អន្តរជាតិ
លោក ត្រាំ ឯកភាព​លើ​ការដក​ទ័ព​៩៥០០​នាក់​ពី​អាល្លឺម៉ង់​
01, Jul 2020 , 3:00 pm        
រូបភាព
លោកស្រីអធិការបតីអាល្លឺម៉ង អែនជែឡា មើគែល និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងជំនួបNATO នៅទីក្រុងឡុងដ៏ឆ្នាំ២០១៩។ រូបភាពAFP
លោកស្រីអធិការបតីអាល្លឺម៉ង អែនជែឡា មើគែល និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងជំនួបNATO នៅទីក្រុងឡុងដ៏ឆ្នាំ២០១៩។ រូបភាពAFP
ដោយ:
​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ  បានសម្រេច​អនុម័ត​គម្រោង​កាត់កង​ទ័ព​៩​ពាន់​៥​រយ​នាក់​ចេញពី​អាល្លឺម៉ង់​។ នេះ​បើតាម​ការប្រកាស​របស់​ក្រសួងការពារជាតិ​អាមេរិក​នៅ​ថ្ងៃទី ៣០ ខែមិថុនា​។ ការ​កាត់​កងទ័ព​នេះ​បណ្តាល​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​សំណាក់​ប្រទេស​អាល្លឺម៉ង និង​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​NATO ឯទៀត នៅពេលដែល​ការប្រឈមមុខ​ជាមួយ​រុស្ស៊ី​នៅ​តំបន់​ខាងកើត​អឺរ៉ុប​កាន់តែ​កើនឡើង​នោះ​។​

 
​គម្រោង​ដកទ័ព​អាមេរិក​ពី​អាល្លឺម៉ង់ ដែល​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​សន្តិសុខ​ពី​បណ្តា​សម្ព័ន្ធមិត្ត NATO និង​គោលនយោបាយ​ការបរទេស​ពី​សំណាក់​តំណាងរាស្ត្រ​អាមេរិក​ទាំងពីរ​បក្ស បាន​ឆ្លង​ផុត​មួយ​ដំណាក់កាល​ទៀត​។ មន្ទីរ​បញ្ច​កោណ ប្រកាសថា លោក ត្រាំ បាន​ឯកភាព​ចំនួន​ទ័ព​៩៥០០​នាក់​ដែល​ត្រូវ​ដក​ពី​បន្ទាយ​នៅ​អាល្លឺម៉ង់​។ 
 
​លោក Jonathan Hoffman អ្នកនាំពាក្យ​មន្ទីរ​បញ្ជ​កោណ​អាមេរិក បាន​លើកឡើងថា​៖ «​ការដក​ទ័ព​នេះ គឺ​ដើម្បី​ពង្រាយ​កងទ័ព​ឡើងវិញ បង្កើន​ការ​គំរាម​ប្រឆាំង​រុស្ស៊ី ពង្រឹង NATO និង​ការធានា​ចំពោះ​សម្ព័ន្ធមិត្ត ក៏ដូចជា​កែលម្អ​ភាពបត់បែន​នៃ​យុទ្ធសាស្ត្រ​អាមេរិក​»​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ការ​ដកទ័ព​អាមេរិក​លើក​នេះ នឹង​កាត់បន្ថយ​ចំនួន​ពី ៣​ម៉ឺន​៤​ពាន់​៥​រយ​នាក់ មក​ត្រឹម​២​ម៉ឺន​៥​ពាន់​នាក់​។ 
 
​ទោះជា​យ៉ាងណាក្តី លោក Hoffman មិនបាន​ប្រាប់​ពី​គម្រោង​លម្អិត​ថា កងទ័ព នឹងត្រូវ​ដកចេញ​នៅពេលណា ឫ បង្វែរ​ទៅ​ប្រទេស​NATO​ផ្សេង​ទៀតឡើយ​។ ប៉ុន្តែ​មន្ត្រី​មន្ទីរ​បញ្ជ​កោណ​ម្នាក់​បាន​លើកឡើងថា បើសិនជា​ការដក​កង​ទ័ព​កើតឡើង​មែន កងទ័ព​មួយចំនួន​នឹងត្រូវ​ដាក់ពង្រាយ​ទៅ​ប្រទេស​អឺរ៉ុប​ខាងកើត​។ ដោយ​ក្នុងនោះ​មាន​មួយចំនួន​នឹងត្រូវ​ដាក់ពង្រាយ​ជា​អចិន្ត្រៃយ៍ និង​មួយចំនួនទៀត​ក្នុង​រយៈពេល​ខ្លី​ដើម្បី​ផ្ញើ​សារ​ទៅ​រុស្ស៊ី​។​
 
