កម្ពុជា ប្រាប់​អាស៊ាន​និង​អូស្ត្រាលី ឲ្យ​រក្សា​ការ​ប្រយ័ត្ន​នឹង​រលក​ទី​ពីរ​នៃ​ជំងឺ​កូ​វីដ​-១៩
COVID-19
ជាតិ
កម្ពុជា ប្រាប់​អាស៊ាន​និង​អូស្ត្រាលី ឲ្យ​រក្សា​ការ​ប្រយ័ត្ន​នឹង​រលក​ទី​ពីរ​នៃ​ជំងឺ​កូ​វីដ​-១៩
01, Jul 2020 , 8:29 pm        
រូបភាព
លោក ប្រាក់ សុខុន ស្ថិតក្នុងកិច្ចប្រជុំ តាម Video Conference ជាមួយរដ្ឋមន្រ្តីការបរទេសក្នុងតំបន់អាស៊ាននិងរដ្ឋមន្រ្តីការបរទេសអូស្រ្តី ស្តីពីការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ (រូបពីក្រសួងការបរទេស)
លោក ប្រាក់ សុខុន ស្ថិតក្នុងកិច្ចប្រជុំ តាម Video Conference ជាមួយរដ្ឋមន្រ្តីការបរទេសក្នុងតំបន់អាស៊ាននិងរដ្ឋមន្រ្តីការបរទេសអូស្រ្តី ស្តីពីការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ (រូបពីក្រសួងការបរទេស)
ដោយ: ថ្មីៗ
​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា ថ្លែងថា គ្រប់​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​អូស្ត្រាលី ត្រូវ​រក្សា​ការប្រុងប្រយ័ត្ន​ជានិច្ច ចំពោះ​រលក​ទី​ពីរ​នៃ​ជំងឺ​កូ​វីដ​-១៩ ខណៈ​ប្រទេស​ទាំងឡាយ ចាប់ផ្តើម​បង្ហាញផ្លូវ​រៀងខ្លួន ដើម្បី​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​ចំពោះ​ជំងឺ​រាតត្បាត​នេះ​។ លោក ថ្លែង​សារ​នេះ នៅក្នុង​កិច្ចប្រជុំ​ពិសេស​នៃ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​និង​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី តាមរយៈ​ការតភ្ជាប់​ប្រព័ន្ធ​វីដេអូ (Video Conference) ស្តីពី​ការរួម​គ្នា​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃ​ទៅ​៣០ ខែមិថុនា ឆ្នាំ​២០២០​។


​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ បាន​សរសេរ​ពី​ប្រសាសន៍​របស់លោក ប្រាក់ សុខុន យ៉ាង​ដូច្នេះ​ថា​៖«​យើងទាំងអស់គ្នា ត្រូវ​បន្ត​កិច្ចប្រឹងប្រែង​បន្ថែមទៀត ដើម្បី​កម្ចាត់​ជំងឺ​រាតត្បាត​នេះ លើ​គ្រប់ផ្នែក​ទាំងអស់ ស្របតាម​ការប្តេជ្ញាចិត្ត​រួមគ្នា នៅ​មហាសន្និបាត​សុខភាព​ពិភពលោក​លើក​ទី​៧៣»​។ 
 
​ជាមួយគ្នានេះ ប្រមុខ​ការទូត​កម្ពុជា ជំរុញ​ឲ្យ​អាស៊ាន​និង​អូស្ត្រាលី សហការគ្នា​នៅ​គ្រប់​កម្រិត លើ​ការធ្វើ​តេស្ត ការបង្កើន​ផលិតកម្ម​ឱសថ និង វ៉ាក់សាំង​ការពារ សម្រាប​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ប្រកបដោយ​គុណភាព សុវត្ថិភាព និង មានតម្លៃ​សមរម្យ ដែល​ប្រជាពលរដ្ឋ មាន​តម្រូវការ អាច​ទទួលបាន​ទាន់ពេលវេលា​។ 
 
