កីឡាជាតិ
ជាតិ
កីឡាករ​ដែល​គ្រោង​បញ្ជូន​ឲ្យ​ចូលរួម​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ទទួលបាន​កៅអី​ជម្រើសជាតិ​ដោយ​ស្វ័យប្រវត្តិ​
02, Jul 2020 , 7:59 am        
រូបភាព
លោក យី វាសនា (ជិះរទេះទី៣រាប់ពីស្តាំ)ថតជុំគ្នាជាមួយអត្តពលិកក្រោយកិច្ចប្រជុំនៅមជ្ឈមណ្ឌលជាតិជនពិការតេជោសែន
លោក យី វាសនា (ជិះរទេះទី៣រាប់ពីស្តាំ)ថតជុំគ្នាជាមួយអត្តពលិកក្រោយកិច្ចប្រជុំនៅមជ្ឈមណ្ឌលជាតិជនពិការតេជោសែន
ដោយ:
គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​(NPCC) សម្រេច​ជ្រើស​រើសយក​កីឡាករ ដែល​គ្រោង​បញ្ជូន​ឲ្យ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នៅ​ហ្វីលីពីន ដាក់​ឲ្យ​ប្រមូលផ្តុំ​ហ្វឹកហាត់​ក្រុម​ជម្រើសជាតិ​សម្រាប់​ឆ្នាំ​២០២០​។ ការសម្រេច​បែបនេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២០ ដែលមាន​ការចូលរួម​ពី​អត្ត​ព​លិ​ក គ្រូបង្វឹក និង​ថ្នាក់ដឹកនាំ NPCC​។​

 
​លោក យី វាសនា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា បានសម្រេច​មិន​រៀបចំ​ការប្រកួត ដើម្បី​ចម្រាញ់រ​កជើង​ខ្លាំង​សម្រាប់​ប្រមូលផ្តុំ​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ​ឡើយ​នៅ​ឆ្នាំនេះ​។ ការសម្រេច​មិន​រៀបចំ​ការប្រកួត​ជ្រើសរើស​កីឡាករ​ជម្រើសជាតិ ព្រោះ លោក ចង់​ផ្តល់​កៅអី​ដល់​កីឡាករ ដែល​ខកខាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១០​នៅ​ប្រទេស​ហ្វីលីពីន ដែល​បាន​លុប​ចោ​ក​កាលពីពេល​ថ្មីៗ​។ 
 
​ក្នុងន័យនេះ​ក្រុម​កីឡាករ​កីឡាការិនី​តាម​ប្រភេទ​កីឡា​នីមួយៗ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​ឧទ្ទេសនាម​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​សម្រាប់​ព្រឹត្តិការណ៍ ASEAN Para Games នៅ​ហ្វីលីពីន​នឹង​ទទួលបាន​កៅអី​ប្រមូលផ្តុំ​ជម្រើសជាតិ​ដោយ​ស្វ័យប្រវត្តិ​នៅ​ឆ្នាំ​២០២០​នេះ​។ ការសម្រេច​បែបនេះ ដោយសារ លោក យល់ថា កីឡាករ​ទាំងនោះ​សុទ្ធសឹង​មាន​សមត្ថភាព​ខ្ពស់​ស្រាប់ ហើយ​បាន​ហ្វឹកហាត់​ជាប់លាប់​រហូតមក​តាំងពី​មានឈ្មោះ​ចូលរួម​ព្រឹត្តិការណ៍​ខាងលើ​។ 
 
«​នៅក្នុង​ឆ្នាំនេះ ប៉ា​រ៉ា​ឡាំ​ពិ​ក មិនបាន​ប្រកួត​ជ្រើសរើស​កីឡាករ ដើម្បី​ប្រមូលផ្តុំ​ជម្រើសជាតិ​នោះទេ​។ កាលពី​អំឡុង​ខែមករា​យើង​បានធ្វើ​សេចក្តីជូនដំណឹង​មួយ​ជូន​ដល់​បងប្អូន​អត្ត​ព​លិ​ក ថា​យើង​នឹង​យក​ជម្រើសជាតិ​ឆ្នាំ​២០១៩ ដែល​បាន​ជាប់​ទៅ​ហ្វីលីពីន​(​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​)​ឲ្យ​ធ្វើជា​ជម្រើសជាតិ​ឆ្នាំនេះ ដោយ​ស្វ័យប្រវត្តិ​»​។ លោក យី វាសនា លើកឡើង​ដូច្នេះ ហើយ​បាន​បន្ថែមថា ចំនួន​នេះ​មិនទាន់​អាចឆ្លើយតប​នឹង​តម្រូវ​ការដែល PNCC ចង់បាន​នៅឡើយ​ទេ​។ 
 