​លោក Hoffman ក៏បាន​បន្ថែម​ផងដែរ​ថា គម្រោង​ដក​កងទ័ព​នេះ​នឹងត្រូវ​ជូនដំណឹង​ប​ទៅកាន់​សភា នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ ហើយ​អាមេរិក​ក៏​នឹង​ពិគ្រោះ​យោបល់​ជាមួយ​អង្គការ NATO ជា​បណ្តើរៗ​ពាក់ព័ន្ធ​បញ្ហា​នេះ​។​
 
​សូមបញ្ជាក់ថា  ក្នុងជំនួប​ជាមួយ​លោក​ប្រធានាធិបតី​ប៉ូឡូញ Andrzej Duda កាលពី​ថ្ងៃទី​២៤ ខែមិថុនា លោក​ត្រាំ​បាន​និយាយថា កងទ័ព​អាមេរិក​មួយចំនួន​នឹងត្រូវ​បញ្ជូនទៅ​ប៉ូឡូញ​។ នៅពេល​និយាយ​ដល់​ការ​ដកទ័ព លោក​ត្រាំ​បាន​និយាយថា​៖« មួយចំនួន នឹង​មក​ផ្ទះ ឯ​មួយចំនួនទៀត​នឹង​ទៅ​កន្លែង​ផ្សេង​។ ប៉ូឡូញ នឹង​ក្លាយជា​កន្លែង​មួយ​ក្នុងចំណោម​កន្លែង​ទាំងនោះ​»​។ ប្រធានាធិបតី​ប៉ូឡូញ ក៏បាន​ប្រា​ប់លោក ត្រាំ វិញ​ដែរ​ថា​ការ ដក​កងទ័ព​អាមេរិក​ចេញពី​អឺរ៉ុប នឹងធ្វើ​ឲ្យ​ប៉ះពាល់​សន្តិសុខ​តំបន់​នេះ​។​
 
​គម្រោង​ដក​កងទ័ព​ពី​អាល្លឺម៉ង់​របស់លោក​ត្រាំ ចាប់ផ្តើម​លេចចេញ​ជា​រូបរាង​ឡើង​កាលពីដើម​ខែមិថុនា ដោយសារតែ​លោក​មិន​សប្បាយចិត្ត​ជាមួយនឹង​អាល្លឺម៉ង់​ទាក់ទង​ទៅនឹង​ជំនួញ​ទ្វេភាគី ក៏ដូចជា​ការចាយវាយ​តិច​របស់​អាល្លឺម៉ង់​ក្នុង​NATO ។​
 
​អាមេរិក មាន​វត្តមាន​កងទ័ព​នៅ​អាល្លឺម៉ង់​តាំងតែ​ពី​ចប់​សង្គ្រាមលោកលើកទី​២​។ ក្នុងអំឡុង​សង្គ្រាមត្រជាក់ អាមេរិក​មាន​កងទ័ព​របស់ខ្លួន​ដល់​ទៅ​២​សែន​នាក់​ក្នុងប្រទេស​អាល្លឺម៉ង់ ដើម្បី​ទប់ទល់​នឹង​គំរាមកំហែង​សន្តិសុខ​ពី​សហភាពសូវៀត​។ ក្រោយ​សង្គ្រាមត្រជាក់​បាន​ផុតរលត់​ទៅ អាមេរិក​បាន​កាត់បន្ថយ​កងទ័ព​ពី​អាល្លឺម៉ង់ ក៏ដូចជា​អឺរ៉ុប​ទាំងមូល ប៉ុន្តែ​ការព្រួយបារម្ភ​សន្តិសុខ​ពី​បណ្តា​ប្រទេស NATO កើតមានឡើង​សារជាថ្មី ក្រោយពេល​រុស្ស៊ី​ផ្តាច់​យក​ទឹកដី​កោះ​គ្រី​មៀ របស់​អ៊ុយ​ក្រែ​ន​នៅ​ឆ្នាំ​២០១៤៕
 
 

Tag:
 អាមេរិក​
  អាល្លឺម៉ង់​
  NATO
© រក្សាសិទ្ធិដោយ thmeythmey.com