ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
Ngalani សន្យា​ផ្ដល់​ការប្រកួត​ជក់ចិត្ត​បំផុត​ពេល​ជួប Belfort
02, Jul 2020 , 12:29 am        
រូបភាព
អត្ថបទ​៖ ស៊ី​ធី​
 
​ជើង​ខ្លាំង Alain Ngalani រហ្សនាម «The Panther» សន្យាថា​នឹង​ផ្ដល់​ភាព​ជក់ចិត្ត​ដិតអារម្មណ៍​ដល់​ទស្សនិកជន​ពេល​តទល់​ជាមួយ Vitor Belfort ឬ​ហៅថា «The Phenom» នៅ​សង្វៀន ONE Championship ដែល​ដំណើរការ​កម្មវិធី​ប្រកួត​នៅ​ឆ្នាំ ២០២០ នេះ​។


 
​នេះ​ជា​គូប្រកួត​ដ៏​ធំ​មួយ​រវាង​កីឡាករ​ជំនាញ​ប្រយុទ្ធ​ទាំងពីរ ដែល​មនុស្ស​ជាច្រើន​បាន​ជជែក​វែកញែក​ជារឿយៗ​យ៉ាងយូរ​មក ហើយ​វា​នឹង​ក្លាយជា​ការប្រកួត​មួយ​ក្នុង​ឆ្នាំ​២០២០​នេះ​។ កីឡាករ​មកពី​ហុងកុង​ដឹង​តម្រុយ​តិចតួច​អំពី​ការផ្គូផ្គង​នេះ ប៉ុន្តែ ព័ត៌មាន​ត្រូវបាន​បើកចំហ​ទៅហើយ​។ យ៉ាងណាក្ដី កីឡាករ​ដដែល​នេះ​ក៏​បង្ហាញ​ក្ដីរំភើប​ដែល​គ្រោង​តតាំង​នឹង​តារា​គុន​ចម្រុះ​ខាងលើ​។ 
 
Ngalani សារភាពថា ៖«​នេះ​ជាការ​ប្រកួត​ដែល​ត្រូវបាន​គេ​ផ្គូផ្គង​នាពេលនេះ​។ ហើយ​ខ្ញុំ​ក៏បាន​ផ្ដោតលើ​រឿង​ច្រើន​ដែរ និង បំភ្លេច​រឿង​ផ្សេងៗ​ចោល​។ ខ្ញុំ​បន់​ឲ្យ​តែ​ការប្រកួត​ចាប់ផ្ដើម​។ Vitor ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់ និង​ឈ្នះ​ជើងឯក​នៅក្នុង​អាជីព​របស់គេ​។ គេ​ក៏បាន​រួមចំណែក​ឲ្យ​ខ្ញុំ​ត្រលប់មក​សង្វៀន​វិញ​ដែរ​។ ការប្រកួត​ប៉ះ​ជើង​ខ្លាំង​បែបនេះ នឹងធ្វើ​ឲ្យ​ខ្ញុំ​កាន់តែ​រឹងមាំ​។ ខ្ញុំ​ស្រលាញ់​ការប្រកួត​នេះ​»​។ 
 
Belfort គឺជា​វីរបុរស​ម្នាក់​ក្នុងចំណោម​ជើង​ខ្លាំង​គុន​ចម្រុះ​ជាច្រើន​។ គេ​បាន​ត្រួសត្រាយ​គុន​ចម្រុះ​តាំងពី​ទសវត្សរ៍ ឆ្នាំ ៩០ មក​ដែល​ស្ថិតនៅ​កម្រិត​កំពូល​មួយ​ឯ​អាមេរិក​ខាងជើង មុនពេល​ចូលនិវត្តន៍​ឆ្នាំ ២០១៨​។ 
 
​បែបណាក៏ដោយ ក្ដី​ស្រលាញ់​របស់ ONE ចំពោះ​ក្បាច់គុន​បាន​នាំ​កីឡាករ​ប្រេ​ស៊ី​ល​ត្រលប់​មកវិញ ហើយ “The Panther” ពិតជា​អន្ទះសា​ចង់​ជួប​កីឡាករ​អស្ចារ្យ​ម្នាក់នេះ​ណាស់​។ 
Ngalani បញ្ចេញ​ទស្សនៈ​ទៀតថា ៖«​ខ្ញុំ​មាន​សេចក្ដី​គោរព​ដល់ Vitor យ៉ាងច្រើន​លើសលប់​។ គេ​បានធ្វើ​ការងារ​ដ៏​ធំធេង​នៅក្នុង​ជីវិត​របស់គេ​។ គ្រប់​កីឡាករ​ទាំងអស់​បានកា​រ​ចងចាំ​ក្នុង​អាជីព​។ យើង​មានជ័យ​ជម្នះ ឬ ជួប​រឿង​អវិជ្ជមាន​មួយចំនួន ហើយ​ខ្ញុំ​នៅតែ​ផ្ដល់​ការគោរព​សម្រាប់ Vitor ដែល​បានឃើញ​គាត់​នៅមាន​សកម្មភាព​ប្រកួត មិនទាន់​បោះបង់​»​។ 
 
