ភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់ស្គាល់ម្ទេសខៀវ ប៉ុន្តែប្រហែលជាមិនចាប់អារម្មណ៍អំពីអត្ថប្រយោជន៍នៃការទទួលទានម្ទេសនេះចំពោះសុខភាពរាងកាយ និងសម្រស់ឡើយ! ម្ទេសខៀវអាចត្រូវយកមកចម្អិនបន្ថែមក្នុងអាហារផ្សេងៗ រួមទាំងទឹកជ្រលក់ផងដែរ។ បើទោះជាមិនចេះ ឬចូលចិត្តម្ទេសក៏ដោយ ក្រោយពីអានអត្ថបទនេះរួចអ្នកប្រាកដជាអាចនឹងផ្លាស់ចិត្តរៀនទទួលទានតិចៗដែរមិនខាន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍នៃការទទួលទានម្ទេសខៀវក្នុងកម្រិតសមល្មម ៖
១. ទប់ស្កាត់ជំងឺមហារីក
ម្ទេសខៀវ មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនប្រភេទ រួមទាំងសារធាតុ capsaicin ដែលអាចជួយការពាររាងកាយប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរីទប់ស្កាត់ជំងឺមហារីក។ សារធាតុប្រឆាំងអុកស៊ីតកម្មទាំងនោះក៏ជួយពន្យឺតដំណើរការនៃភាពចាស់តាមវ័យផងដែរ។
២. លើកកម្ពស់អារម្មណ៍ល្អប្រសើរ
អាហារហឹរដូចជាម្ទេសខៀវអាចជួយឱ្យអារម្មណ៍ល្អប្រសើរបានដោយវាបញ្ចេញអ័រម៉ូន endorphins ទៅក្នុងខួរក្បាល។ ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍ល្អក្រោយទទួលទានអាហារហឹរនោះវាមិនមែនជារឿងចៃដន្យឡើយ។
៣. បង្កើនការរំលាយអាហារ
ម្ទេសខៀវ ជាប្រភពដ៏ប្រសើរនៃជាតិសសៃ dietary fiber ជួយរក្សាចលនាប្រក្រតីនៃពោះវៀន រួមទាំងជួយក្នុងការសម្អាតពោះវៀនធំផងដែរ។ ជាតិសសៃមានប្រសិទ្ធិភាពខ្ពស់បំផុតក្នុងការទប់ស្កាត់អាការៈទល់លាមក។
៤. សុខភាពភ្នែក
ម្ទេសខៀវ ក៏មានផ្ទុកសម្បូរទៅដោយវីតាមីន A ជួយបង្កើនសុខភាពភ្នែកមើលឃើញបានកាន់តែច្បាស់ និងជៀសផុតពីជំងឺភ្នែកផ្សេងៗផងដែរ។
៥. ប្រភពដ៏ប្រសើរនៃជាតិដែក
ជាតិដែកជាសារធាតុចិញ្ចឹមចាំបាច់ជួយបង្កើនកម្រិតនៃអេម៉ូក្លូប៊ីនដែលដឹកនាំអុកស៊ីសែនទៅផ្គត់ផ្គង់រាល់គ្រប់កោសិការាងកាយ និងប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហមផងដែរ។
៦. ប្រភពដ៏ប្រសើរនៃជាតិរ៉ែចាំបាច់
ម្ទេសមានផ្ទុកសម្បូរទៅដោយជាតិរ៉ែចាំបាច់ជួយរក្សាសុខភាពរាងកាយគ្រប់គ្រងសម្ពាធឈាម និងចង្វាក់បេះដូង ដូចជា ម៉ាញ៉េស្យូម, ប៉ូតាស្យូម, ជាតិដែក និងម៉ង់កាណែស។
៧. សុខភាពស្បែក
ម្ទេសខៀវ មានផ្ទុកសម្បូរទៅដោយវីតាមីន E ជួយក្នុងការផលិតជាតិប្រេង ឬខ្លាញ់ធម្មជាតិនៃស្បែក។ ការទទួលទានអាហារមានរសជាតិហឹរអាចផ្ដល់ឱ្យអ្នកនូវស្បែកមានសុខភាពល្អបាន។
៨. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
ម្ទេសខៀវ ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលមានប្រសិទ្ធិភាពជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយទប់ស្កាត់ជំងឺផ្សេងៗ។
៩. ជួយឱ្យស្រកទម្ងន់
ការទទួលទានម្ទេសខៀវជួយដុតបំផ្លាញជាតិខ្លាញ់ដែលលើសក្នុងរាងកាយប្រកបដោយប្រសិទ្ធិភាព។ វាជួយក្នុងការសម្រកទម្ងន់ ដោយបង្កើនការដុតរំលាយអាហារក្នុងរាងកាយ។
១០. បន្ថយសីតុណ្ហភាពរាងកាយ
សារធាតុ Capsaicin ដែលមានផ្ទុកក្នុងម្ទេសខៀវអាចជួយបន្ថយសីតុណ្ហភាពរាងកាយបានយ៉ាងប្រសើរគួរឱ្យកត់សម្គាល់។
១១. ប្រឆាំងការរលាកក្នុងរាងកាយ
នេះក៏ព្រោះតែម្ទេសខៀវមានផ្ទុកសារធាតុ capsaicin ដែលប្រយុទ្ធប្រឆាំងការរលាកផ្សេងៗក្នុងរាងកាយជួយទប់ស្កាត់បញ្ហាឈឺសន្លាក់៕
ត្រួតពិនិត្យដោយ www.health.com.kh