ជាតិ
សភា​ពាណិជ្ជ​អឺរ៉ុប និង​GMAC ទទូច​ឱ្យ​EU ពន្យារពេល​ដក​EBA ខណៈ​រដ្ឋ រឹងត្អឹង​មិន​សុំ​ការអនុគ្រោះ​ពី​EU
01, Jul 2020 , 9:59 pm        
រូបភាព
កម្មករនៅក្នុងរោងចក្រកំពុងរៀនជំនាញទន់ (រូបពីក្រសួងការងារ)
កម្មករនៅក្នុងរោងចក្រកំពុងរៀនជំនាញទន់ (រូបពីក្រសួងការងារ)
​ភ្នំពេញ​៖ ស្ថាប័ន​៣ បានចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​ម្ដងទៀត ដោយ​ទទូច​ឱ្យ​សហភាព​អឺរ៉ុប ពន្យារពេល​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​(EBA)​ពី​កម្ពុជា ដែល​គ្រោង​នឹង​អនុវត្ត​នៅ​ខែសីហា ឆ្នាំ​២០២០​ខាងមុខ​។ ទាំង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC) សមាគម​ស្បែកជើង​កម្ពុជា​(CFA) និង​សភាពាណិជ្ជកម្ម​អឺរ៉ុប​(EUROCHAM) សុទ្ធតែ​យល់ឃើញថា សហភាព​អឺរ៉ុប​មិនគួរ​ដក​EBA  ស្រប​ពេលដែល​កម្ពុជា កំពុង​រង​ផលប៉ះពាល់​ដោយសារ​បញ្ហា​កូ​វីដ​-១៩ នោះទេ​។​


​សេចក្តីថ្លែងការណ៍​រួមគ្នា​នេះ បាន​បញ្ជាក់ថា កម្មករ​ប្រមាណ​១៥​ម៉ឺន​នាក់ ដែល​ក្នុងនោះ​ភាគច្រើន​ស្រី្ត កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ជីវភាព ក្រោយ​រោងចក្រ​ប្រមាណ​៤០០ បាន​ព្យួរការងារ ដោយសារ​វិបត្តិ​កូ​វីដ​-១៩ ដូច្នេះ​ការអនុវត្ត​នីតិ​វិធីដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ខាងមុខនេះ នឹង​ធ្វើឱ្យ​កម្ពុជា កាន់តែ​ប្រឈមមុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​។​
 
​ត្រង់ចំណុច​នេះ​អគ្គលេខាធិការ​សមាគម​ស្បែកជើង​កម្ពុជា​លោក បេន កៅ បាន​សង្កត់ធ្ងន់ថា មានតែ​EBA​ទេ ដែល​ជួយ​ឱ្យ​កម្ពុជា មាន​ទីផ្សារ​នាំចូល​ទៅ​អឺរ៉ុប​ធំជាងគេ ជាពិសេស​ជួយ​ទ្រទ្រង់​ដល់​បណ្ដា​រោងចក្រ និង​កម្មករ​ឱ្យ​ងើបឡើង​វិញ​។ 
 
​លោក បេន កៅ បានបញ្ជាក់​ដូច្នេះ​ថា​៖ «​រោងចក្រ​និង​កម្មករ​របស់​យើង​បាន​រងគ្រោះ​យ៉ាងខ្លាំង​ពី​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ហើយ​កម្មករ​ជាច្រើន​នាក់ កំពុង​ព្យាយាម​រស់​រហូត​ទាល់​តែមាន​តម្រូវការ​ផលិតផល​នេះ​ឡើងវិញ ដោយ​សង្ឃឹមថា​នឹងមាន​ដំណើរ​ល្អ​នៅក្រោយ​ឆ្នាំ​២០២០​។ ការបំផ្លាញ​លើក​ទី​២ គឺ​ការដក​អត្ថប្រយោជន៍ EBA អាចជា​ការវាយប្រហារ​ទី​ពីរ ដែល​រោងចក្រ​ភាគច្រើន​នឹងមិន​ឈរជើង​បាន​»​។​
 