​ពាក់ព័ន្ធ​បញ្ហា​នេះ លោក យី វាសនា ជំរុញ​ឲ្យ​គណៈកម្មការ​ជំនាញ​ស្វែងរក​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​បន្ថែម តាមរយៈ​ការធ្វើ​តេស្ត​កីឡាករ​ជម្រើសជាតិ​ឆ្នាំ​២០១៩ ដែល​គ្មាន​ឈ្មោះ​ទៅ​ចូលរួម​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នៅ​ហ្វីលីពីន​និង​កីឡាករ​ដែលជា​ប់​ជម្រើសជាតិ​នៅ​ឆ្នាំ​២០១៨​។ នៅ​ឆ្នាំនេះ​មិន​ខុសពី​ឆ្នាំមុន​នោះទេ PNCC នឹង​ប្រមូលផ្តុំ​ក្រុម​ជម្រើសជាតិ​លើ​១០​ប្រភេទ​កីឡា ដែលមាន​កីឡាករ​កីឡាការិនី​សរុប​ចន្លោះ​ពី​១២៥​នាក់​ទៅ​១៣០​នាក់​។  
 
​ជាមួយគ្នានេះ លោក ក៏បាន​បង្ហាញ​ពី​គម្រោង​បង្កើត​សហព័ន្ធ​កីឡា​ជាតិ​បន្ថែម​មួយចំនួនទៀត​ផងដែរ ដើម្បី​ឆ្លើយតប​នឹង​ចំនួន ដែល​ប្រទេស​ក្នុង​តំបន់​អាស៊ាន​បានដាក់​ឲ្យ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ ASEAN Para Games កន្លងមក​។ ជាក់ស្តែង​ក្នុងការ​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នៅ​ម៉ាឡេស៊ី​ឆ្នាំ​២០១៧ និង​នៅ​ហ្វីលីពីន​ដែល​បាន​លុបចោល ពួកគេ​បាន និង​គ្រោង​ដាក់​ប្រភេទ​កីឡា​ចន្លោះ​ពី​១៥​ទៅ​១៦​ប្រភេទ​។ 
 
​បើតាម​លោក យី វាសនា យ៉ាងហោច​កម្ពុជា​ត្រូវបង្កើត​កីឡា​ចំនួន​៨​ប្រភេទ​បន្ថែ​នៅពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ ប៉ុន្តែ​គម្រោង​នេះ អាច​ដំណើរការ​ទៅបាន វា​អាស្រ័យ​មាន​ការជួយជ្រោមជ្រែង​ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​។ អ្វីដែល​ពិសេស គឺ​ធនធាន​កីឡាករ សម្ភារ និង​ហេដ្ឋារចនាសម្ព័ន្ធ​។​
 
​ការឆ្លង​រីក​រាលដាល​ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩​បាន​ជះឥទ្ធិពល​មិនល្អ​តិចតួច​ផងដែរ ដល់​ការអភិវឌ្ឍ​វិស័យ​កីឡា​ជនពិការ​កម្ពុជា​ក្នុង​ដំណើរ​ឆ្ពោះទៅ​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១១​នៅ​ប្រទេស​វៀតណាម​នា​ឆ្នាំ​២០២១​។ តែ​យ៉ាងណា លោក យី វាសនា រំពឹងថា កម្ពុជា​នឹង​ទទួលបាន​លទ្ធផល​ល្អ​ពី​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ ២០២៣​។ 
 
​ម្ចាស់ផ្ទះ​ហ្វីលីពីន​បានសម្រេច​លុបចោល​ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១០​ដោយសារ​បារម្ភ​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្រោយ​លើក​ពេល​ប្រកួត​ជា​បន្តបន្ទាប់​៕  
 
   

Tag:
 យី វាសនា​
  NPCC
  ASEAN Para Games
© រក្សាសិទ្ធិដោយ thmeythmey.com