កីឡាអន្តរជាតិ
អន្តរជាតិ
Man City សម្រេច​លក់ Sane ឲ្យ Bayern Munich ក្នុងតម្លៃ​ជាង​៦៧​លាន​ដុល្លារ​
01, Jul 2020 , 10:29 pm        
រូបភាព
Manchester City បាន​យល់ព្រម​លក់​ខ្សែបម្រើ​ស្លាប Leroy Sane ទៅ​ឲ្យ​ក្លិប Bayern Munich ហើយ​ក្នុង​កិច្ចព្រមព្រៀង​ផ្ទេរ​តម្លៃ ៥៤,៨ លាន​ផោន (៦៧,៨៦​លាន​ដុល្លារ​អាមេរិក​)​។ ការសម្រេច​លក់​ខ្សែបម្រើ​ដ៏​មាន​ទេពកោសល្យ​នេះ ដោយសារ Sane បដិសេធ​បន្ត​កិច្ចសន្យា​ថ្មី​បន្ថែម​លើ​កិច្ចសន្យា​ដែល​នៅសល់​។


​កីឡាករ​អន្តរជាតិ​អាល្លឺម៉ង់​រូបនេះ​នឹងចូលរួម​ជាមួយ​ម្ចាស់​ជើងឯក Bundesliga ក្នុងតម្លៃ​ដំបូង​ប្រហែល ៤៤,៧ លាន​ផោន (៥៥,៣៥ លាន​ដុល្លារ​) និង​បន្ថែម​នៅពេល​ក្រោយ​ជាង​១០​លា​ដុល្លារ​ថែមទៀត​នៅពេល​បន្ទាប់​។​
 
​នៅ​អាយុ ២៤ ឆ្នាំ Sane បាន​ចូលរួម​ជាមួយ​ក្រុម​រហ​ស្សនាម​មេឃ​ខៀវ ពី​ក្រុម​នៃ​លី​គ​កំពូល​អាល្លឺម៉ង់ Schalke កាលពី​ឆ្នាំ ២០១៦ ក្នុងតម្លៃ ៣៧ លាន​ផោន (៤៥,៨២​លាន​ដុល្លារ​)​។ រយៈពេល​៤​រដូវ​កាល​មកនេះ Sane បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការជួយ​ក្រុម​របស់លោក Pep Guardiola ឈ្នះ​ជើងឯក Premier League ចំនួន​២​លើក (២០១៧-១៨ និង ២០១៨-១៩)​។ ចាប់តាំងពី​ទៅដល់​ទឹកដី Etihad កីឡាករ Sane បង្ហាញខ្លួន​១៩២​ប្រកួត និង​រក​គ្រាប់​ស៊ុត​បញ្ចូល​ទី​ឲ្យ Man City ចំនួន​៥២​គ្រាប់​។​


 
​យ៉ាងណាក៏ដោយ ក្នុង​រដូវ​កាល​ចុងក្រោយ​នេះ Sane បង្ហាញខ្លួន​តិចតួច​ប៉ុណ្ណោះ​សម្រាប់​ក្រុម ដ្បិត​រូបគេ​រងរបួស​ដល់​ទៅ​ពីរលើក ខណៈ Man City ក៏​មិនអាច​ការពារ​តំណែង​ជើងឯក​លី​គ​កំពូល​អង់គ្លេស​រដូវ​កាល ២០១៩-២០ នេះដែរ ដោយ Liverpool បាន​ដណ្តើម​យកពាន​នេះ​ទៅហើយ ទាំង​នៅសល់​៧​ប្រកួត​ទៀត​។ 
 
​ជុំវិញ​ការសម្រេចចិត្ត​លក់​ខ្សែបម្រើ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ អ្នកចាត់ការ​ក្រុម​លោក Guardiola បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​សប្តាហ៍​មុន​ថា Sane ដែល​កិច្ចសន្យា​បច្ចុប្បន្ន​នឹង​ផុតកំណត់​នៅ​ចុងរដូវ​កាល​ក្រោយ បាន​បដិសេធ​សំណើ​បន្ត​កិច្ចសន្យា​ថ្មី ជាពិសេស​រូបគេ​ចង់​ចាក​ចេញពី Man City តែម្តង​។​
 
​បើតាម​ការផ្សាយ​របស់ BBC អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អេ​ស្ប៉ា​ញ​មិន​ចង់​ឲ្យ Sane ចាកចេញ​ឡើយ បើ​ទោះ Man City ដឹងថា Bayern Munich ហ៊ាន​ផ្តល់ប្រាក់​ឈ្នួល​ប្រចាំឆ្នាំ​សម្រាប់​រូបគេ​ដល់​ទៅ ២០ លាន​ផោន (២៤,៧៧​លាន​ដុល្លារ​អាមេរិក​) ក្នុង​មួយឆ្នាំ​ក៏ដោយ​។ នេះ​មានន័យថា Man City នឹង​បន្ថែម​ប្រាក់​ឈ្នួល​ដូចគ្នា​ប្រសិនបើ Sane ព្រម​បន្ត​។​
 
Sane នឹងធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អាល្លឺម៉ង់​ក្នុង​រយៈពេល ២៤ ម៉ោង​បន្ទាប់ ដើម្បី​បញ្ចប់​ការផ្ទេរ​នេះ​។ ដោយឡែក ទោះបី​រូបគេ​មិនអាច​លេង​ឲ្យ Bayern Munich ក្នុង​ក្របខណ្ឌ Champions League រដូវ​កាល​នេះ​ក៏ដោយ ប៉ុន្តែ​មានការ​លើកឡើងថា រូបគេ​នឹងមិន​វិលត្រឡប់​ទៅ Man City វិញ​ដែរ ក្នុងការ​បង្ហាញខ្លួន​លើកចុងក្រោយ​សម្រាប់​ក្លិប​នៅ​អង់គ្លេស​មួយ​នេះ​៕

Tag:
 Manchester City
  Leroy Sane
  Bayern Munich
© រក្សាសិទ្ធិដោយ thmeythmey.com