អន្តរជាតិ
រដ្ឋមន្ត្រី​អប់រំ​ប្រេ​ស៊ី​ល លាលែង​តំណែង​ដោយសារ​បោកប្រាស់​រឿង​ប្រវត្តិ​សិក្សា​
01, Jul 2020 , 3:59 pm        
រូបភាព
លោក Carlos Alberto Decotelli រដ្ឋមន្ត្រីអប់រំប្រេស៊ីល ទើបអស់តំណែងព្រោះរឿងអាស្រូវ (AFP)
លោក Carlos Alberto Decotelli រដ្ឋមន្ត្រីអប់រំប្រេស៊ីល ទើបអស់តំណែងព្រោះរឿងអាស្រូវ (AFP)
ដោយ:
​រដ្ឋមន្ត្រី​អប់រំ​ប្រេ​ស៊ី​ល Carlos Alberto Decotelli បាន​ចុះ​ចេញពី​តំណែង​នៅ​ថ្ងៃទី​៣០ ខែមិថុនា ពោលគឺ​៥​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​លោក​ត្រូវបានតែងតាំង​ឲ្យ​កាន់តំណែង​នេះ​។ ការ​របូត​តំណែង​នេះ​កើតឡើង​ក្រោយ​មានការ​ចោទប្រកាន់ថា លោក​បាន​បោកប្រាស់​រឿង​ប្រវត្តិ​សិក្សា​។

 
​លោក Carlos Alberto Decotelli គឺជា​ជន​ស្បែក​ខ្មៅ​ទី​១ ដែល​ត្រូវបានតែងតាំង​ក្នុង​រដ្ឋាភិបាល​ស្ដាំនិយម​ជ្រុល​របស់​ប្រធាន​ធិបតី Jair Bolsonaro ។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ដោយ​ដកស្រង់​សម្តី​របស់​អ្នកនាំពាក្យ​ម្នាក់ លោក Decotelli បានប្រគល់​លិខិត​លាលែង​តំណែង​ដោយផ្ទាល់​ឲ្យ​លោក Bolsonaro ក្នុង​ការិយាល័យ​ប្រធានាធិបតី​។​
 
​ប្រធានាធិបតី Bolsonaro បានតែងតាំង​លោក Decotelli កាលពី​សប្តាហ៍​មុន ដើម្បី​ដាក់ជំនួស​លោក Abraham Weintraub ដែល​បាន​ចុះ​ចេញពី​តំណែង​កាលពី​ពាក់កណ្ដាល់​ខែមិថុនា ក្រោយ​រង​ព្យុះ​រិះគន់​ពាក់ព័ន្ធ​រឿង​និយាយ​បែប​រើសអើង​ពូជសាសន៍​លើ​បណ្ដាញ​សង្គម Twitter​។​
 
​និយាយ​ដល់​រឿងអាស្រូវ​របស់​រដ្ឋមន្ត្រី​អប់រំ​ប្រេ​ស៊ី​ល ដែល​ទើប​អស់តំណែង​ថ្មីៗ​នេះ លោក Decotelli បាន​អះអាងថា លោក​មាន​សញ្ញាប័ត្រ​ថ្នាក់អនុបណ្ឌិត​ពី​វិទ្យាស្ថាន​អប់រំ​ឧ​ត្ត​មសិ​ក្សា Getulio Vargas Foundation សញ្ញាប័ត្រ​ថ្នាក់បណ្ឌិត​ពី​សកល​វិទ្យាល័យ Rosario របស់​អា​ហ្ស​ង់​ទីន និង​សញ្ញាប័ត្រ​ថ្នាក់​ក្រោយ​បណ្ឌិត​ពីស​កល​វិទ្យាល័យ Wuppertal របស់​អាល្លឺម៉ង់​។ 
 
​យ៉ាងណាមិញ ការអះអាង​ទាំងនេះ ត្រូវបាន​ស្ថិតក្រោម​ការត្រួតពិនិត្យ​ឡើងវិញ បន្ទាប់ពី​ការតែងតាំង​របស់លោក​ជា​រដ្ឋមន្ត្រី​អប់រំ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រេ​ស៊ី​ល​ធំៗ​ខ្លះ ក៏​ថែម​បាន​ទាំង​ហៅ​លោក​ទុក​មុន​ថា «​អនាគត​អតីតរដ្ឋមន្ត្រី​» ថែម​ទៀតផង​។ 
 
​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន នាយក​សកល​វិទ្យាល័យ Rosario បាន​និយាយថា លោក Decotelli ពុំ​រៀន​ចប់​ថ្នាក់បណ្ឌិត​នៅ​សាលា​ខ្លួន​ឡើយ ហើយ​បុគ្គល​រូបនេះ​ពុំ​ធ្លាប់​ការពារ​និក្ខេប​ទ​លោក​នោះទេ​។ ចំណែក​សាកលវិទ្យាល័យ Wuppertal ក៏បាន​អះអាង​ផងដែរ​ថា លោក Decotelli ពុំបាន​រៀន​ចប់​នៅ​សាលា​ពួកគេ​ឡើយ ។ 
 
​បន្ថែម​ពី​រឿងអាស្រូវ​នេះ លោក Decotelli ក៏​រង​បទចោទប្រកាន់​លួច​ចម្លង​ស្នាដៃ​អត្ថបទ​ស្រាវជ្រាវ​របស់គេ​អំឡុង​ការសិក្សា​លោក​ក្នុងប្រទេស​ប្រេ​ស៊ី​ល​ផងដែរ​។ សកល​វិទ្យាល័យ​ប្រេ​ស៊ី​ល​មួយ​ដែល​ស្ថិតក្នុង​រឿងអាស្រូវ​នេះ បានបញ្ជាក់​នៅ​ថ្ងៃទី​៣០ ខែមិថុនា​ថា លោក​រដ្ឋមន្ត្រី​រូបនេះ ពុំ​ធ្លាប់​ធ្វើជា​សាស្ត្រាចារ្យ​នៅ​សាលា​ពួកគេ​ចន្លោះ​ឆ្នាំ​២០១៦-២០១៨ ដូច​អ្វីដែល​លោក​សរសេរ​ក្នុង​ប្រវត្តិរូប​សង្ខេប (CV) លោក​ឡើយ​៕
 
 

Tag:
 ប្រេ​ស៊ី​ល​
  Carlos Alberto Decotelli
© រក្សាសិទ្ធិដោយ thmeythmey.com