​ទាំង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC) សមាគម​ស្បែកជើង​កម្ពុជា​(CFA) និង​សភាពាណិជ្ជកម្ម​អឺរ៉ុប​(EUROCHAM) បានស្នើ​យ៉ាងទទូច​ឱ្យ​សហភាព​អឺរ៉ុប ពន្យា​ពេល​ដក​EBA ក្រោម​ហេតុផល​ប៉ះពាល់​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​នេះ​។ ពួកគេ សង្ឃឹមថា គណៈកម្មការ​អឺរ៉ុប​នឹង​ពិចារណា​ឡើងវិញ ចំពោះ​ការដក​EBA នៅ​ខែសីហា​ខាងមុខ ដោយ​លើក​ទៅ​អនុវត្ត​នៅ​ឆ្នាំក្រោយ​វិញ​។ អឺរ៉ុប គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​កម្ពុជា​។​
 
​ក្រសួងពាណិជ្ជកម្ម មិនបាន​ដាក់​លិខិត​ទៅ​គណៈកម្មការ​អឺរ៉ុប ដើម្បី​សុំ​ការយោគយល់​លើ​ការអនុវត្ត​ដក​EBA ពី​កម្ពុជា​ឡើយ ដោយ​អនុវត្តតាម​ប្រសាសន៍​របស់​សម្ដេចនាយក​រដ្ឋ​ម​ន្រី្ត ហ៊ុន សែន ដែល​បានបញ្ជាក់​ជំហរ​ច្បាស់​ថា កម្ពុជា​មិន​យក​អធិបតេយ្យភាព ទៅ​ដូរ​នឹង​EBA​ទេ​។ 
 
​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​លោក ស៊ា​ង ថៃ បាន​បន្ថែមថា បើ​អត់​EBA ក៏​កម្ពុ​ជាមាន​ទីផ្សារ​ពាណិជ្ជ​កម្ម​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងទៀត​ដែរ សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​។ « កម្ពុជា​បាន​ត្រៀម​រួចហើយ ដោយបាន​ខិតខំ​រក​ទីផ្សារ​ពាណិជ្ជកម្ម FTA (​ពាណិជ្ជកម្ម​សេរី​) ជាមួយ​ប្រទេស​ផ្សេង ដូច​ចិន​អាច​នឹង​ដំណើរការ​ចុងឆ្នាំ​នេះ ហើយ​មាន​កូរ៉េ អឺរ៉ុប​ខាងកើត រួមទាំង​គ្រោង​ធ្វើជា អង់គ្លេស អាមេរិក ជប៉ុន និង​ឥណ្ឌា​ជាដើម​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ស៊ា​ង ថៃ​។​
 
​មកដល់ពេលនេះ មិនទាន់​ឃើញ​មាន​ការជួយ​គាំទ្រ​ណាមួយ​ពី​រដ្ឋាភិបាល​កម្ពុជា និង​អន្តរជាតិ មកលើ​ការអំពាវនាវ​របស់​ភា​គី​រោងចក្រ​ឡើយ​ទេ ក្រៅពី​ការអន្តរាគមន៍​របស់​រដ្ឋាភិបាល ដែល​ផ្ដល់ប្រាក់​៤០​ដុល្លារ និង ប្រាក់​៣០​ដុល្លារ​ទៀត ពី​និយោជក សម្រាប់​កម្មករ​ដែល​គ្មាន​ការងារ​ធ្វើ ក្រោយ​រោងចក្រ​ព្យួរ​។ នេះ​បើតាម​លិខិត​របស់​សមាគម​ទាំង​៣ ផ្ញើ​ទៅកាន់​លោក Bernd Lange ប្រធាន​គណៈកម្មាធិការ​សភាពាណិជ្ជកម្ម​អឺរ៉ុប​។​
 
​សូម​រម្លឹកថា គណៈកម្មការ​អឺរ៉ុប បានសម្រេច​ដក EBA ២០​ភាគរយ ពី​កម្ពុជា កាលពីដើម​ខែកុម្ភៈ ឆ្នាំ​២០២០​។ បើ​គ្មាន​ការប្រែប្រួល​នោះទេ សល់​តែ​ជាង​២​ខែ​ទៀត​ប៉ុណ្ណោះ គឺ​នៅ​ខែសីហា ឆ្នាំ​២០២០ សេចក្តីសម្រេច​នេះ នឹង​ចូល​ជា​ធរមាន​។ វា មានន័យថា ចាប់ពី​ខែសីហា ឆ្នាំ​២០២០​ទៅ កម្ពុជា ត្រូវ​បង់ពន្ធ លើ​មុខទំនិញ​២០​ភាគរយ ពេល​នាំ​ចូលទៅ​ទីផ្សារ​អឺរ៉ុប​៕
 

Tag:
 កម្មករ​
  EBA
  GMAC
  CFA
  EUROCHAM
© រក្សាសិទ្ធិដោយ thmeythmey.com