​លោក វាយតម្លៃថា អាស៊ាន បានធ្វើ​កិច្ចការ​យ៉ាងសកម្ម ក្នុងការ​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​-១៩​។ សម្រាប់​លោក ដំណោះស្រាយ​ប្រកបដោយ​ភាព​សកម្ម​របស់​អាស៊ាន គឺជា​សារ​មួយ ដែល​បង្ហាញថា ក្នុងពេល​មាន​វិបត្តិ សហគមន៍​អន្តរជាតិ ចាំបាច់​ត្រូវ​បង្កើន​ការសម្របសម្រួលនិង​ការឆ្លើយតប​រួមគ្នា ក៏ដូចជា សាមគ្គី​ភាពជា​អន្តរជាតិ​។​
 
​ក្នុង​កិច្ចប្រជុំ​នោះ លោក​រដ្ឋមន្ត្រី ឆ្លៀត​អរគុណ​អូស្ត្រាលី ដែល​បានផ្តល់​ការគាំទ្រ​និង​ជំនួយ​ថវិកា ដល់​កម្ពុជា ដើម្បី​ពង្រឹង​ប្រព័ន្ធ​សុខភាព​សាធារណៈ ក្នុងអំឡុង​ជំងឺ​កូ​វីដ​-១៩​។ 
 
​កិច្ចប្រជុំ ក៏បាន​ពិភាក្សា​ពី​ទិសដៅ​អនាគត​នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​អូស្ត្រាលី​ផងដែរ សម្រាប់​ដំណាក់កាល​នៅក្រោយ​ជំងឺ​កូ​វីដ​-១៩ ត្រូវ​បញ្ចប់​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២០ អូស្ត្រាលី មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ជិត​៨​ពាន់​នាក់ ជាសះស្បើយ​ជាង​៧​ពាន់​នាក់ ស្លាប់​ជាង​១​រយ​នាក់​។ ចំណែក​នៅ​តំបន់​អាស៊ាន ឥណ្ឌូណេស៊ី មាន​អ្នក​ឆ្លង​ច្រើនជាងគេ ដែលមាន​ជាង​៥,៦​ម៉ឺ​នាក់ បន្ទាប់មក គឺ​សិង្ហ​បុរី ដែលមាន​ជាង​៤,៣​ម៉ឺន​នាក់ ហើយ​ឡាវ មាន​អ្នក​ឆ្លង​តិចជាងគេ គឺមាន​១៩​នាក់ និង​បានជា​សះស្បើយ​ទាំង​១៩​នាក់​វិញ​។ 
 
​រីឯ ប្រទេស​ក្នុង​តំបន់​អាស៊ាន ដែលមាន​អ្នក​ឆ្លង​តិចជាងគេ បន្ទាប់ពី​ឡាវ គឺ កម្ពុជា និង ប្រុយ​ណេ​។ ត្រឹម​ថ្ងៃទី​១ ខែកក្កដា ប្រទេស​ទាំង​២​នេះ  មាន​អ្នក​ឆ្លង​១៤១​នាក់​ដូចគ្នា តែ​កម្ពុជា មាន​អ្នកជា​សះស្បើយ​១៣១​នាក់ ដោយ​គ្មាន​អ្នកស្លាប់ ឯ​ប្រុយ​ណេ មាន​អ្នកជា​សះស្បើយ​១៣៨​នាក់ ស្លាប់​៣​នាក់​។ 
 
​នៅលើ​ពិភពលោក មាន​មនុស្ស​ជាង​១០​លាន​៦​សែន​នាក់​ហើយ ដែល​ឆ្លង​កូ​វីដ​-១៩ ដោយ​អាមេរិក មាន​ច្រើនជាងគេ​៕  
 

Tag:
 ប្រាក់ សុខុន​
  កម្ពុជា​
  អាស៊ាន​
  អូស្ត្រាលី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com