញ្ជាក់​ផងដែរ​ថា សន្តិសុខ​អ៊ីនធឺណិត គឺជា​គន្លឹះ​នៃ​យុទ្ធសាស្ត្រ​ការពារជាតិ​អូស្ត្រាលី​។ លោក​បន្ថែមថា វិស័យនេះ​នឹង​ទទួលបាន​ទឹកប្រាក់​១០​ភាគរយ​នៃ​កញ្ចប់​ថវិកា ឬ​ប្រមាណ ១០​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​១០​ឆ្នាំ​ទៅមុខ​។ ការពង្រឹង​វិស័យ​អ៊ីនធឺណិត​នេះ ធ្វើឡើង​បន្ទាប់ពី​អូស្ត្រាលី​រង​ការវាយប្រហារ​អ៊ី​ន​ធើ​ណែ​ត ពី​ក្រុម​ដែល​ទទួលបាន​ការគាំទ្រ​ពីរ​ដ្ឋ ហើយ​អូស្ត្រាលី​បានដាក់​ការសង្ស័យថា​ការវាយប្រហារ​នេះ​ធ្វើឡើង​ដោយ​ប្រទេស​ចិន​។​
 
​ក្នុង​រយៈពេល​ថ្មីៗ​នេះ អូស្ត្រាលី និង​ចិន បាន​ប៉ះទង្គិច​គ្នា​ពាក្យសម្ដី​គ្នា បន្ទាប់ពី​អូស្ត្រាលី​ទាមទារ​ឲ្យ​អង្គការ​សុខភាព​ពិភពលោក​ស៊ើបអង្កេត​ពី​ដើមកំណើត​នៃ​ជំងឺ​រាតត្បាត​សកល​COVID-19​។ មិនតែប៉ុណ្ណោះ អូស្ត្រាលី​បានចាត់ទុក​ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei ជា​ឧបករណ៍​ក្នុងការ​ទាញយក​ព័ត៌មាន​សម្ងាត់​ទៅទៀត​។ ជាការ​ឆ្លើយតប ចិន​បាន​ព្រមាន​មិន​ឲ្យ​សិស្ស និង អ្នកទេសចរ​ខ្លួន​ទៅ​អូស្ត្រាលី ដាក់ទណ្ឌកម្ម​ពាណិជ្ជកម្ម​លើ​ទំនិញ​អូស្ត្រាលី និង​កាត់ទោស​ប្រហារជីវិត​ជនជាតិ​អូស្ត្រាលី​ម្នាក់​ក្នុង​រឿង​ជួញដូរ​គ្រឿងញៀន​៕
 
 
 

Tag:
 អូស្ត្រាលី​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com