សង្គមអន្តរជាតិ​
អន្តរជាតិ
ទីក្រុង​ប៉េកាំង វាយបក​លើ​ការរិះគន់​របស់​បរទេស​ជុំវិញ​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​
01, Jul 2020 , 9:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃទី​១ ខែកក្កដា បាន​វាយបក​ទៅលើ​ការរិះគន់​មួយចំនួន ជុំវិញ​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ដែល​គណៈអចិន្ត្រៃយ៍​សភា​ប្រជាជន​ចិន បានអនុម័ត​នៅ​ថ្ងៃទី​៣០ ខែមិថុនា និង​ចូល​ជាធរ​មាននៅ​ម៉ោង​១១​យប់​។ ទាក់ទិន​នឹង​បញ្ហា​នេះ មន្ត្រី​ប៉េកាំង​បាន​ប្រាប់​ប្រទេស​ទាំងនោះ​ថា កុំ​ឲ្យ​ចេះដឹង​រឿង​ចិន​។

 
​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ត្រូវបាន​អឺរ៉ុប អាមេរិក និង​តៃវ៉ាន់ រិះគន់​យ៉ាងខ្លាំង​ថា បាន​ដកហូត​សិទ្ធិសេរីភាព​ប្រជាជន​ហុងកុង ក៏ដូចជា​បំផ្លាញ​គោលការណ៍ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​ជាដើម​»​។ ព្រោះ​បញ្ហា​នេះ បានធ្វើ​ឲ្យ​ប្រទេសមួយ​ចំនួន​ដូចជា​អាមេរិក​ជាដើម បាន​រឹតត្បិត​លើ​ទិដ្ឋាការ​សមាជិក​បក្ស​កុម្មុយនីស្ត​ចិន​មួយចំនួន ចំណែក​តៃវ៉ាន់​វិញ បាន​បង្កើត​ការិយាល័យ​មួយ ដើម្បី​ជួយ​ជា​ជំនួយ​ដល់​ប្រជាជន​ហុងកុង​មួយចំនួន ដែល​ចង់​ចាក​ចេញពី​ទីក្រុង​ហុងកុង​។ 
 
​ទាក់ទិន​នឹង​បញ្ហា​នេះ លោក Zhang Xiaoming នាយករង​នៃ​ការិយាល័យ​កិច្ចការ​ទីក្រុង​ម៉ា​កាវ និង​ហុងកុង​របស់​រដ្ឋាភិបាល​ចិន បាន​ប្រតិកម្ម​ខ្លាំង​នឹង​ការរិះគន់​របស់​បរទេស​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​១ ខែកក្កដា លោក Zhang បាន​លើក​ជា​សំណួរ​ថា​៖ «​តើ​ច្បាប់​នេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ឬ​យ៉ាងណា​?» ។ ដោយ​សំដៅ​ដល់​ប្រទេស​រិះគន់​មួយចំនួន នាយករង​នៃ​ការិយាល័យ​កិច្ចការ​ទីក្រុង​ម៉ា​កាវ និង​ហុងកុង​រូបនេះ បាន​បន្ថែមទៀតថា​៖ « វា​មិនមែនជា​រឿង​របស់​អ្នក​ទេ​»​។ 
 
​ជាមួយគ្នានេះ លោក​Zhang បាន​បន្តថា ច្បាប់​សន្តិសុខ​ជាតិ មិនមែន​ធ្វើឡើង​តែ​ទីក្រុង​ប៉េកាំង​ដោយ​ឯកតោភាគី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​ការពិភាក្សា​ជាមួយ​អ្នកតំណាង​មកពី​ទីក្រុង​ហុងកុង​ផងដែរ​។ មន្ត្រី​រូបនេះ លើកឡើងថា បើ​គ្រាន់តែ​ចង់យក​ហុងកុង​មក​គ្រប់គ្រង​វិញ ប៉េកាំង​មិនបាច់​ចំណាយពេល​សរសេរ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​សម្រាប់​ហុងកុង​តែមួយ​ឡើយ គឺអាច​យក​ច្បាប់​មាន​ស្រាប់​ដូចជា​ច្បាប់ព្រហ្មទណ្ឌ នីតិវិធី​ព្រហ្មទណ្ឌ និង​ច្បាប់​ជាតិ​ផ្សេងទៀត ទៅ​អនុវត្ត​ជាការ​ស្រេច​។ 
 
​ក្រៅពី​ការលើកឡើង​បែបនេះ លោក​Zhang ក៏បាន​រិះគន់​លើ​ប្រទេស​មួយចំនួន ដែល​ព្រមាន​ពី​ការដាក់ទណ្ឌកម្ម​មកលើ​មន្ត្រី​ចិន​ដែរ ដោយ​លោក​បានចាត់ទុក​ប្រទេស​ទាំងនោះ​ដូចជា​ប្រទេស​ខូច​។ ការលើកឡើង​បែបនេះ នាយករង​នៃ​ការិយាល័យ​កិច្ចការ​ទីក្រុង​ម៉ា​កាវ និង​ហុងកុង​ទំនងជា​ចង់​សំដៅ​ដល់​អាមេរិក ដែល​បាន​រឹតត្បិត​ទិដ្ឋាការ​លើ​សមាជិក​បក្សកុម្មុយនិស្ត​ចិន និង​បញ្ចប់​ការនាំចេញ​សម្ភារ​ការពារ និង​បច្ចេកវិទ្យា​ដែល​អាច​ប្រើ​បាន​ទាំង​ក្នុង​សង្គ្រាម ឬ​កិច្ចការ​ស៊ីវិល ដូចជា​ដ្រូ​ន​មក​ទីក្រុង​ហុងកុង​ជាដើម​។ 
 
​ក្នុង​ថ្ងៃ​ដដែល​នេះ លោកស្រី​ប្រធាន​ប្រតិបត្តិ​ទីក្រុង​ហុងកុង ការី ឡាំ បាន​បញ្ជាក់ថា ការអនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង គឺជា​ការអភិវឌ្ឍ​យ៉ាងសំខាន់​រវាង​ទំនាក់ទំនង​ទីក្រុង​ប៉េកាំង និង​ហុងកុង ចាប់តាំងពី​អង់គ្លេស​ប្រគល់​ឲ្យ​។ បើតាម​លោកស្រី​ប្រធាន​ប្រតិបត្តិ ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង គឺ​សំខាន់​ណាស់ ដើម្បី​ស្តារ​ស្ថិរភាព​នៅក្នុង​ទីក្រុង​។ យ៉ាងណាក៏ដោយ លោកស្រី​បន្តថា ច្បាប់​សន្តិសុខ​នេះ នឹង​ផ្តោត​តែ​ទៅលើ​មនុស្ស​តែមួយ​ក្រុម​តូច​ប៉ុណ្ណោះ ដែល​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​ហុងកុង​៕

Tag:
 ចិន​
  ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com