COVID-19
ជាតិ
សង្គមជាតិ
របាយការណ៍៖ អ្នកក្រនៅភ្នំពេញ នៅតែរងការបណ្តេញចេញ ខណៈកំពុងលំបាកនឹងជំងឺកូវីដ
01, Jul 2020 , 6:40 pm        
រូបភាព
សកម្មភាពអាជ្ញាធរខណ្ឌព្រែកព្នៅ ចុះទៅរុះរើសំណង់រោងប្រជាពលរដ្ឋ ដែលសាងសង់នៅលើទំនប់ក្នុងបឹងតាមោក កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ (រូបពីសមាគធាងត្នោត)
សកម្មភាពអាជ្ញាធរខណ្ឌព្រែកព្នៅ ចុះទៅរុះរើសំណង់រោងប្រជាពលរដ្ឋ ដែលសាងសង់នៅលើទំនប់ក្នុងបឹងតាមោក កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ (រូបពីសមាគធាងត្នោត)
រយៈពេល៣ខែចុងក្រោយនេះ ពលរដ្ឋក្រីក្រមិនតិចជាង១០០គ្រួសារឡើយ នៅតាមសហគមន៍ផ្សេងៗ ក្នុងរាជធានីភ្នំពេញ ត្រូវបណ្តេញចេញពីលំនៅឋាន ខណៈពួកគាត់ កំពុងស្ថិតក្នុងស្ថានភាពលំបាកផ្នែកសេដ្ឋកិច្ច និងស្ថិតក្នុងភាពងាយរងគ្រោះបំផុត ដែលបង្កឡើងដោយការរាលដាលនៃជំងឺកូវីដ-១៩។ នេះបើតាមរបាយការណ៍របស់សមាគមធាងត្នោត ដែលចេញនៅចុងខែមិថុនា ឆ្នាំ២០២០។



បើមើលរបាយការណ៍របស់សមាគមធាងត្នោត ហេតុផលចម្បង គឺដោសារតែពលរដ្ឋទាំងនោះ ទៅរស់លើដី ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ទើបបានជាពួកគាត់ ត្រូវបណ្តេញចេញ។ សមាគមធាងត្នោត បានរកឃើញថា ដំណើការនៃការបណ្តេញចេញ ភាគច្រើន គឺមិនត្រូវបានអនុវត្តស្របតាមគោលការណ៍ណែនាំនិងបទដ្ឋានសិទ្ធិមនុស្សនោះទេ។ សមាគមធាងត្នោត បន្តថា មានករណីជាច្រើន អាជ្ញាធរពុំបានជូនដំណឹងឲ្យសមហេតុផលដល់សហគមន៍ ដែលពលរដ្ឋរស់នៅឡើយ មុននឹងបណ្តេញពួកគាត់ចេញ។

សមាគមធាងត្នោត បានឲ្យដឹងថា មានសហគមន៍ផ្សេងជាច្រើនទៀត ត្រូវបានគេកំណត់គោលដៅដោយប្រើអំពើហិង្សា ឬការបំភិតបំភ័យ ទាំងមុនពេល និងទាំងក្នុងអំឡុងពេលនៃការបណ្តេញចេញ។ សមាគមធាងត្នោត បានសម្ភាសពលរដ្ឋរងគ្រោះមួយចំនួន ហើយបានចម្លើយថា ពួកគាត់ ចង់ទទួលបានការពិគ្រោះយោបល់ជាមួយអាជ្ញាធរមូលដ្ឋាន មុនពេលពួកគាត់ ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែង។

បើតាមសមាគមធាងត្នោត មានក្រុមគ្រួសាររងគ្រោះជាច្រើន បង្ហាញការខកចិត្តយ៉ាងខ្លាំង ព្រោះតែត្រូវបណ្តេញចេញ ហើយទីតាំងដែលពួកគាត់រស់នៅ ត្រូវបានជួលទៅឲ្យក្រុមហ៊ុនឯកជនទៅវិញ។

សមាគមធាងត្នោត សរសេរក្នុងរបាយការណ៍ដូច្នេះថា៖«ការបណ្តេញចេញ ដែលកើតមានឡើងជាបន្តបន្ទាប់ក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩នេះ គឺកំពុងតែបង្ហាញឲ្យឃើញថា រាជរដ្ឋាភិបាល កំពុងបន្តបណ្តេញគ្រួសារក្រីក្រជាច្រើន  ដែលផ្ទុយទៅនឹងបទដ្ឋានសិទ្ធិមនុស្ស និងផ្ទុយទៅនឹងការស្នើសុំរបស់ប្រជាពលរដ្ឋក្រីក្រនៅក្នុងទីក្រុង និងសហគមន៍ក្រីក្រនៅតាមទីជនបទ»។