Ngalani សង្កត់ធ្ងន់​ទៀតថា ៖«Vitor នៅតែ​រឹងមាំ និង ជា​គំរូ​ល្អ​បំផុត​មួយ​សម្រាប់​មនុស្ស​ទូទៅ​»​។ 
 
 
 
​ការប្រយុទ្ធ​នៅលើ​សង្វៀន​ទ​របស់​ជើង​ខ្លាំង​ទាំង​ពីររូប​នឹងធ្វើ​ឲ្យ​ការបង្ហាញ​ខ្លួន​ដំបូង​របស់ “The Phenom” នៅ​សង្វៀន ONE Championship កាន់តែ​ទទួលបាន​ការគាំទ្រ​។ 
​គួរ​ដឹងថា Ngalani គឺជា​ជើងឯក kickboxing និង Muay Thai World Champion ចំនួន​៤​សម័យកាល ហើយ​គេ​ក៏មាន​មោទកភាព​ចំពោះ​ការបង្ហាញ​ខ្លួន​ដ៏​ល្អ​កន្លងមក​នៅ​សង្វៀន The Home Of Martial Arts(ONE) ផងដែរ​។ 


 
“The Panther” បានបញ្ចប់ Mahmoud Hassan ជាមួយនឹង​ការ​ទាត់​ពេល​បង្ហាញខ្លួន​ដំបូង​នៅ​កម្មវិធី  ONE: CHAMPIONS & WARRIORS កាល​ខែកញ្ញា ឆ្នាំ ២០១៣​។ គេ​ក៏បាន​បង្កើត​កំណត់ត្រា​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​លឿន​បំផុត​លើ​ប្រភេទ​ទម្ងន់ heavyweight  ក្នុង​ប្រវត្តិសាស្ត្រ​របស់ ONE បន្ទាប់ពី​ផ្ដួល Hideki “Shrek” Sekine ត្រឹម ១១ វិនាទី​នៅ​កម្មវិធី  ONE: TOTAL VICTORY កាល​ខែកញ្ញា ឆ្នាំ ២០១៧​។ បែបណា​ក្ដី Belfort ក៏មាន​ថាមពល​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​ដ៏​មហាសាល ខណៈដែល Ngalani ក៏បាន​ដឹង​អំពី​ជំនាញ​នេះដែរ​។ ដូច្នេះ​ពេល​ជួបគ្នា​ខាងមុខ ពួកគេ​នឹង​ប្រកួត​ឲ្យ​ល្អ​បំផុត​។ 
 
​កីឡាករ​មកពី​ហុងកុង​បង្ហាញ​ភាព​ជឿជាក់ថា ៖«​វា​នឹង​ក្លាយជា​ការប្រកួត​ដ៏​កក្រើក​មួយ​។ ខ្ញុំ​គិតថា​អ្នកគាំទ្រ​ច្បាស់​ជា​ស្រលាញ់​ការប្រកួត​នេះ​មិន​ខាន​។ វា​នឹង​ក្លាយជា​ការចងចាំ​ដ៏​មានន័យ​នៅ​សង្វៀន ONE Championship និង ប្រកួត​ល្អមើល​បំផុត​មិន​ខាន​»​។ 
 
​ខណៈដែល “The Phenom” ចង់បាន​កេរ្តិ៍ឈ្មោះ​សម្រាប់​ការប្រកួត “The Panther” ក៏បាន​សម្លឹង​មើលទៅរ​ក​ជ័យជម្នះ​ដែរ​។ 


 
Ngalani បង្ហាញ​ការតាំង​ចិត្ត​បែបនេះ​៖«​ខ្ញុំ​ផ្ដោតលើ​ការធ្វើ​ដ៏​អស្ចារ្យ​។ ខ្ញុំ​អាច​បង្ហាញ​ការប្រកួត​របស់ខ្ញុំ​ឲ្យ​អស្ចារ្យ និង ល្អមើល​ជក់ចិត្ត​សម្រាប់​អ្នកគាំទ្រ​។ ព្រោះថា​ខ្ញុំ​ផ្ដោតអារម្មណ៍​យ៉ាងខ្លាំង​នាពេលនេះ​។ វា​ជាការ​ប្រយុទ្ធ​ដ៏​រំភើប​មួយពេល​តតាំង​ទៅវិញទៅមក​ជាមួយ Vitor»៕

© រក្សាសិទ្ធិដោយ thmeythmey.com