សារព័ត៌មានថ្មីៗ ព្យាយាមទាក់ទងទៅលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ និង លោក សេង ឡូត អ្នកនាំពាក្យក្រសួងដែនដី ពីរ-បីដងដែរ ដើម្បីសុំឲ្យឆ្លើយតបនឹងរបាយការណ៍របស់សមាគមធាងត្នោត តែលោកទាំងពីរ មិនបានលើកទូរសព័្ទឡើយ។

ក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២០ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងថា ប្រមុខរដ្ឋាភិបាល ជាអ្នករំដោះប្រជាជនពីរបបខ្មែរក្រម ដូច្នេះ គ្មានហេតុផលណា ដែលប្រមុខរដ្ឋាភិបាល ត្រូវយកពួកគាត់  ឲ្យមករស់នៅក្នុងភាពក្រីក្រឡើយ។ លោក លើកពីចំណុចល្អរបស់ប្រមុខរដ្ឋាភិបាលថា តែងមានក្តីសន្តោសចំពោះពលរដ្ឋក្រីក្រ តាមរយៈការផ្តល់ដីធ្លី។

លោក ក៏បានរំលេចពីការប្រឹងប្រែងរបស់អាជ្ញាធរ ក្នុងការដោះស្រាយទំនាស់ដីធ្លីជូនពលរដ្ឋដែរ ដូចជា នៅបុរីកីឡានិងនៅបឹងកក់ជាដើម។ លោក បន្ថែមថា រាល់ការដោះស្រាយលើទំនាស់ដីធ្លី គឺត្រូវធ្វើតាមច្បាប់និងសិទ្ធិលំនៅឋាន។ លោក មានប្រសាសន៍ថា៖«បើ គាត់អត់ផ្ទះនៅពិតប្រាកដ ត្រូវរកទីតាំងណាមួយឲ្យរស់នៅ តូចឬធំ ត្រូវមានជម្រក...»។

ជាមួយគ្នានេះ លោកអភិបាលរាជធានីភ្នំពេញ អះអាងថា ទំនាស់ដីធ្លីទាំងអស់ គឺស្រួលដោះស្រាយណាស់ បើគ្មានអ្នកនយោបាយ លូកដៃ ឬក៏អុជអាល ដើម្បីកេងចំណេញនយោបាយ។

នៅក្នុងរបាយការណ៍របស់ខ្លួន សមាគមធាងត្នោត បានបង្ហាញករណីជាក់ស្តែងមួយចំនួន ពាក់ព័ន្ធនឹងការបណ្តេញពលរដ្ឋក្រីក្រចេញពីលំនៅឋាន។

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ អាជ្ញាធរ បានយកគ្រឿងចក្រ ទៅឈូសឆាយលំនៅឋានរបស់ប្រជាពលរដ្ឋនៅសហគមន៍បឹងឈូកអេ។ ទោះបីជាសមាជិកសហគមន៍បឹងឈូកអេ ខិតខំស្វែងរកការពិគ្រោះយោបល់យ៉ាងណាក៏ដោយ ក៏មាន១៣គ្រួសារ ពុំមានការពិគ្រោះយោបល់រវាងអាជ្ញាធរ និងសហគមន៍ដែរ មុនពេលគ្រឿងចក្រ ទៅដល់។

សមាជិកសហគមន៍បឹងឈូកអេ ទទួលបានការជូនដំណឹងពីការបណ្តេញចេញ ត្រឹមតែរយៈពេល១៥ថ្ងៃប៉ុណ្ណោះ។ ការទុកពេលឲ្យ១៥ថ្ងៃនេះ គឺជារយៈពេលខ្លីជាងគោលការណ៍ណែនាំ ស្តីពីការបណ្តេញចេញ ដែលតម្រូវឲ្យជូនដំណឹងឬទុកពេលរយៈពេល៩០ថ្ងៃ។

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ប្រជាពលរដ្ឋប្រមាណ១០០គ្រួសារ ត្រូវបានបណ្តេញចេញដោយបង្ខំ ពីទីជម្រករបស់ពួកគេ នៅចំកណ្តាលបឹងតាមោក ដោយមន្រ្តីនគរបាល និងអាជ្ញាធរខណ្ឌព្រែកព្នៅ។ បន្ទាប់ពីទទួលបានលិខិតបណ្តេញចេញ នៅដើមឆ្នាំ២០១៩ អាជ្ញាធរបានទៅកម្ទេចទីជម្រករបស់ពួកគេទាំងព្រឹក ដោយមិនបានជូនដំណឹង ឬពិគ្រោះយោបល់ជាមុនឡើយ។

ប្រជាពលរដ្ឋជាជនរងគ្រោះ សារភាពថា ពួកគាត់ ទៅរស់នៅលើបឹងតាមោក ដោយពុំមានការអនុញ្ញាតត្រឹមត្រូវ ពីជ្ញាធរមូលដ្ឋាន តែពួកគាត់ ពុំមានកន្លែង ដែលអាចទៅបានទេ។ មានគ្រួសារភាគច្រើន បានផ្លាស់ទៅតំបន់នោះ ដើម្បីរកស៊ីដោយរបរនេសាទត្រី។

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ អាជ្ញាធរបានយកគ្រឿងចក្រ ទៅកន្លែងមួយនៅលើមាត់បឹងសំរោង ដែលមានប្រជាពលរដ្ឋរស់នៅ១៨គ្រួសារ។ គ្រួសារទាំងនោះ បានអះអាងថា ពួកគេបានកាន់កាប់ដីនេះតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ។ ចំណែក អាជ្ញាធរមូលដ្ឋាន បានអះអាងដែរថាគ្រួសារទាំងនោះកំពុងទាមទារដី ដែលជាទ្រព្យសម្បត្តិសាធារណរបស់រដ្ឋ ប៉ុន្តែ ពួកគាត់ មិនទាន់បានពិគ្រោះយោបល់ពីស្ថានភាពនេះនៅឡើយទេ។

សមាគមធាងត្នោត បញ្ជាក់ក្នុងរបាយការណ៍ថា ការបណ្តេញចេញខ្លះ មន្រ្តីនគរបាលបានគំរាមកំហែងដល់សមាជិកសហគមន៍ បើពួកគេមិនព្រមចាកចេញដោយខ្លួនឯង ហើយមន្រ្តីនគរបាល គំរាមទៀតថា នឹងមិនទទួលខុសត្រូវចំពោះការខូចខាតទ្រព្យសម្បត្តិរបស់ពលរដ្ឋឡើយ។

ផ្នែកតាមការស្រាវជ្រាវរបស់សមាគមធាងត្នោត ប្រហែលជា៧០ភាគរយនៃការបណ្តេញចេញ គឺស្ថិតក្រោមហេតុផលថា ប្រជាពលរដ្ឋ បានរស់នៅជាសហគមន៍ លើដីធ្លីជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដោយខុសច្បាប់។ ប៉ុន្តែ សមាគមធាងត្នោត សង្កេតឃើញថា ដីធ្លីជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលត្រូវបានបណ្តេញប្រជាពលរដ្ឋសហគមន៍ចេញនោះ បានអនុញ្ញាតឲ្យទៅក្រុមផ្សេងទៀតទៅវិញ មានដូចជា ក្រុមហ៊ុន និងវិស័យឯកជន ជាដើម ដើម្បីអភិវឌ្ឍ។ សមាគមធាងត្នោ យល់ថា ការធ្វើដូច្នេះ គឺបង្កើតភាពអយុត្តិធម៌ដល់សហគមន៍ក្រីក្រមួយចំនួនក្នុងរាជធានីភ្នំពេញ។

សមាគមធាងត្នោត វាយតម្លៃថា បទពិសោធនៃការបណ្តេញចេញជាច្រើននាពេលកន្លងមកតែងតែផ្តល់ផលអវិជ្ជមាន ហើយការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏បានបង្កឲ្យមានហានិភ័យកាន់តែធ្ងន់ធ្ងរឡើងចំពោះគ្រួសារ ដែលត្រូវបានបណ្តេញចេញទាំងនោះ។ គ្រួសាររងគ្រោះទាំងនោះ ប្រាប់សមាគមធាងត្នោតថា ការធ្លាក់ចុះប្រាក់ចំណូល និងការបាត់បង់ការងារដែលជាបញ្ហាចម្បងមួយ ដែលពួកគេកំពុងប្រឈមក្នុងអំឡុងនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

សមាគមធាងត្នោត សង្កត់ធ្ងន់ថា ការបណ្តេញចេញពីលំនៅឋាន បានធ្វើឲ្យគ្រួសារក្រីក្រ កាន់តែជួបបញ្ហាធ្ងន់ធ្ងរឡើង ហើយស្ថិតក្នុងស្ថានភាពអស់សង្ឃឹម។ សមាគមធាងត្នោ ស្នើឲ្យរដ្ឋាភិបាល ចាត់វិធានការបញ្ឈប់រាល់សកម្មភាពនៃការបណ្តេញចេញ ក្នុងអំឡុងពេលពិភពលោកកំពុងមានវិបត្តិ និងផ្តល់ការពិគ្រោះយោបល់ដល់ប្រជាសហគមន៍ក្នុងស្ថានភាពមានជំងឺកូវីដ-១៩នេះ។

សមាគមធាងត្នោត ចាត់ទុករបាយការណ៍ខ្លួន ថាបានផ្តល់អនុសាសន៍ដល់រដ្ឋាភិបាល ដើម្បីអនុវត្តការងារប្រកបដោយសមធម៌ លើច្បាប់ភូមិបាល ជាពិសេសទាក់ទងទៅនឹងដីសាធារណៈរបស់រដ្ឋ៕

Tag:
 COVID-19
  ដីធ្លី
  ការបណ្តេញចេញ
© រក្សាសិទ្ធិដោយ thmeythmey.com